ឆ្នេរសហគមន៍នេសាទ ទីទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ស្ថិតក្នុងខេត្តកោះកុង

ឆ្នេរសហគមន៍នេសាទ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ រូបភាពផ្ដល់ដោយ៖ ក្រុមអ្នកចូលចិត្តដើរព្រៃបោះតង់ CAT

08/04/2023 4:30 pm កោះកុង

ឆ្នេរសហគមន៍នេសាទ ជាផលិតផលទេសចរណ៍សហគមន៍ថ្មី ក្នុងខេត្តកោះកុង។ ឆ្នេរនេះ​ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានពលរដ្ឋប្រមាណជិត២ពាន់នាក់កំពុងរស់នៅ។ នៅទីនោះ ទេសចរអាច ជិះទូកកម្សាន្តតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច ដាំដើមកោងកាង បោះតង់ ចាក់ខ្យង ​ ស្ទូចត្រី ផ្ទះស្នាក់ និងអាហារសហគមន៍ផងដែរ។



ឆ្នេរសហគមន៍នេសាទ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ ឆ្នេរនេះ មានពលរដ្ឋប្រមាណ៤៣១គ្រួសារកំពុងរស់នៅ ដែលភាគច្រើនជាអ្នកនេសាទ។ 
ឆ្នេរសហគមន៍នេសាទ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ រូបភាពផ្ដល់ដោយ៖ ក្រុមអ្នកចូលចិត្តដើរព្រៃបោះតង់ CAT 

អ្នកស្រី នង លឹមហ៊ាង ​ប្រធានក្រុមផ្ទះស្នាក់ ក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ លើកឡើងថា សហគមន៍នេះបានចាប់ផ្ដើមផ្ដល់សេវាទេសចរណ៍នៅឆ្នាំ២០១៩ ដែលមានសេវាបើកទូកកម្សាន្តជូនភ្ញៀវទេសចរ,ដាំកូនកោងកាង,ផ្ទះស្នាក់,បោះតង់,ម្ហូបអាហារសហគមន៍,ស្ទូចត្រី,អូសមោង,ចាក់ខ្យង និងសកម្មភាពផ្សេងៗទៀតតាមតម្រូវការទេសចរ។

ក្រៅពីការកម្សាន្ត នៅទីនោះទេសចរអាចស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ ការនេសាទត្រី និងគយគន់សម្រស់ធម្មជាតិជាប់ឆ្នេរសមុទ្ទយ៉ាងស្រស់ត្រកាលផងដែរ។ អ្នកស្រី លឹមហ៊ាង​ បន្ថែមថា ឆ្នេរសហគមន៍នេសាទនេះ ពុំទាន់មានទេសចរស្គាល់ច្រើនឡើយ ដោយពុំទាន់មានការកែច្នៃឱ្យទៅជាតំបន់ទេសចរណ៍ទាំងស្រុងនោះឡើយ។ 



«សេវាអេកូទេសចរណ៍ហ្នឹងយើងមិនពឹងផ្អែកទាំងស្រុងឡើយ។ ប្រជាសហគមន៍ភាគច្រើនអាស្រ័យការនេសាទ និងដាំដំណាំ ហើយផលនេសាទហ្នឹងយកមកលក់ក្នុងភូមិ ឃុំវិញ។ យើងមិនពឹងលើទេសចរណ៍ទេ ដោយសារភ្ញៀវមានតិចដែរ ហើយឥឡូវយើងកំពុងពង្រីក និងកែច្នៃថែមទៀត»។ នេះជាការលើកឡើងរបស់អ្នកស្រី នង លឹមហ៊ាង ដែលបន្តថា បច្ចុប្បន្នសហគមន៍កំពុងរៀបចំផ្ទះស្នាក់ ទីតាំងកន្លែងកម្សាន្តក្នុងសហគមន៍សម្រាប់ភ្ញៀវទេសចរ។
សកម្មភាព ដាំកូនកោងកាង នៅឆ្នេរសហគមន៍នេសាទ ក្នុងព្រឹត្តការណ៍ជួបជុំលំហែឆ្នេរសមុទ្រ របស់ក្រុមអ្នកចូលចិត្តដើរព្រៃបោះតង់ CAT កាលពីថ្ងៃទី ១២-១២ មីនា។ រូបភាពផ្ដល់ដោយ ៖ CAT 

​ប្រធានក្រុមផ្ទះស្នាក់រូបនេះ អះអាងថា អំឡុងឆ្នាំ២០១៩ មានទេសចរទៅកម្សាន្តតិចតួចប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ២០២០ ក៏បានផ្អាកទទួលទេសចរដោយសារការរាលដាលជំងឺកូវីដ-១៩ រហូតមកដល់ដើមឆ្នាំ២០២៣នេះ ឆ្នេរសហគមន៍នេសាទ ឃុំជ្រោយស្វាយ មានទេសចរមកកម្សាន្តប្រមាណជិត២០០នាក់ប៉ុណ្ណោះ៕


ព័ត៌មានទាក់ទង