បាត់ដំបង ជាដង្ហើមចុងក្រោយនៃ «ណូរី»

04/04/2024 2:42 pm បាត់ដំបង

បាត់ដំបង៖ «ណូរី» ឬ «រទេះភ្លើងឫស្សី» ជាគំនិតកែច្នៃរបស់អ្នករស់នៅតាមបណ្ដោយផ្លូវដែក សម្រាប់ប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន។ បច្ចុប្បន្នខេត្តបាត់ដំបង ជាខេត្តចុងក្រោយនៃជីវិតណូរី ហើយវាកំពុងបម្រើក្នុងវិស័យទេសចរណ៍។ វិស័យទេសចរណ៍នេះ ក៏បានផ្ដល់ចំណូលដល់ពលរដ្ឋសហគមន៍ ដែលជាអ្នកដឹកភ្ញៀវដើរកម្សាន្តទៀតផង។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ 
 


គ្រែឫស្សី ផ្លាស់ទីលើផ្លូវដែក ដោយកង់ដែក និងម៉ាស៊ីន ព្រមទាំងរលាក់បន្តិច។ គ្រែឫស្សីនេះគេហៅថា «ណូរី» ខ្លះហៅ «នរី» ឬហៅតាមបារាំង «ឡូរី»។ ប៉ុន្តែបរទេសភាគច្រើនស្គាល់ថា ជា​រទេះភ្លើងឫស្សី (Bamboo Train)។ «ណូរី» ជាមធ្យោបាយធ្វើដំណើរមួយរបស់អ្នករស់នៅតាមបណ្ដោយផ្លូវដែក។ បច្ចុប្បន្នណូរីមានវត្តមាន នៅតែខេត្តបាត់ដំបងប៉ុណ្ណោះ និងកំពុងបម្រើក្នុងវិស័យទេសចរណ៍។ 
 
មុនដឹកភ្ញៀវទេសចរ ជិះកម្សាន្តមើលទេសភាពស្រុកស្រែ នៅតាមបណ្ដោយផ្លូវដែកនេះ «ណូរី»ធ្លាប់ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់អ្នករស់នៅតាមបណ្ដោយផ្លូវដែកនេះ។ កាលពីអតីតកាល ណូរី បានជួយដឹកជញ្ជូនផលស្រូវ, ណូរី បានដឹកកុមារទៅសាលារៀន, ដឹកអ្នកភូមិទៅចូលរួមពិធីបុណ្យទានជាដើម។ 
 
ដោយសារមធ្យោបាយធ្វើដំណើរកាន់តែរីកចម្រើន ណូរី ក៏បានបាត់បង់វត្តមានបន្តិចម្ដងៗ ចេញពីខេត្តជាប់ផ្លូវរត់រទេះភ្លើង ដូចជាខេត្តកំពង់ឆ្នាំង,ពោធិ៍សាត់, ខេត្តកំពត ជាដើម។ មកទល់បច្ចុប្បន្ននេះ វត្តមានវាមានតែក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ 
 
ត្រឡប់ទៅអតីតកាល វត្តមានណូរី ត្រូវបានលេចជារូបរាងដំបូង បន្ទាប់ពីរបបខ្មែរក្រហម បានដួលរំលំទៅ។  នៅពេលនោះផ្លូវ ឬមធ្យោបាយធ្វើដំណើរមិនសម្បូរ ទើបអ្នករស់នៅតាមបណ្ដោយផ្លូវដែក បែកគំនិតកែច្នៃគ្រែឫស្សីនេះឡើង។ នៅពេលនោះ ណូរី ផ្លាស់ទីបានដោយសារការដោល ដោយថ្នោល តែក្រោយមកត្រូវជំនួសដោយម៉ាស៊ីន ដូចសព្វថ្ងៃនេះ។ 
 
បើយើងមើលមួយភ្លែតទៅ «ណូរី» គ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ ប៉ុន្តែបើយើងសញ្ចឹងគិតបន្តិច យើងនឹងលាន់មាត់សរសើរនូវគំនិតច្នៃប្រឌិតរបស់ប្រជាជនខ្មែរ។ ពិសេសទៀតនោះ បរទេសដែលមកកាន់ខេត្តបាត់ដំបង ចង់ទទួលបានបទពិសោធន៍ពីការជិះ «ណូរី» នេះដែរ។ 
 
នៅខេត្តបាត់ដំបង វត្តមានណូរី មាននៅភូមិអូរដំបង និងភូមិអូរស្រឡៅ នៃស្រុកសង្កែ​ ដែលដំណើរការ ដោយពលរដ្ឋសហគមន៍។ ឯមួយកន្លែងទៀតនៅជើងភ្នំបាណន់ នៃស្រុកបាណន់ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ 
 
១០ឆ្នាំមកហើយ ដែលអ្នកស្រី អុន សំអាន បានប្រកបរបរបើកណូរី ដឹកភ្ញៀវទេសចរ ទស្សនាសម្រស់ធម្មជាតិ តាមវាលស្រែ និងព្រៃភ្នំ ក្នុងខេត្តបាត់ដំបង។ «ខ្ញុំ ចាប់ផ្ដើមមុនដំបូងខ្ញុំចាំបានថា ដឹកស្រូវ ដឹកចាស់ៗ​ ទៅស្រែ។ ខ្ញុំបានគ្រួសារខ្ញុំបានចាប់អាជីព(ដឹកភ្ញៀវ)យូរឆ្នាំហើយ តែខ្ញុំចាប់អាជីពនេះតាំង២០១៣មក!។ ណូរីនេះ បានជួយកូនរៀន បានជួយកូនរៀននេះខ្ញុំត្រេកអរដែរ ដោយបាន ដោះទល់ខ្លួនឯងផង ហូបចុកប្រចាំថ្ងៃផង»។ នេះបើតាមអ្នកស្រី សំអាន។ 
 
នៅថ្ងៃធម្មតា ស្ត្រីវ័យ៣០ប្លាយរូបនេះ អាចដឹកភ្ញៀវបាន២ជើង។ ចំណែកថ្ងៃចុងសប្ដាហ៍ ឬបុណ្យទាន អាចដឹកភ្ញៀវបាន ៤ជើង ឬច្រើនជាងនេះ ហើយភ្ញៀវរបស់អ្នកស្រីមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ 
 
ដោយសារណូរីជាឆ្នាំងបាយ អ្នកស្រី សំអាន ចង់ឃើញណូរីបន្តវត្តមាន នៅខេត្តបាត់ដំបង ដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងបានចំណូលចូលគ្រួសារអ្នកស្រី ក៏ដូចជាពលរដ្ឋអ្នកដឹកភ្ញៀវដទៃទៀត។ 
 
ក្នុងណូរីនីមួយៗ គេអាចផ្ទុកអ្នកដំណើរច្រើនបំផុត៧នាក់ បូករួមទាំងអ្នកដឹក។ ឯក្នុងមួយជើង ទាំងទៅទាំងមក និងឈប់សម្រាកផង គេត្រូវចំណាយពេលប្រមាណមួយម៉ោង។ ដូច្នេះទេសចរ អាចអង្គុយគយគន់ទេសភាពវាលស្រែឬថ្ងៃលិច អមសងខាងផ្លូវដែកនេះ។ 
 
ដើម្បីជិះណូរីនៅភូមិអូរដំបងនេះ ទេសចរត្រូវចំណាយថវិកាចំនួន៤០ ០០០រៀល សម្រាប់មនុស្ស៤នាក់ តែប្រសិនបើលើសនេះ ក្នុងមួយនាក់ត្រូវចំណាយ ១០ ០០០រៀលប៉ុណ្ណោះ។ នៅទីនេះបើកទទួលទេសចរណ៍ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៦ល្ងាច៕ 

ព័ត៌មានទាក់ទង