រដ្ឋមន្រ្តី​កសិកម្ម ជ្រមុជទឹកពិនិត្យតំបន់អភិរក្ស​ស្មៅសមុទ្រដោយផ្ទាល់ នៅកោះអាចម៍សេះ

22/04/2024 9:35 am ភ្នំពេញ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ចុះ​ជ្រមុជទឹកពិនិត្យមើលតំបន់អភិរក្សស្មៅសមុទ្រ នៅ​តំបន់កោះអាចម៍សេះ ក្នុង​ភូមិសាស្រ្តខេត្តកែប។ បើតាម​ក្រសួង​កសិកម្ម តំបន់​កោះអាចម៍សេះ សម្បូរទៅដោយស្មៅសមុទ្រ ដែលជាប្រភពនៃ​ប្រព័ន្ធអេកូឡូស៊ី សម្រាប់ពពួកសត្វគ្រប់ប្រភេទ។​



នៅ​ថ្ងៃទី១៨ ខែមេសា លោក ឌិត ទីណា និង​លោក សោម ពិសិដ្ឋ  រួមទាំង​មន្រ្តី​ជលផល បាន​ធ្វើ​ដំណើរ​ទៅកាន់កោះអាចម៍សេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ ការ​ធ្វើដំណើរ​ទៅ​កាន់​កោះអាចម៍សេះនេះ ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ របស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC។
 

រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម

​តំបន់អភិរក្សនៅតំបន់កោះអាចម៍សេះ សម្បូរ​ទៅ​ដោយ​ស្មៅ​សមុទ្រ។ លើសពីនេះ ស្មៅសមុទ្រដែលលូតលាស់ល្អ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ពពួកសត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ។
 
លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លើក​ឡើងថា ការងាររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា សហការជាមួយរដ្ឋបាលជលផល បានរួមចំណែកជួយស្ដារឡើងវិញនូវធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ។ រដ្ឋមន្រ្តី​​កសិកម្មរូបនេះ ក៏​បាន​ជំរុញឱ្យ​អង្គការ MCC បន្តអនុវត្តការងាររបស់ខ្លួន ឱ្យ មានប្រសិទ្ធភាព  និងត្រូវសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន។
  

រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម

ជាមួយ​គ្នានេះ លោក ឌិត ទីណា អំពាវនាវឱ្យ​សាធារណជន​គ្រប់រូព ចូលរួម​ថែរក្សា​ និង​អភិរក្ស​ស្មៅសមុទ្រ​ ដើម្បីនិរន្ដរភាពនៃធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់កម្ពុជា។ សូម​បញ្ជាក់ថា ស្មៅសមុទ្រនៅ​ក្នុង​ខេត្ត​កែប និង​កំពត មានចំនួនជាង ១២០០០ហិកតា ដែលច្រើនជាងខេត្ត​ជាប់​តំបន់សមុទ្រ​របស់​កម្ពុជា៕ 

រូបភាពថតដោយលោក ម៉េង គឹមឡុង។រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម 
 

ព័ត៌មានទាក់ទង