រដ្ឋមន្រ្តីទេសចរណ៍៖«រៀបចំ​ផ្ទះ​យើង​មិនទាន់ល្អ ​អញ្ជើញ​ភ្ញៀវមក​ច្រើន​ពេក អាចមាន​​បញ្ហាវិញ​»

21/03/2024 9:23 am សៀមរាប

សៀមរាប៖ ដើម្បី​ធ្វើឱ្យ​កម្ពុជា​ មាន​កំណើន​ភ្ញៀវទេសចរ​ ក្រសួង​ទេសចរណ៍ ខិត​ខំ​តភ្ជាប់​ទៅ​ទីផ្សារ​អាទិភាពសំខាន់​ៗ តាមរយៈ​ការ​ស្វែងរក​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា។ ទន្ទឹម​នឹងនេះ ការណ៍​នាំ​ឱ្យ​មាន​ភ្ញៀវទេសចរអន្តរជាតិ​​ច្រើន គឺត្រូវ​ការរៀបចំ​ និងការ​ទទួល​ឱ្យ​បាន​ល្អ​។ លោក សុខ សូកេន មាន​ប្រសាសន៍ថា៖«ខ្ញុំ​មិ​ន​ចង់​ឃើញ​ ពេល​យើង​រៀបចំ​ផ្ទះ​យើង​មិនទាន់ល្អទេ យើងអញ្ជើញ​ភ្ញៀវមក​ច្រើន​ពេក ពេលនោះហើយជា​បញ្ហាវិញ»។


ក្នុង​បទ​សម្ភាសន៍​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ដល់​អ្នកកាសែត​មកពី​៣២ស្ថាប័ន លោក សុខ សូកេន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា កំពុង​តភ្ជាប់​ជើង​ហោះហើរត្រង់​ទៅ​ប្រទេស​ឥណ្ឌា​។រដ្ឋមន្រ្តី​ទេសចរណ៍រូបនេះ រំពឹង​ថា​កម្ពុជា​នឹង​អាច​ទាក់ទាញ​ទេសចរ​ដែល​មាន​គុណភាព​មក​ពី​ប្រភព​ទីផ្សារ​ទេសចរណ៍​ទាំងអស់ឱ្យ​មក​លេង​កម្ពុជា​។ 
 
សូម​អញ្ជើញទស្សនា​វីដេអូខាងក្រោមដូចតទៅ៖​
 


លោក សុខ សូកេន លើក​សំណួរថា តើ​ធ្វើ​ដូច​ម្ដេច ទើប​ធ្វើ​ឱ្យ​ទេសចរមក​ហើយ​ចង់​មក​ទៀត? «យើង​មិន​ចង់​ឱ្យ​ទេសចរ​មក​តែ​ម្ដងហើយ គ្រប់គ្រាន់​គាត់​ឈប់​មក​កម្ពុជា​វិញ​ទេ។ ព្រោះ​ទេសចរអន្តរជាតិ​ចាយ​អស់ ៦៥០ដុល្លារម្នាក់ ក្នុង​រយៈពេល​៦ថ្ងៃ​នៅកម្ពុជា»។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ថ្មី​ក្នុង​អាណត្តិទី៧។ 

ជា​មួយ​គ្នានេះ ក្រសួង​ទេសចរណ៍ ចង់​ឱ្យ​ទេសចរ​ទទួល​បាន​បទ​ពិសោធល្អ តាមរយៈ​ការ​មក​កម្សាន្ត​នៅកម្ពុជា។ បើតាម​លោក​រដ្ឋមន្រ្តី កត្តា​​ទាក់ទាញ​ទេសចរ គឺភាព​រាក់ទាក់របស់​ប្រជាជន​កម្ពុជា​ ភាព​កក់​ក្ដៅ ដែល​ផ្ដល់​ជូន​ទេសចរអន្តរជាតិ។ ប៉ុន្តែ​លោក សុខ សូកេន មិនភ្លេច​រំឭក​ពីការ​ចូលរួម​របស់​​ឧស្សាហកម្មទេសចរ តាមរយៈ​ការ​កំណត់ទាំង​គុណភាព និង​តម្លៃជាក់លាក់​​។​



លោក សុខ សូកេន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បន្ត​មាន​ប្រសាសន៍ថា៖«ខ្ញុំ​មិ​ន​ចង់​ឃើញ​ ពេល​យើង​រៀបចំ​ផ្ទះ​យើង​មិនទាន់ល្អទេ យើងអញ្ជើញ​ភ្ញៀវមក​ច្រើន​ពេក ពេលនោះហើយជា​បញ្ហាវិញ»។ ទន្ទឹម​នឹង​នេះ ដើម្បីធានា​បាន​នូវការផ្ដល់​សេវា​ទេសចរណ៍​ដែល​មាន​គុណភាព​ខ្ពស់ គឺ​ត្រូវ​ការ​ការ​ចូលរួម​សហការ​ពេញ​លេញ​ពី​តួអង្គពាក់ព័ន្ធទាំង​អស់ រួមទាំងការ​ពង្រឹង​ពីភាព​ជាដៃគូរវាង​រដ្ឋាភិបាល​ ភាគីឯកជន និង​ប្រជាពលរដ្ឋផងដែរ។


 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕

 

ព័ត៌មានទាក់ទង