លោក មឿន ចំណាយវ័យចំណាស់របស់ខ្លួន មកការពារធនធានធម្មជាតិ នៅសហគមន៍ជីផាត

លោក ដឿក មឿន ជាអ្នកយាមល្បាតព្រៃនៅសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

21/02/2023 12:00 pm កោះកុង

កោះកុង៖ លោក ដឿក មឿន មានវ័យ៦០ប្លាយ រស់នៅឃុំជីផាត ខេត្តកោះកុង។ ទោះមានវ័យជ្រេ តែលោក មឿន ចំណាយវ័យចំណាស់របស់ខ្លួន មកចូលរួមជាមួយសហគមន៍ ជាអ្នកការពារធនធានធម្មជាតិ ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ មុនចូលរួមជាអ្នកយាមល្បាតក្នុងសហគមន៍ បុរសរូបនេះធ្លាប់ជាព្រានព្រៃប្រមាញ់សត្វ បរិភោគ និងជួញដូរ ដើម្បីបានប្រាក់កម្រៃបន្តិចបន្តួច។ សម្រាប់លោកមឿន ការចូលរួមការពារធនធានធម្មជាតិ ព្រោះរក្សាវត្តមានសត្វព្រៃ និងព្រៃឈើ ដល់កូនចៅជំនាន់ក្រោយ។



ជាអ្នកយាមល្បាត ការពារធនធានធម្មជាតិ លោក ដឿក មឿន បានលះបង់ពេលវេលាក្នុងវ័យចំណាស់របស់ខ្លួន មកចូលរួមជាមួយសហគមន៍អេកូទេសចរណ៍ជីផាត។ សហគមន៍មួយនេះ ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានចម្ងាយប្រមាណ ១២៦គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ សហគមន៍ជីផាត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីការពារធនធានធម្មជាតិ បង្កើតជាតំបន់ទេសចរណ៍ និងលើកស្ទួយជីវភាពពលរដ្ឋ។ 

មុនចូលរួមជាអ្នកយាមល្បាត ការពារធនធានធម្មជាតិ លោក ដឿក មឿន ក៏ធ្លាប់ជាអ្នកបរបាញ់ប្រមាញ់សត្វព្រៃផងដែរ។ កាលនោះ ក្រៅពីធ្វើស្រែ ចម្ការ លោក មឿន បានបរបាញ់សត្វយកមកបរិភោគ និងដោះដូរទំនិញផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ក្រោយមក លោក មឿន បានបញ្ចប់ការបរបាញ់ ដោយងាកមកចូលរួមថែរក្សាវិញ។

បើរាប់ពីការចូលរួមរបស់ពលរដ្ឋសហគមន៍រូបនេះ លោក បានចំណាយពេលប្រមាណ ១០ឆ្នាំហើយ ក្រោមតួនាទីជាអ្នកយាមល្បាត។ តួនាទីជាអ្នកយាមល្បាត ស្ដាប់ទៅដូចជាការងារសាមញ្ញមួយ។ ប៉ុន្តែការងារនេះ ជាការងារដែលប្រឈមគ្រោះថ្នាក់។ ប្រឈមគ្រោះថ្នាក់ នឹងសត្វសាហាវ ឬអាសីរ្ពិស និងត្រូវប្រឈមនឹងគ្រោះថ្នាក់បង្កឡើងដោយជនល្មើស ដែលមកប្រមូលផលធនធានធម្មជាតិខុសច្បាប់ជាដើម។ 


ទិដ្ឋភាពមើលពីលើអាកាស ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាព សហការី ThmeyThmey25។

ថ្វីបើការងារនេះត្រូវចុះដល់កន្លែងផ្ទាល់ ជួនកាលក៏ត្រូវហាលភ្លៀងហាលថ្ងៃ ប៉ុន្តែលោក ដឿក មឿន មិនដែលរួញរា នឹងការងារនោះឡើយ។ វ័យរបស់លោក មឿន មិនបានកំណត់ភាពស្វាហាប់ និងកម្លាំងពលំឡើយ ពោលគឺលោកនៅមានភាពរហ័សរហួន មាំមួន មិនចាញ់យុវជនពេញកម្លាំងឡើយ។ 

ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋាន ដែលមានពណ៌ប្រផេះបែកបៃតង ភ្ជាប់នឹងពាក្យ «WILDLIFE ALLIANCE» នៅនឹងទ្រូងផ្នែកខាងឆ្វេង បុរសរូបនេះ និយាយរៀបរាប់ពីទំនួលខុសត្រូវការងារដូច្នេះ៖«ខ្ញុំជាអ្នកយាមល្បាតព្រៃ! ទី១យើងការពារសត្វព្រៃ។ ទី២យើងការពារព្រៃឈើ។ ទី៣ គឺយើងការពារអ្វីៗទាំងអស់ក្នុងតំបន់ព្រៃយើង។ ពេលគេបង្កើតសហគមន៍ គេតម្រូវការអ្នកការពារសត្វព្រៃ ដូច្នេះគេជ្រើសរើសយើង ហើយយើងក៏ស្ម័គ្រចិត្តចូលរួមដែរ»។ 

ការចូលរួមជាមួយសហគមន៍នេះ ជាការធ្វើដោយសុទ្ធចិត្តរបស់លោក មឿន។ បុរសវ័យ៦៣ឆ្នាំររូបនេះ ចូលរួមជាមួយសសហគមន៍ដោយសារចង់ចូលរួមការពារធនធានធម្មជាតិ ស្របពេលខ្លួនមានវ័យកាន់តែជ្រេ នឹងមិនអាចទៅធ្វើការងារណាឆ្ងាយៗពីលំនៅបាន។ 

សម្រាប់បុរសកូន៤រូបនេះ លោកគិតថាការងាររបស់ខ្លួនសំខាន់ខ្លាំងណាស់ សម្រាប់លោក ក៏ដូចសហគមន៍។ សំខាន់សម្រាប់លោក ក៏ព្រោះថាជាការងារដែលផ្ដល់ប្រាក់សមរម្យមួយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ពោលគឺទទួលបាន ៩ដុល្លារ ក្នុង១ថ្ងៃ។ 


ទេសចរទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាពសហការី ThmeyThmey25។

ចំណុចសំខាន់មួយទៀត សម្រាប់លោក មឿន គឺសហគមន៍។ លោកពន្យល់ថា ការងារជាអ្នកយាមល្បាតព្រៃនេះ សំខាន់ណាស់សម្រាប់សហគមន៍ខ្លួន ប្រសិនបើគ្មានការយាមល្បាតព្រៃទេ នោះថ្ងៃអនាគតព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនានា នឹងបាត់បង់ជាក់ជាពុំខាន។ ដូច្នេះនៅពេលដែលលែងមានវត្តព្រៃឈើ នឹងធ្វើឱ្យបាត់បង់សត្វព្រៃ។ បាត់បង់សត្វព្រៃ និងព្រៃឈើ នឹងបាត់បង់អ្នកទេសចរ ដែលជាប្រភពចំណូលមួយ ក្រៅពីរបរធ្វើស្រែ ចម្ការ របស់ពលរដ្ឋនៅសហគមន៍នេះ។ 

លោក មឿន ពិតជាមានមោទកភាពលើការងារខ្លួន ជាពន់ពេក ដែលអាចចូលរួមចំណែកជាមួយសហគមន៍ ក្នុងការការពារធនធានធម្មជាតិ បើទោះបីមានអាយុច្រើនក៏ដោយ។  លោក ជឿជាក់ថានឹងបន្តការងារនេះរហូតដល់កម្លាំងចុងក្រោយរបស់លោកផងដែរ។ លោក ក៏សង្ឃឹមថា វត្តមានព្រៃឈើ សត្វព្រៃ នឹងបន្តមានវត្តមាននៅក្នុងមាតុភូមិខ្លួនរហូតទៅ ដល់កូនចៅជំនាន់ក្រោយៗទៀត។

លោក ដឿក មឿន ក៏ចង់ឱ្យសាធារណជនទាំងអស់ចូលរួមការពារព្រៃឈើ និងសត្វព្រៃ តាមរយៈការមិនកាប់បំផ្លាញព្រៃឈើ និងការមិនបរិភោគសត្វព្រៃ ប្រសិនបើមិនបានចូលរួមការពារជាមួយខ្លួន។ លោកបន្តទៀតថា ប្រសិនបើយើងកាប់បំផ្លាញព្រៃឈើ ប្រមាញ់សត្វព្រៃ គឺបានជួយដោះស្រាយជីវភាពតែមួយគ្រាប៉ុណ្ណោះ តែវានឹងធ្វើឱ្យបាត់បង់ធនធានទាំងនោះជារៀងរហូត៕ 

ព័ត៌មានទាក់ទង