ទេសចរវៀតណាម និងថៃចូលមកកម្ពុជាច្រើនជាងគេ ខណៈចិននិងអាម៉េរិក នៅលេខរៀងបន្ទាប់

05/08/2022 3:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ រយៈពេល ៦ខែឆ្នាំ២០២២​កម្ពុជាមានទេសចរអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ក្នុងនោះទេសចរមកពីប្រទេសវៀតណាមមានជាង ១៤ម៉ឺននាក់ និងទេសចរមកពីប្រទេសថៃជាង ១​៣ម៉ឺននាក់។ ចំណែកជនជាតិចិនមកកម្ពុជាមានប្រមាណ ៣ម៉ឺននាក់ និងទេសចរមកពីអាម៉េរិក មានជាង២ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចររយៈពេល ៦ខែរបស់ក្រសួងទេសចរណ៍។​



ក្រោយកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ប្រទេសក្នុងតំបន់អាស៊ានជាគោលដៅទីផ្សារទេសចរណ៍ចម្បងសម្រាប់កម្ពុជា ព្រោះប្រទេសចិន និងតំបន់អឺរ៉ុប នៅមានការរឹតត្បិតការធ្វើដំណើរ ហើយជើងហោះហើរត្រង់ពីប្រទេសទាំងនោះមិនទាន់សម្បូរបែប។ ជាក់ស្ដែងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ សន្ទុះទេសចរជនជាតិវៀតណាម និងថៃ មកកម្ពុជា កើនឡើងស្ទើរប្រហាក់ប្រហែលគ្នា។ ក្នុងឆមាសទី១នេះ ទេសចរវៀតណាមចូលមកកម្ពុជា ១៤៣ ២៣៩នាក់។ ចំណែកទេសចរមកពីប្រទេសថៃមានចំនួន ១៣៤ ៤៣២នាក់។ 

​ដោយឡែក ភ្ញៀវទេសចរជនជាតិចិនដែលធ្លាប់តែនៅលំដាប់លេខ១ដែលមកកម្ពុជាច្រើនជាងគេ បែរធ្លាក់មកប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះរយៈពេល ៦ខែឆ្នាំ២០២២។​ ជាមួយគ្នានោះទេសចរមកពីអាម៉េរិក ក៏មានតិចតួចដែរ ពោលគឹមានប្រមាណ ២ម៉ឺន៥ពាន់នាក់។

ក្រៅពីប្រទេសទាំង៤នេះ ទីផ្សារទេសចរអន្តរជាតិសំខាន់ៗចូលមកកម្ពុជា មានប្រទេសឥណ្ឌូណេស៊ី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី អង់គ្លេស និងអូស្ត្រាលី។​

យ៉ាងណាមិញក្រសួងទេសចរណ៍សន្និដ្ឋានថា បើសិនប្រទេសចិនដកគោលនយោបាយសូន្យកូវីដចេញនៅឆ្នាំ ២០២៣ នោះកម្ពុជានឹងអាចទទួលបានទេសចរចិនច្រើនដូចមុនរីករាលដាលជំងឺកូវីដ-១៩នៅឆ្នាំ ២០២៦។ ប៉ុន្តែបើប្រទេសចិនមិនដកគោលនយោបាយសូន្យកូវីដ-១៩ ចេញនោះទេ​ កម្ពុជានឹងអាចទទួលទេសចរជនជាតិចិនដូចមុនកូវីដ-១៩ នៅឆ្នាំ២០២៧៕

ព័ត៌មានទាក់ទង