ហេដ្ឋារចនាសម្ព័ន្ធ និងព្រឹត្តិការណ៍ធំៗ ធ្វើឱ្យព្រះសីហនុមានកំណើនទេសចរខ្លាំង

21/06/2022 5:00 pm ព្រះសីហនុ

ដោយ៖ ជឿន ស្រីណយ

អាគារខ្ពស់ៗ រូបសំណាកធំៗ ផ្លូវជាច្រើនខ្សែរបានលេចរូបរាងនៅខេត្តព្រះសីហនុ ដែលបានផ្ដល់មុខមាត់ថ្មីដល់ខេត្តជាប់ឆ្នេរមួយនេះ។ ក្រោយជំងឺកូវីដ-១៩ ធូរស្រាល ជាពេលវេលាដែលខេត្តព្រះសីហនុបង្ហាញសម្រស់ដល់ភ្ញៀវទេសចរជិតឆ្ងាយ។ រយៈពេលប្រមាណ ៦ខែមកនេះ កំណើនទេសចរក្នុងខេត្តមួយនេះកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។



ខេត្តព្រះសីហនុបានឈរនៅលំដាប់លេខ១ ជាខេត្តមានទេសចរទៅកម្សាន្តច្រើនជាងគេស្ទើរគ្រប់សប្តាហ៍។ ជាមួយគ្នានេះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey25 ថាទេសចរភាគច្រើនទៅកម្សាន្តនៅខេត្តព្រះសីហនុនៅថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ឬពេលមានពិធីបុណ្យទាន។ ក្រៅពីភ្ញៀវទេសចរជាតិ ខេត្តព្រះសីហនុក៏បានទាក់ទាញទេសចរបរទេសផ្ទៃក្នុងជាច្រើន ជាពិសេសជនជាតិចិន។

បើតាមលោក ឡុង ឌីម៉ង់ មូលហេតុដែលធ្វើឱ្យខេត្តព្រះសីហនុ មានទេសចរច្រើនក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ព្រោះ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានកែប្រែមុខមាត់ខេត្តជាប់ឆ្នេរមួយនេះ។ «ទីមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានកន្លែងថ្មើរជើង ភ្លឺគ្រប់កន្លែង អនាម័យបរិស្ថាន។ ចំណែកឆ្នេរខ្សាច់ស្អាត មានអនាម័យ ហើយជាទីសាធារណៈ។ កាលពីមុនឆ្នេរមានការគ្រប់គ្រងមួយផ្នែកៗ ឥឡូវពីឆ្នេរអូរឈើទាល ដល់ចុងអូរត្រេះ ជាកន្លែងដែលល្អ។ យើងមានបន្ទប់ទឹកសាធារណ ១១កន្លែងទៀត»។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ដោយបន្ថែមថាសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ មានគ្រប់គ្រាន់ និងតម្លៃសមរម្យ។

លើសពីនេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍កីឡា ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ក៏បានរួមចំណែកទាក់ទាញទេសចរក្នុងខេត្តព្រះសីហនុ។ កន្លងមកមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចំពិធីតាំងពិព័រណ៍អាហារ ផលិតផលក្នុងស្រុក និងការប្រណាំងកង់ជាដើម។

លោក តាំង សុចិត្តគ្រឹស្នា ប្រាប់ថ្មីៗ២៥ដូច្នេះ៖« ចំណែកបញ្ហាតម្លៃក៏មិនមានឡើងដូចកាលពី ២-៣ ឆ្នាំមុនដែរ។ មូលហេតុនេះហើយទើបធ្វើឱ្យខេត្តព្រះសីហនុមានកំណើនទេសចរខ្លាំង។ ប៉ុន្តែភាគច្រើនជាភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុងដែលសម្រាក ឬរកស៊ីនៅស្រុកខ្មែរគឺមានការកើនឡើងខ្លាំងនៅខេត្តព្រះសីហនុ។ តែទេសចរអន្តរជាតិ មិនទាន់មានច្រើនទេបើទោះរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ តែប្រទេសខ្លះនៅបិទ ហើយជើងហោះហើរក៏មិនទាន់មានច្រើនដែរ»។

សូមជម្រាបថា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រយៈពេល៣សប្តាហ៍នៃខែមិថុនា ខេត្តព្រះសីហនុមានភ្ញៀវដើរកម្សាន្តជិត ១៧ម៉ឺននាក់ក្នុងនោះទេសចរបរទេសផ្ទៃក្នុងជិត ២ម៉ឺននាក់។ ដោយឡែកភ្ញៀវទេសចរដើរកម្សាន្តទូទាំងរយៈពេល៣សប្តាហ៍នៃខែមិថុនា មានជិត ១លាននាក់៕


 

ព័ត៌មានទាក់ទង