«ឥន្ទ្រេស្វរ» ឬប្រាសាទបាគង ជាប្រាសាទភ្នំធំដំបូងគេនៅសម័យអង្គរ

30/09/2022 11:00 am សៀមរាប

សៀមរាប៖ ឡុង តូន

អ្នកស្រាវជ្រាវ ជាច្រើនបានបញ្ជាក់ថា «ប្រាសាទភ្នំ» បានលេចរូបរាងឡើងតាំងពីមុនសម័យអង្គរមកម៉្លេះ។ ប្រាសាទទាំងនេះ មានដូចជាប្រាសាទអកយំ ប្រាសាទភ្នំរូងជាដើម។ ប៉ុន្តែភាពស្កឹមស្កៃនិងមានទម្រង់ជាភ្នំកាន់តែច្បាស់តាមរយៈសំណង់ដែលមានខឿនច្រើនថ្នាក់ ក៏បានវិវត្តរូបរាងនៅប្រាសាទបាគងនេះ។ ប្រាសាទបាគងជាទេវស្ថាន ដែលសង់លើផ្ទៃដីទំហំប្រមាណ១៥ហិកតា ក្នុងអតីតរាជធានីហរិហរាល័យ នាសតវត្សរ៍ទី៩។ បច្ចុប្បន្ន អារាមនេះស្ថិតនៅភូមិឳឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


យោងតាមឯកសារប្រវត្តិសាស្ត្រ ក៏បានឲ្យដឹងដែរថា ពីរឆ្នាំក្រោយពីធ្វើបុណ្យឆ្លងប្រាសាទព្រះគោ សម្រាប់បុព្វការីជនរួចរាល់ ព្រះបាទឥន្ទ្រវម្ម៌ទេវ (ឥន្ទ្រវរ្ម័ន ទី១) ក៏បានធ្វើបុណ្យឆ្លងប្រាសាទបាគងនៅគ្រិស្តសករាជ៨៨១ សម្រាប់ជាកិច្ចបូជាផ្ទាល់ព្រះអង្គ។ ជាទូទៅ នៅសម័យអង្គរ ការកំណត់ឈ្មោះប្រាសាទភ្នំ ឬប្រាសាទរាជ ព្រះរាជាតែងប្រើព្រះនាមរបស់ព្រះអង្គដើម្បីភ្ជាប់ជាមួយនាមរបស់ព្រះអទិទេព។ ហេតុដូចនេះ ឥន្ទ្រេស្វរ ជាស្ថាននាមដើមរបស់ប្រាសាទបាគង។ 

ប្រាសាទបាគង អាចចាត់ទុកជាប្រាសាទទី១នៃការចាប់ផ្ដើមកសាងប្រាសាទភ្នំធំៗនៅសម័យអង្គរ។ ប្រាសាទនេះមានខឿនចំនួន៥ថ្នាក់ និងមានតួប៉មតូចៗសង់បន្តុបនៅខឿនជាន់ទី៤ ព្រមទាំងតួប៉មរណបដែលសង់ជុំវិញនៅផ្នែកខាងក្រោម។ តួប៉មរណបទាំងនេះ ខ្លះជាសំណង់អំពីឥដ្ឋ ខ្លះទៀតអំពីថ្មភក់លាយថ្មបាយក្រៀម។

ជាទូទៅ ប្រាសាទដែលសង់ថ្វាយដល់ព្រះឥសូរ គេតែងឃើញចម្លាក់គោនន្ទិដែលជាពាហនៈរបស់អទិទេពអង្គនេះតម្កល់នៅពីមុខជណ្ដើរឡើងប្រាសាទ។ លើសពីនេះក៏មានចម្លាក់សត្វតោលម្អអមខាងជណ្ដើរនៅតាមទិសធំៗ និងសត្វដំរីលម្អតាមអនុទិស។ ចំពោះសិល្បៈនៅបាគងនេះ សត្វនាគដែលនៅអមផ្លូវចូលប្រាសាទ គេដាក់លម្អផ្ទាល់ដី គឺខុសពីសត្វនាគនៅតាមប្រាសាទមួយចំនួននាសវត្សរ៍ទី១២ ដែលមានការវិវត្តដោយសណ្ដូកខ្លួនលើជើងទម្រ។ 

ស្ថាបត្យកម្ម និងសិល្បចម្លាក់នៅសតវត្សរ៍ទី៩ អ្នកស្រាវជ្រាវជាច្រើនតែងអះអាងថា ពិតជាបានទទួលឥទ្ធិពលពីជ្វាយ៉ាងច្រើន។ ប៉ុន្តែឥទ្ធិពលនេះបានថមថយអស់នៅក្នុងរាជអំណាចនៃព្រះរាជាក្រោយៗដោយមានការវិវត្តតាមផ្នត់គំនិតរបស់ខ្មែរសុទ្ធសាធវិញ។ ហេតុបែបនេះ នៅសម័យអង្គរ ក្នុងរាជព្រះរាជាសំខាន់ៗជាច្រើនអង្គ ទម្រង់សិល្បៈនិងស្ថាបត្យកម្មក៏មានលក្ខណៈពិសេសផ្សេងៗគ្នាដែលអាចឲ្យកំណត់ជា «រចនាបថ»ទីទៃពីគ្នាបាន។ 

ពេលឃើញគូទឹកដ៏ធំព័ទ្ធជុំវិញប្រាសាទ ក៏ធ្វើឲ្យនឹកដល់ភាពថ្កុំថ្កើងនៅសម័យអង្គរដែលយកទឹកជាមូលដ្ឋាន។ ក្នុងរាជព្រះបាទឥន្ទ្រវម្ម៌ទេវ អ្នកស្រាវជ្រាវ ចាត់ទុកថា ជាការបើកសករាជថ្មីនៃ «បុរីទឹក»។ ដំណើរការទន្ទឹមគ្នារវាងការរៀបចំបុរី និងកសិកម្ម អាចប្រព្រឹត្តទៅបានក៏អាស្រ័យ នឹងរាជអំណាចដែលមានឯករាជ្យដ៏រឹងមាំ រួមនឹងជំនឿសាសនា។ ពេលដែលព្រះអង្គឡើងគ្រងរាជ ព្រះអង្គក៏បានកសាងបារាយណ៍ឥន្ទ្រតដាក ដែលជាអាងរក្សាទឹកមួយយ៉ាងធំ មានបណ្ដោយ៣៨០០ ម៉ែត្រ និងទទឹង៨០០ម៉ែត្រ។ បារាយណ៍នេះ ទាញទឹកពីស្ទឹងរលួសមករក្សាទុកសម្រាប់កសិកម្មនៅរដូវប្រាំង និងជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់កសិណប្រាសាទព្រះគោ បាគង និងព្រៃមន្ទីរផងដែរ។ 

ជាទូទៅ សំណង់សាសនានាសម័យអង្គរ ហិណ្ឌូសាសនិកខ្មែរតែងគោរពនូវគោលការណ៍នៃនិម្មិតរូប «ទឹកនិងភ្នំ»នេះដែលតំណាងឲ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ចំណែកក្នុងស្ថានភាពជាក់ស្ដែងវិញ ដើម្បីកសាងប្រាសាទភ្នំ គេត្រូវអាចម៍ដីដើម្បីពូនជាទួលឬជាទម្រង់ «ភ្នំ» សម្រាប់បង្កើតជាខឿនថ្នាក់ៗ។ ជាទូទៅ រចនាសម្ព័ន្ធនៃខឿនប្រាសាទ គេឃើញស្រទាប់ថ្មភក់ ឬឥដ្ឋបិទពាសពីខាងក្រៅ ហើយពេលខ្លះ ថ្មបាយក្រៀមត្រូវបានប្រើជាស្រទាប់ទី២ រួមជាមួយគំនរដីនៅខាងក្នុង។ ហេតុនេះ ការជីកដើម្បីបង្កើតជាគូទឹកព័ទ្ធជុំវិញ មិនត្រឹមតែក្លាយជានិម្មិតរូប «មហាសមុទ្រ» តែតម្រូវការដីដើម្បីបង្កើតជាភ្នំសិប្បនិម្មិតក៏ជារឿងមិនអាចខ្វះបាន។ ចំពោះសមាមាត្ររវាងទំហំនិងជម្រៅកសិណ(កសិន្ធុ) អាចទាក់ទងនឹងទំហំនៃសំណង់ ឬអាស្រ័យទៅលើតម្រូវការដីដើម្បីចាក់បំពេញខឿនប្រាសាទ។ 

បច្ចុប្បន្ន គេឃើញមានតួប៉មទោលមួយនៅចំកណ្ដាលប្រាសាទ។ តាមឯកសារខ្លះបញ្ជាក់ថា តួប៉មនេះកសាងបន្ថែមនៅសតវត្សរ៍ទី១២ ហើយចម្លាក់លម្អទៀតសោតក៏ជាសិល្បៈក្នុងរចនាបថអង្គរវត្ត។ ដ្បិតបែបនេះក្ដី ក៏មានមតិរបស់អ្នកស្រាវជ្រាវខ្លះសង្ស័យថា ប្រហែលជាអាចសង់បន្ថែមក្នុងរាជព្រះបាទយសោវម៌្មទេវ-ទី២ (យសោវរ្ម័នទី២)។ 

ចម្លាក់តូចៗដែលឆ្លាក់លម្អនៅតាមជ្រុងនៃជញ្ជាំង ផ្នែកខាងក្រោម គឺសុទ្ធសឹងតែជាសម្រង់ពីទេវកថាបែបវិស្ណុនិយម។ រីឯនៅតាមហោជាងវិញក៏មានចម្លាក់ទាក់ទងនឹងទេពផ្សេងៗ ដូចជា ហោងជាងខាងកើតគឺព្រះសិវនាដរាជ រីឯហោជាងខាងជើង ជាចម្លាក់ក្នុងរឿងរាមកេរ្ដិ៍ត្រង់វគ្គដែលព្រះលក្ម្សណ៍ត្រូវសរនាគបាសរបស់ឥន្ទ្រជិត និងហោជាងខាងលិច គឺព្រះវិស្ណុផ្ទុំ។ ចំណែកហោជាងខាងត្បូង មានការសឹករិចរឹលខ្លាំងដែលពិបាកនឹងយល់។ នៅតាមជញ្ជាំងនៃខឿនជាន់ទី៤វិញ គេយល់ថា ដើមឡើយមានចម្លាក់លម្អជុំវិញ។ ប៉ុន្តែសព្វថ្ងៃឃើញនៅមានខ្លះៗតែប៉ុណ្ណោះ។ 

នៅផ្នែកខាងក្រោម សម្រាប់ទេសចរដែលមានពេលច្រើន អាចទស្សនាចម្លាក់ដ៏ប្រណិតនៅតាមតួប៉មរណបដែលសង់អំពីឥដ្ឋ។ ដ្បិតអាយុកាលជាងមួយពាន់ឆ្នាំក្ដី តែចម្លាក់អំពីបាយអលើជញ្ជាំងខ្លះ នៅរក្សាទ្រង់ទ្រាយនិងក្បាច់លម្អិតយ៉ាងច្បាស់។ រីឯចម្លាក់លម្អលើគ្រឿងបង្គុំ ដូចជាផ្ដែរនិងសសរអំពីថ្មភក់ ក៏មានទឹកដៃសិល្បៈល្អវិចិត្រ៕

ព័ត៌មានទាក់ទង