ពីខែវិច្ឆិកា​ដល់​ខែមីនា ជា​ពេល​ស័ក្ដិសម​សម្រាប់​ទេសចរ​ទៅ​កម្សាន្ត​នៅ​អូរ​សោម​

01/01/2022 9:00 am ពោធិ៍សាត់

ដោយ​៖ ជឿន ស្រី​ណ​យ​

​ចន្លោះ​ពី​វិច្ឆិកា ដល់​ខែមីនា ជា​ពេលវេលា​ដែល​សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម មាន​អាកាសធាតុ​ត្រជាក់ ខ្យល់អាកាស​បរិសុទ្ធ និង​ផ្លូវ​ងាយ​ធ្វើដំណើរ​។ ជាមួយគ្នានេះ ប្រជាជន​ក្នុង​សហគមន៍​ក៏បាន​ត្រៀម​ផលិតផល​ទេសចរណ៍​ជាច្រើន សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាងមុខ​។​



​សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម មាន​ទីតាំង​ស្ថិតក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ សហគមន៍នេះ មាន​កន្លែង​កម្សាន្ត​បែប​ផ្សងព្រេង​ជាច្រើន​ដូចជា ទឹកធ្លាក់​ឆាយ​ប្រុយ​, អាង​ក្រពើ​ភ្នំ​, ស្ទឹង​តា​សុខ​, ភ្នំ​ខ្នង​ព្រះអង្គ​,  ចម្ការ​ស្រល់ និង​ភ្នំ​សំ​កុស​ជាដើម​។ ​កន្លែង​កម្សាន្ត​ដែល​នៅ​ជិតៗទីស្នាក់ការឃុំ​អូរ​សោម​ ក៏មាន​ច្រើន​ផងដែរ ដូចជា ទឹកធ្លាក់​ឆាយ​រការ​ឆាយ​ខ្ពស់​, អាងទឹក​អា​តៃ និង​ដំណាំ​បន្លែ ផ្លែឈើ ដែលជា​កន្លែង​ក​សិ​-​ទេសចរណ៍​។ ទន្ទឹមនឹង​សក្តានុពល​ទេសចរណ៍​ទាំងនេះ អាកាសធាតុ នៅ​អូរ​សោម ក៏​ជា​ធ្វើឱ្យ​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ កាន់តែ​មនោរម​បន្ថែមទៀត​។​



​បើតាម​លោក នួន លីម មគ្គទេសក៍​ទេសចរណ៍​នៅ​សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម រដូវប្រាំង​នេះ​ជា​ពេលវេលា​ស័ក្តិសម​សម្រាប់​ទេសចរ​ទៅ​លម្ហែ នៅ​អូរ​សោម​។ «​ភ្ញៀវ​មក​កម្សាន្ត​នៅ​អូរ​សោម​ច្រើន​ចន្លោះ​ពី​ខែ​១១ ដល់​ខែ​៣ ព្រោះ​រដូវប្រាំង ផ្លូវ​ស្ងួត​មិន​ពិបាក​ធ្វើដំណើរ​។ ចំណែក​អាកាសធាតុ​វិញ​នៅ​ខែ​១២ គឺ​ត្រជាក់​ខ្លាំង​រហូតដល់ ១៦​អង្សា ទៅ ១៧​អង្សា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នួន លីម ដោយ​បន្តថា បច្ចុប្បន្ន​ប្រជាជន​ក្នុង​សហគមន៍​ក៏បាន​បង្កើត​កន្លែង​ស្នាក់នៅ​បន្ថែម បូករួម​ជាមួយ​អាហារ​ដ្ឋា​ន ដើម្បី​ត្រៀម​ទទួល​ទេសចរ សម្រាប់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ខាងមុខ​។ 

​ជាមួយគ្នានេះដែរ អ្នកស្រី ស៊ី សូ​នី​តា ម្ចាស់​ហ្គោល​ឌិន​រី​សត នៅ​សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា រី​សត​របស់​អ្នកស្រី​បាន​ពង្រីក​កន្លែង​ស្នាក់នៅ អាហា​រដ្ឋា​ន និង​ហាង​កាហ្វេ​បន្ថែមទៀត ខណៈ​ភ្ញៀវទេសចរ​នៅ​អូរ​សោម​បន្ត​កើនឡើង​។ ម្ចាស់​ហ្គោល​ឌិន​រី​សត រូបនេះ​បន្ត​ដូច្នេះ​ថា​៖ «​បឹង​កា​ឡូ​កន្លែង​ខ្ញុំ​ឥឡូវ​មាន​ដល់ ១៣​ផ្ទះ​ហើយ​។ យើង​ពង្រីក​កន្លែង​ច្រើន ហើយ​យើង​ក៏បាន​បង្កើត​អាហារ​ដ្ឋា​ន​បន្ថែម​។ សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ គឺ​ភ្ញៀវ​កក់​ពេញ​អស់​ទៀតហើយ​»​។​



​នាពេល​បច្ចុប្បន្ន​សហគម​ន៍​អូរ​សោម មាន​រី​សត​ចំនួន​៥​កន្លែង និង​ផ្ទះសំណាក់​ចំនួន ៤​កន្លែង​។ តែ​កន្លែង​ស្នាក់នៅ ក្នុង​សហគមន៍​នេះ នៅតែ​ខ្វះខាត​សម្រាប់​ទទួលភ្ញៀវ​រាល់ពេល​បុណ្យទាន​។ ជាក់ស្ដែង កាលពី​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម​ទទួល​ទេសចរ​បាន​ប្រមាណ ១​ពាន់​នាក់ ហើយ​ភ្ញៀវទេសចរ​ខ្លះ​ត្រូវ​បោះតង់​សម្រាក ព្រោះ​គ្មាន​ផ្ទះសំណាក់​នៅ​ទំនេរ​៕

ព័ត៌មានទាក់ទង