«ប្រាសាទគុកយាយហម» ជាប្រាសាទបុរាណ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

30/06/2021 2:00 pm កំពង់ចាម

«ប្រាសាទគុកយាយហម» ជាប្រាសាទបុរាណចំណាស់មួយក្នុងខេត្តកំពង់ចាម។ អាយុកាលនៃប្រាសាទបុរាណមួយនេះពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ពីឆ្នាំកសាងនោះឡើយ។ ប្រាសាទនេះ ស្ងាត់ភ្ញៀវទេសចរខ្លាំង ដ្បិតថាទេសចរមិនសូវស្គាល់។



ប្រាសាទគុកយាយហម មានទីតាំងស្ថិតក្នុងភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវាលស្រែ ព័ទ្ធជុំវិញ និងមានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឯកសារខ្លះថា ប្រាសាទនេះ កសាងក្នុងសតវត្សន៍ទី៧ និងទី៨ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ មុនសម័យអង្គរ។ 

ជាមួយគ្នានេះ លោក សឹង ភារម្យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា អាយុកាលនៃការសាងសង់ ពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ដោយឡែក ឯកសារខ្លះទៀតថា ប្រាសាទនេះសាងសង់ឡើង ២លើក។ ដោយលើកទី១ ប្រាសាទ សង់ដោយឥដ្ឋក្នុងសតវត្សន៍ទី៧ និងទី៨។ ឯលើកទី២ ប្រាសាទនេះ សង់ក្នុងសតវត្សរ៍ទី១២ និងទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ 

ប្រាសាទគុកយាយហម មានតួប៉មប្រាសាទមួយធ្វើឡើងពីថ្មភក់ និងមានទ្វារចូលចំនួនបួនទិស។ នៅបរិវេណប្រាសាទនេះ មានសំណល់ផ្ទាំងថ្ម។ មេទ្វារប្រាសាទ បានធ្លាក់មកលើដី និងមានផ្ដែរទ្វារ ទម្រលើ បំណែកជើង ព្រមទាំងដងខ្លួនព្រះពុទ្ធជាដើម។ ក្រៅពីនេះ នៅផ្នែកខាងលិចនៃតួប្រាសាទ មានទួលបុរាណចំនួនពីរសង់ពីឥដ្ឋនៅសេសសល់។

បច្ចុប្បន្ន វត្ថុទាំងអស់ជុំវិញប្រាសាទ គឺនៅរក្សាសភាពដដែល ពោលគឺមិនទាន់បានរៀបចំសារជាថ្មី ឬយកទៅតំកល់ទុកនោះទេ។ លោកប្រធានមន្ទីរវប្បធម៌ បញ្ជាក់ដូច្នេះថា៖ «រូបបដិមានៅកន្លែងដដែលទាំងអស់។ ចំណែកការងាររៀបផ្គុំ ជាការងារខាងបេតិកភណ្ឌ័ណ៎ះ។ មន្ទីរ មិនមានលិទ្ធភាពទេ ព្រោះត្រូវការឡានស្ទួច។»

ជាមួយគ្នានេះលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ប្រាប់ ThmeyThmey25 ថា ប្រាសាទនេះ មានតែប្រជាពលរដ្ឋមូលដ្ឋាន ដែលស្គាល់ និងទៅទស្សនា ដ្បិតថា ប្រាសាទមួយនេះព័ទ្ធជុំវិញទៅដោយវាលស្រែ។ ផ្លូវទៅកាន់ប្រាសាទ មានការលំបាក់តិចតួច។ 

យ៉ាងណាមិញ លោក ជា សុវណ្ណវឌ្ឍនៈពញាជិន ជាអ្នកទេសចរមួយរូបបានទៅទស្សនា ប្រាសាទគុកយាយហម បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមតេឡេក្រាមថា៖ «ខ្ញុំធ្លាប់ទៅម្ដងដែរ។ ពេលនោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ចំពោះភ្ញៀវទេសចរ គឺថាច្រើនគួរសម ជាពិសេសពេលបុណ្យទាននានា។ ចំពោះផ្លូវពេលដែលខ្ញុំ ទៅរាងពិបាកបន្តិច តែឥឡូវអាចហ្នឹងមានកែលំអរ ខ្ញុំមិនដឹងច្បាស់»។

ឯកសារស្រាវជ្រាវ ដោយនិស្សិតឈ្មោះខុម ស្រីមុំ មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្ដល់ដោយលោក ភារម្យ អំពីរឿងរ៉ាវពាក់ព័ន្ធនឹងប្រាសាទបុរាណមួយនេះថា កាលពីដើមឡើយ មានស្ដេចមួយអង្គ (មិនស្គាល់ព្រះនាម) បានមកតាំងទីកន្លែងនេះ បង្កើតបានជាស្រុក និងកសាងប្រាសាទពីថ្មមួយ ដើម្បីធ្វើជាទីសក្ការបូជា។ 

ឯកសារ បញ្ជាក់ទៀតថា តំណក្រោយមក ស្រុកមានសង្គ្រាម ព្រះអង្គបានលើកទ័ពទៅច្បាំង តែបរាជ័យ រួចភៀសព្រះកាយ។ ប៉ុន្តែមុននឹងភៀសព្រះកាយ ទ្រង់អំពាវនាវស្វែងរកអ្នកស្ម័គ្រចិត្ត បូជាជីវិតដើម្បីមើលថែរក្សាប្រាសាទ និងទ្រព្យសម្បត្តិក្នុងប្រាសាទ។ ក្នុងពេលនោះមានតែយាយហមម្នាក់គត់ដែលស្ម័គ្រចិត្ត។ ព្រះអង្គក៏បញ្ជាឲ្យបូជា ដោយសម្លាប់យាយហម បញ្ចុះកប់នៅទីនោះ ហើយត្រូវបានគេហៅទីនោះថា «ប្រាសាទគុកយាយហម» តាំងពីពេលនោះមក។

សូមជម្រាបផងដែរថា បើតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយកាលពីឆ្នាំ២០១០ ខេត្តកំពង់ចាម មានប្រាសាទបុរាណដែលនៅមានរូបរាងចំនួន២៦។ ប្រាសាទបាក់បែកនៅសល់គ្រឹះប្រាសាទចំនួន១៤ ។ ស្រះ ជាទីតាំងយកថ្មសាងសង់ប្រាសាទចំនួន២៩ទីតាំងផងដែរ៕


 

ព័ត៌មានទាក់ទង