កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ

25/05/2023 5:27 pm ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី នៅឆ្នាំ២០៣៥។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដើម្បីលើកកម្ពស់និរន្តរភាពទេសចរណ៍ និងភាពប្រកួតប្រជែងទេសចរណ៍។



កាលពីថ្ងៃទី២៤ ខែឧសភា លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥»នេះ  នៅឆ្នាំ២០៣៥ កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត។ 
ជាមួយគ្នានេះ លោក ណេប សាមុត បញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ បានដាក់គោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន ការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍, ការលើកកម្ពស់និរន្តរភាពទេសចរណ៍  និងការលើកកម្ពស់បរិយាបន្នទេសចរណ៍។  



រដ្ឋលេខាធិការរូបនេះ បានបន្តថា បន្ទាប់ពីកែសម្រួលនៃសិក្ខាសាលានេះរួច ក្រុមការងារត្រូវរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះ ស្នើសុំលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

យ៉ាងណាមិញ យុទ្ធសាស្រ្តការលើកកម្ពស់និរន្តរភាពទេសចរណ៍ មានចំណុចសំខាន់ៗចំនួន៣ រួមមាន ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

ក្រៅពីនេះ  ការលើកកម្ពស់បរិយាបន្នទេសចរណ៍ ក៏មានយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា និងការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ៕


 

ព័ត៌មានទាក់ទង