អ្នកជំនាញប្រើបច្ចេកទេសបុរាណ ជួសជុលប្រាសាទឥដ្ឋឱ្យឈរយ៉ាងរឹងមាំ

11/07/2023 4:00 pm សៀមរាប

ប្រាសាទលលៃ ជាសំណង់បុរាណដែលស្ថិតនៅភាគឦសាននៃប្រាសាទព្រះគោ ប្រមាណជាងមួយគីឡូម៉ែត្រ។  ប្រាសាទនេះជាសំណង់ឥដ្ឋ ដែលមានតួប៉ម៤ កសាងក្នុងបារាយណ៍មួយ ដែលមានឈ្មោះថា ឥន្ទ្រតដាក  នាចុងសតវត្សរ៍ទី៩ (គ.ស ៨៩៣)។ ប្រាសាទលលៃ ត្រូវបានកសាងក្នុងរាជព្រះបាទយសោវម៌្មទេវ-ទី១។


 


ប្រាសាទលលៃ ក៏ជាសំណង់ឥដ្ឋ ដែលមានចម្លាក់យ៉ាងប្រណីត ប៉ុន្តែប្រាសាទលលៃបច្ចុប្បន្ន បានខូចខាតច្រើន។ ប្រាសាទនេះ ត្រូវបានជួសជុលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរា។ ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ជួសជុល និងថែទាំប្រាសាទនេះ។ 

ក្រុមការងារជួសជុលប្រាសាទឥដ្ឋ ត្រូវយកចិត្តទុកដាក់ខ្លាំង ព្រោះថា ឥដ្ឋបុរាណទាំងនេះ មានអាយុកាលជាង១០០០ឆ្នាំមកហើយ។ សុខភាពឥដ្ឋ ក៏ទ្រុឌទ្រោមតាមអាយុកាលផងដែរ។ ពិតមែនហើយ ឥដ្ឋបុរាណ កំពុងមានជំងឺច្រើន ដូច្នេះក្រុមការងារអាជ្ញាធរជាតិអប្សរា បានខិតខំតាមដានឥដ្ឋទាំងនេះ រៀងរាល់ថ្ងៃ។ 

ស្ថាបត្យករ បុរាណវិទូ និងវិស្វករ នៃអាជ្ញាធរជាតិអប្សរា ត្រូវនៅតាមការដ្ឋានជួសជុលប្រាសាទនីមួយៗ ដើម្បីមើលការខុសត្រូវនិយាយជារួម និងស្វែងយល់ពីសុខភាពប្រាសាទ និយាយដោយឡែក។ តាមប្រាសាទនីមួយៗ មិនអាចខ្វះអ្នកជំនាញខាងលើបានទេ ដ្បិតថា ប្រាសាទបុរាណ ត្រូវការអ្នកសិក្សាតាមជំនាញនីមួយៗ មកធ្វើការរួមគ្នា។ 

តើគេប្រើ ស៊ីម៉ងត៍ ដើម្បីរៀបឥដ្ឋ ដូចសម័យបច្ចុប្បន្ន ឬ?  អ្នកជំនាញ ប្រើបច្ចេកទេសបុរាណ ដើម្បីជួសជុលប្រាសាទបុរាណ។ ដូនតា ប្រើប្រាស់ «បាយអ» ដើម្បីរៀបឥដ្ឋ និងប្រើប្រាស់បាយអ ដើម្បីឆ្លាក់រូបចម្លាក់តាមហោជាង និងផ្ដែ។ 



លោក ស៊ឹម អៃ ជាប្រធានក្រុមកម្មករជួសជុលប្រាសាទលលៃ។ បុរសវ័យចំណាស់រូបនេះ បានចូលបម្រើជាមួយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ១៩៩៤មក។ មានបទពិសោធជិត៣០ឆ្នាំ លោក ស៊ឹម អៃ បានយល់ដឹងពីប្រាសាទច្រើន ដូចគ្រូពេទ្យថែទាំអ្នកជំងឺ។ 

ក្រុមការងាររបស់លោក ប្រើប្រាស់ឥដ្ឋថ្មីមួយចំនួន និងប្រើប្រាស់បាយអ តាមបច្ចេកទេសបុរាណ។ អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ប្រើប្រាស់ឥដ្ឋថ្មី ដើម្បីជំនួសចូលកន្លែងខូចខាត។ ប៉ុន្តែការប្រើឥដ្ឋថ្មីនេះ មិនត្រូវឱ្យបាត់ទម្រង់ដើមនៃប្រាសាទ នោះឡើយ។ 

នៅការដ្ឋានជួសជុលប្រាសាទលលៃ ក្រុមជាង និងអ្នកជំនាញ បានចែងចែកតួនាទីរៀងៗខ្លួន។ ក្រុមជាងជាច្រើននាក់ ដែលពោពេញដោយបទពិសោធ បាននាំគ្នាឡើងតាមរន្ទារ ដើម្បីជួសជុលប្រាង្គ ដែលខូចខាតខ្លាំង។ នៅខាងក្រោម ក្រុមការងារមួយចំនួន បាននាំគ្នាវាយឥដ្ឋឱ្យម៉ដ្ដ។ ឥដ្ឋម៉ដ្ត ត្រូវរែងយកកម្ទេចតូចៗ មកធ្វើជាបាយអ។ ឥដ្ឋម៉ដ្ត ត្រូវបានលាយជាមួយ សំបកលៀស ដែលក្លាយជាទឹក។ 

ការងារជួលជុល ត្រូវបានចប់រួចរាល់។ ក្រុមការងារជួលជុល បានដកសម្ភារៈចេញពីប្រាសាទនេះ ដោយជួសជុលផ្នែកដែលមានហានិភ័យខ្ពស់។ ក្រោយការជួសជុលយ៉ាងយកចិត្តទុកដាក់ និងប្រឹងប្រែង បច្ចុប្បន្ន ប្រាសាទលលៃ អាចឈរបានរឹងមាំបន្តទៅមុខទៀត៕ 
 

ព័ត៌មានទាក់ទង