កម្ពុជា ស្នើអូស្ត្រាលីពិចារណាលើការហោះហើរត្រង់ ដើម្បីពង្រឹងវិស័យទេសចរណ៍

30/03/2023 11:59 am ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា ស្នើអូស្រ្តាលីឱ្យពិចារណាលើការហោះហើរត្រង់ ដើម្បីពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ធំៗ នៅកម្ពុជាដល់ពលរដ្ឋអូស្រ្តាលី មកកម្សាន្តផងដែរ។ សំណើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមីនា។



លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់។ បើតាមលោក ថោង ខុន ក្នុងនោះទេសចរអូស្រ្តាលីមានជិត ៤ម៉ឺននាក់ កើនឡើងជាង ២ពាន់ភាគរយ នៅក្នុងឆ្នាំ២០២២។ ក្នុងជំនួបដដែលនោះ ភាគីកម្ពុជាបានសូមឱ្យ អូស្រ្តាលី ជួយជំរុញការវិនិយោគទេសចរណ៍ តាមរយៈការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន ក្រោមការផ្លាស់ប្តូរទេសចរណ៍ ការវិនិយោគពាណិជ្ជកម្ម និងវប្បធម៌។ 

«ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្រសួងទេសចរណ៍កម្ពុជា សូម ឯកឧត្តមពិចារណាលើការបង្កើតឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ»។ លោក ថោង ខុន  រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ដូច្នេះ។


ជំនួបរវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូចអូស្រ្តាលី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

បន្ថែមលើសំណើរខាងលើ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសុំឱ្យឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយព្រឹត្តិការណ៍ SEA Games និងASEAN Paragame ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងនោះ លោក ថោង ខុន ក៏បានឱ្យភាគី អូស្រ្តាលី បន្តផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដល់ប្រជាជនអូស្ត្រាលី ឱ្យមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនថែមទៀត។

យ៉ាងណាមិញ ក្នុងកិច្ចសហការនេះកម្ពុជា ក៏បានអញ្ជើញក្រុមអ្នកជំនាញដែលមានបទពិសោធ ក្នុងការរៀបចំ គ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច មកទស្សនកិច្ចសិក្សា និងផ្តល់បទពិសោធន៍ដល់មន្ត្រីកម្ពុជា។  លើសពីនេះ ការជំរុញការផ្លាស់ប្តូរព័ត៌មានទេសចរណ៍ ទស្សនវិស័យអប់រំ ការរៀបចំដំណើរកម្សាន្តដល់មន្ត្រី ប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ៕


 

ព័ត៌មានទាក់ទង