ក្រុងបាត់ដំបង នឹងប្រែជាទីក្រុងឆ្លាតវៃនាពេលអនាគត

25/01/2023 4:00 pm បាត់ដំបង

ភ្នំពេញ៖ លោក សុខ លូ បានឱ្យដឹងថា ក្រុងបាត់ដំបង នឹងប្រែជាទីក្រុងឆ្លាតវៃនាពេលអនាគត។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង កំពុងចាប់ផ្ដើមរៀបចំក្រុងឱ្យក្លាយទីក្រុងឆ្លាតវៃ។



ក្រុងបាត់ដំបង ដែលជាក្រុងមួយ សម្បូរបែប មានទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ និងសំណង់បុរាណជាដើម។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង កំពុងចាប់ផ្ដើមរៀបចំក្រុងឱ្យក្លាយទីក្រុងឆ្លាតវៃស្របតាមគម្រោងដែលបានដាក់ចេញ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃទី២៤ មករា លោក សុខ លូ លើកឡើងបែបនេះ៖ «ក្ដីស្រមៃរបស់រដ្ឋបាលខេត្ត យើងចង់ធ្វើឱ្យក្រុងបាត់ដំបង មានផ្លូវដើរ ផ្លូវជិះកង់ ដែលពលរដ្ឋអាចដើរទៅកាន់ផ្សាររាត្រី និងអាចដើរហាត់ប្រាណនៅតាមដងស្ទឹងសង្កែ។ យើងនឹងខិតខំធ្វើឱ្យក្រុងបាត់ដំបងក្លាយជាទីក្រុងឆ្លាតវៃនាពេលអនាគត»។ 


រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង

ដើម្បីប្រែក្លាយជាទីក្រុងឆ្លាតវៃ មានកិច្ចការជាច្រើន ដែលរដ្ឋបាលខេត្តបាត់ដំបងត្រូវធ្វើ គឺពាក់ព័ន្ធនឹងបរិស្ថាន សណ្ដាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោក សុខ លូ ទទួលស្គាល់ផលលំបាកដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងពេលរៀបចំជាទីក្រុងឆ្លាតវៃ។ លោក រៀបរាប់បែបនេះ៖ «ក្នុងដំណាក់កាលកសាង ប្រាកដជាលំបាក យើងសុខចិត្តលំបាកក្នុងរយៈពេលខ្លី យើងបានផលប្រយោជន៍រយៈពេលយូរអង្វែង»។

សូមបញ្ជាក់ថា នៅក្នុងក្រុងបាត់ដំបង មានផ្ទះបុរាណ ជាង៨០០ខ្នងផ្ទះ ដែលត្រូវបានអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមលោក សុខ លូ អភិបាលខេត្តបាត់ដំបង៕


រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង