ទន្សោងញីមួយក្បាលជាប់អន្ទាក់ ត្រូវបានជួយសង្គ្រោះនៅព្រៃសង្ឃរុក្ខាវ័ន​

24/01/2023 9:06 am ភ្នំពេញ

ភ្នំពេញ៖ ទន្សោងញីមួយក្បាល ទម្ងន់១៥០គីឡូក្រាម ត្រូវបានជួយសង្គ្រោះបន្ទាប់ពីមានរបួសដោយសារអន្ទាក់។ បច្ចុប្បន្នសត្វនេះ កំពុងមានសុខភាពខ្សោយ និងត្រូវបានមើលថែពីគ្រូពេទ្យ​ជំនាញ ដើម្បីឱ្យសុខភាពកាន់ប្រសើរ។



លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យបានប្រាប់សារព័ត៌មានThmeyThmey25ថា ទន្សោងមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញដើរនៅជិតចម្ការដំឡូង ​នៅម៉ោងប្រមាណជាង១០ព្រឹក នៅថ្ងៃទី២២ ខែមករា និងបានជូនដំណឹងមកគណៈកម្មការសហគមន៍។ បន្ទាប់មកនៅម៉ោង១កន្លះ​ថ្ងៃ ក្រុមការងារបានទៅឃើញ និងបញ្ជូនមកដល់ទីស្នាក់ការកណ្ដាលនៅម៉ោងជាង៣រសៀល។ 

លោក ថ្លៃ បញ្ជាក់ថា៖ « ពលរដ្ឋឃើញវា ​បែបជាឈឺជើង ទើបជូនដំណឹងមកយើង។ ពេលទៅដល់កន្លែងទន្សោងនោះ វាអស់កម្លាំងដើរមិនរួចទេ យើងបានចាំពេទ្យរបស់អង្គការ ប៉ុន្ដែ​ដោយសារយូរពេកក៏សម្រេចចិត្តយក មកទៅទីស្នាក់ការកណ្ដាល»។ 

លោក ទ្រី ស៊ីថេង អ្នកសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ទន្សោងមួយក្បាលនោះ អាចជាប់អន្ទាក់យូរគួរសម។ ជើងខាងមុខទាំងពីរ ​នៅជាប់ចំណងខ្សែអន្ទាក់នៅឡើង ដោយរឹតដល់ឆ្អឹង។ លោកបន្ថែមថា សុខភាពសត្វមួយនេះ ប្រសើរជាងមុន​ដោយសារអាចស៊ីចំណីបានហើយ ( ដោយសារការបញ្ចុក)។ 

ស្នាមជាប់អន្ទាក់ របស់ សត្វទន្សោងញីមួយក្បាលជាប់អន្ទាក់ត្រូវបានជួយសង្គ្រោះនៅព្រៃសង្ឃរុក្ខាវ័ន។ រូបភាពដោយលោក ទ្រី ស៊ីថេង។

« យើងឃើញថា វាខ្សោយណាស់។ បើតាមសង្ឃឹមអាចមិនច្រើនទេ ប៉ុន្ដែយើងនឹងព្យាយាមជួយតាមលទ្ធភាព។តាមការមើលតាមទិដ្ឋភាព ក្រុមការងារនឹងមើលថែសិន មុនសម្រេចធ្វើអ្វីបន្ត»។ នេះជាការបញ្ជាក់របស់លោក ស៊ីថេង ដោយលោកបន្ថែមថា សត្វទន្សោងញីជាប់អន្ទាក់ចំនួនពីរគឺអន្ទាក់ខ្សែគោ និងអន្ទាក់កាប។ ជាមួយគ្នានោះវាអាចមានអាយុត្រឹមពីរឆ្នាំប៉ុណ្ណោះ។ 

​ព្រៃ​សង្ឃសហគមន៍​រុក្ខាវ័ន​ មាន​ផ្ទៃដី ៣០២៥៤ហិកតាស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន ​បាន​ក្លាយ​ជា​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ននៅ​ឆ្នាំ​២០១៨។ ការណ៍នេះ ក៏ដោយសារ​មាន​ការ​តស៊ូ​ការពារ​តាំងពី​ឆ្នាំ​២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ។ ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ​​ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕ 

ព័ត៌មានទាក់ទង