ទន្សោងកើនកាន់តែច្រើនក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម បន្ទាប់ពីអន្ទាក់ថយចុះ

23/01/2023 2:21 pm កំពង់ស្ពឺ

ភ្នំពេញ៖ ទន្សោងនៅសហគមន៍ការពារសត្វព្រៃប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២២ អាចមានចំនួនជាង១០០ក្បាល។ ទន្សោងតំបន់នេះ អាចមានច្រើនដោយសារការការពារ និងអភិរក្សបានល្អ។



សត្វព្រៃ កំពុងបន្តរងការគំរាមកំហែង ដោយសារការដាក់អន្ទាក់នៅក្រៅព្រៃសហគមន៍ ដែលបណ្ដាលឱ្យសត្វទាំងនោះជាប់អន្ទាក់ និងរបួស បើទោះបីជាអន្ទាក់ថយចុះក្តី។ លោក សឿន ឡាយ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម បានលើកឡើងថា នៅដើមឆ្នាំ២០២៣ ក្រុមការងារនៅក្នុងសហគមន៍បានចុះល្បាត និងតាមដានចំនួនទន្សោងនៅក្នុងសហគមន៍ និងសង្កេតឃើញថា សត្វមាននៅតាមក្រុមនីមួយៗមានច្រើនជាងមុន។ ជាមួយគ្នានេះ តាមក្រុមមួយៗនៅក្នុងព្រៃ មានកូនទន្សោងទើបកើតក្រោយច្រើនគួរសម។ 

«នៅពេលប្រជាសហគមន៍ចុះល្បាត ភាគច្រើនឃើញពួកវាតាមក្រុមៗ។ ទន្សោង មានខ្លះនៅក្នុងព្រៃសហគមន៍ ខ្លះនៅក្នុងចម្ការអំពៅ មានចន្លោះពី៦ទៅ១០ក្បាល និងមានក្រុមខ្លះអាចមានលើសនេះ។ បើចង់ឃើញក្រុមរបស់វា យើងត្រូវអង្កេត និងស្វែងរកទៅទីតាំងរបស់វា»។ នេះជាការលើកឡើងរបស់លោក ឡាយ។ 

ទន្ទឹមនេះប្រធានសហគមន៍រូបនេះ  បានលើកឡើងថា នៅឆ្នាំ២០២២ អន្ទាក់ក្នុងសហគមន៍ដែលដោះបានមានចំនួនថយចុះ ប៉ុន្ដែបញ្ហាសត្វជាប់អន្ទាក់ និងមានរបួសនៅតែកើតមាននៅឡើយ។ 

លោក ឡាយ ប្រាប់ ThmeyThmey25 ដូច្នេះ៖ « អន្ទាក់ឆ្នាំនេះយើងដោះបានតិចជាងរាល់ឆ្នាំ។ អន្ទាក់នៅក្នុងព្រៃសហគមន៍គ្មានទេ ប៉ុន្ដែនៅក្នុងចម្ការអំពៅនៅតែមាន។ សព្វថ្ងៃក្រុមសហគមន៍ពិតជាពិបាកការពារអន្ទាក់នៅក្នុងចម្ការអំពៅ ដោយសារដីនោះ នៅក្រៅសហគមន៍ ដូច្នេះលើសដែនការពារ»។ 

បច្ចុប្បន្នបញ្ហាអន្ទាក់ក្រៅសហគមន៍ បានកំពុងគំរាមកំហែងដល់សុវត្ថិភាព និងការធ្វើដំណើររកចំណីនៅក្រៅសហគមន៍។ សូមបញ្ជាក់ថា សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍នេះ អាចជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងៗដូចជា ទន្សោង ខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀត៕ 

 

ព័ត៌មានទាក់ទង