អ្នកបម្រើការក្នុងវិស័យទេសចរនៅបាត់ដំបង ជាង៤០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍បន្ថែម  

25/11/2022 12:00 pm ភ្នំពេញ


ដោយ៖ អ៊ុត រស្មី 
កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា នឹងផ្ដល់ជំនាញទេសចរបន្ថែម ដល់អ្នកបម្រើការងារក្នុងវិស័យទេសចរនៅខេត្តបាត់ដំបងចំនួនជាង៤០០នាក់ ក្នុងឆ្នាំ២០២៣ខាងមុខ។



គម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។ ការបណ្ដុះបណ្ដាលលើអ្នកជំនាញទេសចរនៅខេត្តបាត់ដំបងនេះ  គឺដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឱ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក។ 

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Swisscontact ដែលបានសហការជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា។ 

លោក ប៉ាក់ សុខុម ក៏ស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តបាត់ដំបង ចូលរួមពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរ និងសូមបញ្ជូនបុគ្គលិកឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានច្រើន។ លោក ប៉ាក់ សុខុម ថ្លែងដូច្នេះ៖ «កម្មវិធីបណ្តុះបណ្តាលខាងលើគឺឥតគិតថ្លៃ ដែលអាចឱ្យលោក លោកស្រីមានធនធានមនុស្សល្អៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងកើនប្រាក់ចំណូលផងដែរ»។


លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។

លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ បានលើកឡើងថា  ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់ ក្នុងការផ្តល់នូវការសិក្សាជំនាញវិជ្ជាជីវៈដល់ អ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីឱ្យពួកគេ ទទួលបានឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ។ 


លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់។

គួរជម្រាបថា កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា បានបណ្ដុះបណ្ដាលអ្នកជំនាញទេសចរប្រមាន៣០០០នាក់ ចាប់តាំងពីឆ្នាំ២០១៧មក នៅខេត្តគោលដៅភូមិភាគឦសាន ចំនួណ៥ និងបន្តដល់ខេត្ត៥ទៀត រួមមាន ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ៕ 
 

ព័ត៌មានទាក់ទង