ក្រសួងកសិកម្ម ឱ្យអ្នកចិញ្ចឹមសត្វដាក់ពាក្យស្នើសុំនាំចេញសត្វទៅចិន

29/09/2022 9:00 am ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានភាពរីកចម្រើន ដោយការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មបានកើនចំនួន៣៩ ភាគរយនៅឆ្នាំ២០២១។ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យពលរដ្ឋមកធ្វើបែបបទ ដើម្បីស្នើសុំការនាំចេញសត្វទៅចិន នាពេលអនាគត។



បើតាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ការសហការជាដៃពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ស្របតាមតម្រូវការខ្លាំងនៅចិន។ ក្នុងនោះ កម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងនាំចេញផលិតផលមួយចំនួនដូចជា អង្គរ ម្សៅដំឡូងមី ចេកស្រស់ ស្វាយស្រស់ ដំណាប់ស្វាយ ពោត និងផ្លែមៀនជាដើម។ 

ជាមួយគ្នានេះ  អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ បានផ្តល់ដំណឹងដល់អ្នកវិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វទៅចិន ដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ និងស្បែកជ្រូកជាដើម ។ 

លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានឱ្យពលរដ្ឋមកធ្វើបែបបទ ដើម្បីស្នើសុំការនាំចេញសត្វ និងផលិតផលសត្វទៅចិន  ឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗ។ ការស្នើនេះ ដើម្បីឱ្យអគ្គនាយកដ្ឋាន មានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធ សម្រាប់អនុញ្ញាតពីភាគីចិន ដើម្បីចុះត្រួតពិនិត្យ ដោយការវាយតម្លៃហានិភ័យ ក៏ដូចជាឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងនាំចេញ។


ក្នុងឆ្នាំ២០២១ ផលិតកម្មសត្វមានការកើនឡើង ១១,២ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការផ្គត់ផ្គង់ក្នុងស្រុក ៨៧ភាគរយផងដែរ។ ចំណែកការចិញ្ចឹមសត្វ បែបពាណិជ្ជកម្មកើនឡើងពី២០ភាគរយ ក្នុងឆ្នាំ២០១៧ រហូតដល់ ៣៩ភាគរយ ក្នុងឆ្នាំ២០២១ផងដែរ៕

 

ព័ត៌មានទាក់ទង