រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​ពិធី​អុំទូក​នៅ​សប្ដាហ៍​ទី​២ ខែតុលា​

28/06/2022 12:00 pm កំពង់ធំ

ដោយ​៖ ញឹក ស្រីល័ក្ខ (Nhek Sreyleak)

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​ពិធី​អុំទូក​ឡើងវិញ​នៅ​សប្ដាហ៍​ទី​២ នៃ​ខែតុលា ក្រោយ​ខកខាន​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​២៤ មិថុនា​។​



​ក្នុង​ឆ្នាំ​២០២២​នេះ រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​ពិធី​អុំទូក​ឡើងវិញ បន្ទាប់ពី​ខកខាន​ដោយសារ​បញ្ហា​កូ​វីដ​-១៩​។ បើតាម​រដ្ឋបាល​ខេត្តកំពង់ធំ កម្ម​ពិធី​អុំទូក នឹង​រៀបចំ​នៅក្នុង​សប្ដាហ៍​ទី​២ នៃ​ខែតុលា ឆ្នាំ​២០២២​។ ក្នុង​សេចក្ដីជូនដំណឹង​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បញ្ជាក់​ពី​គោលបំណង​នៃ​ការរៀបចំ​ពិធី​អុំទូក​ដូច្នេះ​៖ «​ការរៀបចំ​នៅ​ឆ្នាំនេះ ក្នុង​ស្មារតី​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ និង​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ជូន​សាធារណជន និង​ប្រជាពលរដ្ឋ​បាន​កម្សាន្ត​សប្បាយ​»​។​

​ពាក់ព័ន្ធ​នឹង​ពិធី​អុំទូក​នេះ រដ្ឋបាលខេត្ត​កំពង់ធំ អំពាវនាវ​ឱ្យ​តាម​វត្ត​អារាម​ដែលមាន​ទូក ត្រូវ​ចុះឈ្មោះ​ទូក​នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ជាមួយគ្នានេះ គណៈកម្មការ​គ្រប់គ្រង​ទូក​ទាំងអស់ គួរ​ត្រៀមលក្ខណៈ​សម្បត្តិ ពិនិត្យ​ស្ថានភាព​ទូក និង​ជួសជុល លាបលន​ថ្នាំ​ថ្មី​។ លើសពីនេះ ត្រូវ​ត្រៀម​ហ្វឹកហាត់​កីឡាករ កីឡាការិនី និង​ដាក់ពាក្យ​ចុះឈ្មោះ​ចូលរួម​ក្នុង​ពិធី​អុំទូក​ឱ្យបាន​ច្រើន​កុះករ​។ 

​គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។​

​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​៕

ព័ត៌មានទាក់ទង