ភ្ញៀវទេសចរបន្តកើនឡើងរៀងរាល់សប្តាហ៍ ក្រោយជំងឺកូវីដ-១៩ធូរស្រាល

20/06/2022 5:00 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ
ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ទេសចរជាតិចាប់ផ្ដើមមាននិន្នាការដើរកម្សាន្តចុងសប្តាហ៍។ ការណ៍នេះបានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរតែងកើនឡើង។ ជាក់ស្ដែងនាចុងសប្តាហ៍ទី៣ នៃខែមិថុនា ភ្ញៀវទេសចរ ដើរកម្សាន្តទូទាំងប្រទេសជាង ៣៦ម៉ឺននាក់ កើនឡើង ជាង១១ភាគរយបើធៀបនឹងចុងសប្តាហ៍ទីពីរនៃខែមិថុនា។



សន្ទុះភ្ញៀវទេសចរក្នុងខែមិថុនា កើនឡើងគួរឱ្យកត់សម្គាល់ ដោយរយៈពេល៣សប្តាហ៍នៃ កម្ពុជាមានទេសចរដើរកម្សាន្ត​ ជិត១លាននាក់ ។​ ក្នុងនោះកាលពីចុងសប្តាហ៍ទី១ ទេសចរដើរកម្សាន្តទូទាំងប្រទេស ២៩៤ ៤៤៤នាក់ ដោយទេសចរអន្តរជាតិមាន ១៨៧ ១០នាក់។ នាចុងសប្តាហ៍ទី២ទេសចរដើរកម្សាន្តចំនួន ៣២៧ ១៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៦៩ ០៤នាក់ និងចុងសប្តាហ៍ទី៣ ទេសចរសរុប​៣៦៤ ៦៣៦នាក់​ ក្នុងនោះទេសចរអន្តរជាតិ ១៩ ៤៩៣នាក់។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចររៀងរាល់ចុងសប្តាហ៍ពីក្រសួងទេសចរណ៍។

ជាមួយគ្នានេះភ្ញៀវទេសចរ នាចុងសប្តាហ៍ទី៣នៃខែមិថុនា កើនឡើងខ្លាំងនៅខេត្តព្រះសីហនុ កំពត និងសៀមរាប។ បើតាមក្រសួងទេសចរណ៍ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ និង កំពត ត្រូវបានភ្ញៀវទេសចរស្នាក់នៅស្ទើរពេញទាំងស្រុង។ ចំណែកខេត្តសៀមរាប មានភ្ញៀវទេសចរដើរកម្សាន្តកុះករ នៅរមណីយដ្ឋានសួនបៃតងអង្គរ (អតីតភូមិវប្បធម៌) ទើបធ្វើឱ្យខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ៤៨ ៨៦៧​នាក់។ លើសពីនេះ ការបើកដំណើរការជើងហោះហើរពីក្រុងហូជីមិញ ទៅខេត្តសៀមរាប ក៏ធ្វើឱ្យមានកំណើនទេសចរអន្តរជាតិ។

ចំណែក​ខេត្តបាត់ដំបងវិញ​ ក៏មានទេសចរដើរកម្សាន្តច្រើនដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៨និង១៩មិថុនា បាត់ដំបងទទួលបានភ្ញៀវទេសចរ ៤៣ ៦២១នាក់ ក្នុងនោះទេសចរអន្តរជាតិ ១១១នាក់​។ ដោយឡែកខេត្តកែបឯណោះវិញ ទទួលបានទេសចរ ៣៤ ៥០០នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៧៨នាក់​។

សូមជម្រាបដែរថា ក្រសួងទេសចរណ៍រំពឹងនៅឆ្នាំ២០២២ កម្ពុជានឹងទទួលបានទេសចរសរុប ១០លាននាក់  ក្នុងនោះទេសចរអន្តរជាតិ ១លាននាក់។ ជាមួយគ្នានោះក្រសួងទេសចរណ៍មាន សុទិដ្ឋិនិយមថាឆ្នាំ២០២៣ កម្ពុជាមានទេសចរជាតិ ១១លាននាក់ និងឆ្នាំ២០២៥មានទេសចរអន្តរជាតិ ៧លាននាក់៕


 

ព័ត៌មានទាក់ទង