ប្រធានក្រុមប្រឹក្សាភិបាលCATAស្នើឱ្យអាជីវករទេសចរណ៍សិក្សាគម្រោងអាជីវកម្មបន្ថែម មុនខ្ចីសហហិរញ្ញប្បទានពីរដ្ឋ

20/05/2022 5:00 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ
រដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តកម្ចី សហហិរញ្ញប្បទានទឹកប្រាក់ ១៥០ លានដុល្លារដើម្បីស្ដារវិស័យទេសចរណ៍។ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា(CATA)យល់ថាគម្រោងនេះនឹងជួយស្រោចស្រង់វិស័យទេសចរណ៍បានមួយចំនួន។ ទន្ទឹមនេះលោក ហូ វណ្ឌី ណែនាំឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ សិក្សាពីគម្រោងអាជីវកម្មជាមួយអ្នកជំនាញ មុនដាក់ពាក្យខ្ចីថវិកាពីគម្រោងសហហិរញ្ញប្បទាន ព្រោះទេសចរណ៍មិនមែនជាវិស័យដែលងើបភ្លាមៗនោះទេ​។


 

អ្នករកស៊ី និង​បុគ្គលិកក្នុងវិស័យទេសចរណ៍ប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ-១៩ ប្រមាណ២ឆ្នាំមកនេះ។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍គិតត្រឹមថ្ងៃទី៣១មីនា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍ចំនួន ១ ៤២៨ទីតាំងបន្តបិទ និងព្យួរនៅឡើយ ខណៈបុគ្គលិកក្នុងវិស័យទេសចរណ៍ចំនួន ២៣ ៨៤៣នាក់បន្តរងផលប៉ះពាល់។ យ៉ាងណាមិញវិស័យទេសចរណ៍ហាក់ងើបឡើងបន្តិចនាឆ្នាំ២០២២នេះ ដែលតម្រូវឱ្យអ្នករកស៊ីក្នុងវិស័យនេះត្រូវការដើមទុនមកស្ដារអាជីវកម្មឡើងវិញ។



យោងតាមផែនការស្ដារវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច បានទម្លាក់កម្ចីសហហិរញ្ញប្បទានសម្រាប់ទ្រទ្រង់វិស័យនេះចំនួន ១៥០លានដុល្លារ។ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា(CATA)ណែនាំឱ្យប្រតិបត្តិករធ្វើគម្រោងអាជីវកម្ម និងសិក្សាជាមួយអ្នកជំនាញ មុនដាក់ពាក្យខ្ចីថវិកាពីសហហិរញ្ញប្បទានរបស់រដ្ឋាភិបាលនេះ។

លោក ហូ វណ្ឌី បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ៖ « ពួកគាត់(អាជីវករ) ត្រូវមានផែនការច្បាស់លាស់ ត្រូវជួបប្រជុំនៅក្នុងសមាគមរបស់ពួកគាត់ ព្រោះគ្រប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍សុទ្ធតែមានសមាគមរបស់ពួកគាត់។ ពួកគាត់គួរតែពិគ្រោះយោបល ជាមួយអ្នកជំនាញ ដើម្បីឱ្យគេចង្អុលបង្ហាញពីផ្លូវនៃអាជីវកម្មរបស់គាត់ទៅថ្ងៃមុខ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍មិនមែនងើបឡើងវិញដូចមុនកូវីដ-១៩នោះទេ »។

យ៉ាងណាមិញប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា ដែលមានបទពិសោធក្នុងវិស័យទេសចរណ៍ជាច្រើនឆ្នាំរូប នេះជឿថាការទម្លាក់កម្ចីសហហិរញ្ញប្បទាននេះជាការស្រោចស្រង់វិស័យទេសចរណ៍មួយកម្រិត ព្រោះអាជីវករមួយចំនួនធំត្រូវការទុនសម្រាប់រស្ដារអាជីវកម្មឡើងវិញ។  លោក ហូ វណ្ឌី បន្ថែមដូច្នេះ៖ « យើងជឿថាកម្ចីនេះជាការស្រោចស្រង់អ្នកក្នុងវិស័យទេសចរណ៍ ប៉ុន្តែមិនទាំងអស់ទេ។ ក្នុងករណីបើសិនជាពួកគាត់(អាជីវករ)ត្រូវការទុនធំ នោះក៏មិនអាចទទួលយកបានដែរ​ ព្រោះថវិការដ្ឋាភិបាលមានកំណត់ដែរ »។

សូមបញ្ជាក់ថា សហហិរញ្ញប្បទានទឹកប្រាក់ ១៥០លានដុល្លារ ជាបដិភាគរវាងថវិការដ្ឋ ៧៥លានដុល្លារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ៧៥លានដុល្លារ។ កម្ចីនេះមានការប្រាក់ ៦.៥ភាគរយ និងមានទំហំកម្ចីរហូតដល់ ៤០ម៉ឺនដុល្លារ។ ឥទានកម្ចីនេះផ្ដោតលើ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ផលិតផល និងសេវាដែលគាំទ្រដល់វិស័យទេសចរណ៍៕
Relate 115420
 

ព័ត៌មានទាក់ទង