Thmey Thmey 25
សួនកែច្នៃថ្មីនៅសៀមរាប «រុក្ខជាតិអង្គរ» ជាង១៥ហិកតា ដាក់សម្ពោធនៅថ្ងៃនេះ
19/05/2022 11:00 am សៀមរាប

សៀមរាប៖ «សួនរុក្ខជាតិអង្គរ» ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុង ភូមិត្រពាំងសេះ ឃុំគោគចក ក្រុងសៀមរាប ដែលមានរុក្ខជាតិជាង៥០០ប្រភេទ និងសត្វជាច្រើនប្រភេទដែរ។ ផ្កា ស្មៅ ឈើហូបផ្លែ និងបន្លែចម្រុះពូជជាច្រើន ត្រូវបានដាំជា៥ផ្នែកផ្សេងគ្នា សម្រាប់ទទួលទេសចរ។ សួន«រុក្ខជាតិអង្គរ» ដែលមានទំហំ ជាង ១៥ហិកតានេះ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ បន្ថែមលើគោលដៅប្រាង្គប្រាសាទ ក្នុងខេត្តសៀមរាប។ 




សួនរុក្ខជាតិអង្គរ ស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ (ហ្សាលដឺហ្គោល Charles De Gaulle ) ជិតបុរីប្រិមប្រិយ ទល់មុខសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ។ បើទេសចរធ្វើដំណើរពីក្រុងសៀមរាប ទេសចរនឹងឃើញស្លាក «សួនរុក្ខជាតិអង្គរ» យ៉ាងធំនៅខាងឆ្វេងដៃ។  សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយ នៅក្នុងខេត្តសៀមរាប។ មានទំហំជាង១៥ហិកតា ដែលមានរុក្ខជាតិរាប់ម៉ឺនដើម សួនរុក្ខជាតិអង្គរនេះ ត្រូវ​បានពង្រីក និងកែលម្អបន្ថែម ពីសួនគ្រឿងទេសដែលដើមឡើយមានទំហំត្រឹមជាង២ហិកតាប៉ុណ្ណោះ។

នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះឱ្យកាន់តែធំ ដោយរៀបចំប្រព័ន្ធ​ទឹក ដែលមានប្រភព​ពីស្ទឹងសៀមរាប ដើម្បីស្រោចស្រពរុក្ខជាតិទាំងនេះ។ រហូតដល់ឆ្នាំ២០១៨ អាជ្ញាធរ ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះ។

​ស្ថិតក្រោមកម្តៅថ្ងៃម៉ោង១០ព្រឹក ក្នុងសួនរុក្ខជាតិអង្គរ ដែលពោរពេញទៅរុក្ខជាតិចម្រុះពណ៌ជាច្រើន អមដោយសំឡេងរៃយំ និងសំឡេងទឹកទុយោផងនោះ



 
លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានប្រាប់កញ្ញា ហុង ស្រីណា អ្នកសារព័ត៌មានថ្មីៗ២៥ ដែលដើរជាមួយគ្នាថា អាជ្ញាធរជាតិអប្សារា ​សម្រេចពង្រីកសួននេះ ដើម្បីបំពេញបន្ថែមតម្រូវការ​របស់អ្នកទេសចរ ដែលមិនចង់ត្រឹមតែទៅទស្សនាតាមប្រាង្គប្រាសាទនោះទេ។ អ្នកទេសចរ ច្បាស់ជាមានចំណាប់នឹងការកម្សាន្តថ្មីៗ និងការទស្សនាអ្វីផ្សេងដែរ ហើយការកែច្នៃរមណីយដ្ឋានថ្មីបន្ថែម ជាកត្តាទាក់ទាញទេសចរជិតឆ្ងាយឱ្យមកកម្សាន្តខេត្តសៀមរាបបន្ថែមទៀត។ នេះបើតាមការរៀបរាប់របស់លោក យិត ចាន់ដារដ្ឋ ដែលលោកបន្តទៀតថា សួនរុក្ខជាតិអង្គរ ក៏នឹងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាអភិរក្សរមណីយដ្ឋានអង្គរប្រកបដោយចីរភាពដែរ។

បន្តដំណើរមកដល់សួនអម្បូរត្នោត លោក យិន ចាន់ដារដ្ឋ បង្អាក់បន្តិចរួចលើកឡើងពីគោល​ដៅនៃការកែច្នៃសួននេះថា៖ «យើងកែប្រែសួននេះ ដើម្បីជាផលប្រយោជន៍ដល់ទេស​ចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាង្គប្រាសាទរបស់យើង។ យើងចង់បន្ថែមចំណុចទាក់ទាញបន្ថែមទៀត ដោយផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ក្រៅពីអង្គរ។ គាត់ [ទេស ចរ] អាចមកសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិកម្រទាំងក្នុងប្រទេស និងក្រៅប្រទេស»។ 
 



ពន្លឺព្រះអាទិត្យហាក់មិនប្រណីដល់ដំណើរទស្សនាសួនរុក្ខជាតិអង្គររវាង លោក យិន ចាន់ដារដ្ឋ និងកញ្ញា ហុង ស្រីណា ឡើយ។ ដ្បិតសីតុណ្ហភាពក្តៅបន្តិចក្តី ប៉ុន្តែកូនដូងអមសងខាងផ្លូវជាច្រើន បានក្លាយជាម្លប់បង្អាក់ដំណើរអ្នកទាំងពីរមុខភ្នំប្រង់ ដែលប្រមូលផ្តុំដោយពូជប្រង់ជាច្រើន និងអាយុកាលរាប់រយឆ្នាំ។ លោក ចាន់ដារដ្ឋ បានឆ្លៀតប្រាប់ថា ការរៀបចំពង្រីកនេះ ត្រូវបានរចនាឡើងដោយបែងចែកជា៥ផ្នែក ខុសៗគ្នា។ 

ផ្នែកទី១ ជាសួនគ្រឿងទេស និងសួនឱសថ។ សួននេះប្រមូលផ្តុំដោយរុក្ខជាតិកម្រ សម្រាប់ដាំស្ល និងធ្វើជាគ្រឿងទេស និងធ្វើជាឱសថបុរាណ ដែលពលរដ្ឋខ្មែរមានជំនឿយកទៅព្យា បាលជំងឺផ្សេងៗ។ សួនទី២ គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ។ សួននេះ ប្រមូលផ្តុំដោយប្រភេទផ្កាស្មៅលម្អ និង​ផ្កាឈូករ័ត្ន ស្បៃរឿង ផ្កាសិរមាន់ និងប្រភេទផ្កាផ្សេងៗជាច្រើនទៀត​។ ប្រភេទផ្កាទាំងនេះ ត្រូវបានដាំឆ្លាស់គ្នាតាមរដូវកាល​។ 

ផ្នែកទី៣ គឺជាសួនអម្បូរត្នោត ដែលបណ្តុំទៅដោយ​រុក្ខជាតិអម្បូរត្នោត ប្រភេទដូងចម្រុះ និងស្លាផ្សេងៗ ​ប្រភេទល្ម៉ើ និងមានភ្នំប្រង់ក្នុងនោះផង។ ចំណែកទី៤ គឺសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែ ដូចជាដើមស្វាយចម្រុះពូជ និងក៏មានប្រភេទឈើហូបផ្លែនាំចូលពីបរទេស​ដូចជា ដើមកៅឡាក់ជាដើម។ ផ្នែកទី៥ គឺសួនព្រៃឈើ និងសត្វព្រៃអង្គរ។ សួននេះ ជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែត្រូវបានកែច្នៃឱ្យមានផ្លូវដើរ មានទឹក​ធ្លាក់ ជាពិសេសមានសត្វព្រៃមួយចំនួនផង​។ ទេសចរអាចដើរកម្សាន្តក្នុងព្រៃ គយគន់ទឹកធ្លាក់ និងមើលសត្វ​។

សួនរុក្ខជាតិ បានរៀបចំរួចរាល់ស្ទើរទាំងស្រុង រង់ចាំតែថ្ងៃបើកសម្ពោធជាផ្លូវការប៉ុណ្ណោះ។ បន្តដំណើរមកសួនផ្កាស្មៅ និងផ្កាចម្រុះ ដែលមើលទៅឃើញសួនផ្កាឈូករ័ត្ន ផ្កាស្បៃរឿង ផ្ទះ​ដើមឈើ និងបឹងរូបបេះដូងយ៉ាងស្រស់ស្អាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារូបនេះ បានលើកឡើងថា ពីមុននៅទីនេះជាសំណង់មិនរៀបរយ ​ហើយអាជ្ញាធរអប្សរា បាន​ដោះដូរដីជាមួយម្ចាស់សំណង់ ដើម្បីយកទីតាំងនេះ មកកែប្រែជាសួន។ 




រំឭកស្ថានភាពនៃទីតាំងនេះបន្តិច លោក ចាន់ដារដ្ឋ ក៏បង្ហើបពីគម្រោងកែច្នៃសួននេះ ឱ្យកាន់តែស្អាត ទាក់ទាញ និងមានស្តង់ដារនាពេលខាងមុខ ហើយជាការរៀបចំសួនដែលមិនធ្លាប់មាននៅកម្ពុជានោះដែរ។ លោក ចាន់ដារដ្ឋ រៀបរាប់ដូច្នេះ៖ «យើងចង់ធ្វើជា Botanic gardens ដែលជាកន្លែងមួយប្រមូលផ្តុំដោយរុក្ខជាតិកម្រ ប្លែកៗ និងរុក្ខជាតិចម្រុះទូទាំងពិភពលោក។ យើងអាចប្រមូលផ្តុំតាមអ្វីដែលធ្វើទៅបាន ដើម្បីដាក់តាំងបង្ហាញឱ្យគេស្គាល់ សិក្សា និងពិសោធន៍ដើម្បីបង្កាត់ពូជផងដែរ។ សួននេះ ត្រូវតែមានលក្ខណៈធម្មជាតិ ជីវចម្រុះ និងមានភាពទាក់ទាញ»។

សម្រាប់ លោក យិត ចាន់ដារដ្ឋ ការរៀបចំសួនឱ្យមានលក្ខណៈស្តង់ដារធំមួយ ទាមទារឱ្យលក្ខណៈពិសេសច្រើន ហើយការដាំដុះ និងថែទាំ ក៏ត្រូវការឱ្យមានភាពប៉ិនប្រសប់ អត់ធ្មត់ និងស្រលាញ់ថែមទៀតផង។ នៅចំពីមុខសួនផ្កាស្បៃរឿង យ៉ាងស្រស់បំ​ព្រង​ លោក ចាន់ដារដ្ឋ បានប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ថា៖«រៀបចំសួនមួយ ប្រសិនបើយើងមិនធ្វើដោយបេះដូងទេ មិនធ្វើដោយសេចក្តីស្រលាញ់ទេ វាមិនងាយស្រួលឡើយ។ បើយើងស្រលាញ់ផ្កា តែមិនចេះថែផ្កា វាលំ​បាក​ណាស់»។



​លោក យិន ចាន់ដារដ្ឋ ក៏បានលើកឡើងអំពីលះបង់ដ៏មានតម្លៃនៃអ្នកពាក់ព័ន្ធនឹងការងាររៀបចំសួននេះ ខណៈដែលអ្នកទស្សនាទាំង២នាក់ ក្រឡេកមើលទៅមនុស្សមនុស្សប្រមាណ ១០នាក់ ដែលកំពុងធ្វើការយ៉ាងញាប់ដៃសម្អាតស្មៅ និងរៀបចំដីដើម្បីផ្កាបន្ថែម នៅលើសួនមួយផ្សេងទៀត នៅក្បែរ​សួនផ្កាស្បៃរឿងនេះ។ ​ គ្រប់គ្នាធ្វើការបណ្តើរ ជជែកគ្នាបណ្តើរយ៉ាងរីករាយ ហើយមើលទៅហាក់ពេញចិត្តនឹងការងារនេះណាស់។

«ខ្ញុំមានមោទកភាព ក្នុងនាមជាថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ហើយក៏សូមថ្លៃអំណរគុណក្នុងនាមសហការី និងបងប្អូនពលករ។ គាត់ធ្វើការដោយសេចក្តីស្រលាញ់ ដោយភាពអំណត់ យកចិត្តទុកដាក់ក្នុងការដាំដុះ ថែរក្សារុក្ខជាតិទាំងអស់នៅក្នុងសួននេះសម្រាប់ទេសចរជាតិ និងអន្តរជាតិ»។ នេះជាការរៀបរាប់របស់ លោក ចាន់ដារដ្ឋ។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា ​ត្រៀមបើកសម្ពោធសួនរុក្ខជាតិអង្គរជាផ្លូវការ នៅថ្ងៃទី ៩ ខែឧសភានេះ ជាមួយនឹងការអនុញ្ញាតឱ្យទេសចរជាតិ និងអន្តរជាតិ ​ចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល១ខែដំបូងនៃការបើកដំណើរការ៕

ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com