សហគមន៍តាំងបំពុងចំណូលបានប្រមាណ ១០លានរៀល នៅបុណ្យអុំទូក

22/11/2021 2:00 pm កំពង់ស្ពឺ


ដោយ៖ ជឿន ស្រីណយ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក សហគមន៍តាំងបំពុង ទទួលភ្ញៀវទេសចរចំនួន ៣៨០នាក់ប៉ុណ្ណោះ។ បើតាមលោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង ទិន្នន័យភ្ញៀវទេសចរនេះ បានផ្ដល់ចំណូលដល់សហគមន៍ប្រមាណ ១០លានរៀលផងដែរ។



លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង បានប្រាប់សារព័ត៌មានThmeyThmey25 ថា ភ្ញៀវទេសចរប្រមាណ ៣ទៅ៥ក្រុម បានលុបចោលការកក់ជាមួយសហគមន៍ សម្រាប់ការនាំពួកគេឡើងភ្នំវិញ ព្រោះបារម្ភខ្លាចមានមនុស្សច្រើនពេក ទើបធ្វើឱ្យអ្នកឡើងភ្នំខ្នងផ្សានាពិធីបុណ្យអុំទូកនេះ មានត្រឹម៣៨០នាក់ប៉ុណ្ណោះ។

« ភ្ញៀវទេសចរមួយរយៈចុងក្រោយនេះធ្លាក់ចុះតែយ៉ាងណា យើងទទួលបានចំណូលប្រមាណ ១០លានរៀលដែរ តាមរយៈភ្ញៀវជួលគោយន្ត ជួលមគ្គទ្ទេសក៍ទេសចរ និងប្រជាជនគាត់លក់ដូរ »។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសហគមន៍តាំងបំពង់។

យ៉ាងណាមិញ ភ្ញៀវទេសចរដើរកម្សាន្តនាឱកាសឈប់សម្រាកពិធីបុណ្យអុំទូក នៅខ្នងផ្សានេះមិនបានបង្ករបញ្ហាបរិស្ថាននោះទេ។​ លោក ហ៊ុន សៅ លើកឡើងថា ភ្ញៀវទេសចរមានការយល់ដឹងពីការគ្រប់គ្រងសំរាមរបស់ពួកគេ ។

សូមជម្រាបដែរថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរដើរលេងទូទាំងប្រទេស សរុប ៩១០ ១៥០នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងចំនួន១០ ២៨១នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ សៀមរាប និងតំបន់សមុទ្រ ៕
 

ព័ត៌មានទាក់ទង