ទឹកជ្រោះចាក់អង្រែក្រោម លាក់សម្រស់នៅភ្នំត្បែង

18/11/2021 5:00 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ

ទឹកជ្រោះចាក់អង្រែក្រោម  ឬ ទឹកជ្រោះអន្លង់ស្វាយ មានទេសភាពយ៉ាងប្រណីត អមដោយធម្មជាតិពណ៌បៃតង និងផ្ទាំងសិលា ស្ថិតនៅភ្នំត្បែង ក្នុងខេត្តព្រះវិហារ។ ។ ទឹកជ្រោះនេះ មានកម្ពស់២០ម៉ែត្រ និងមានជម្រៅប្រមាណ៧ម៉ែត្រ។



ទឹកជ្រោះចាក់អង្រែក្រោម មានទីតាំង លើភ្នំត្បែង ក្នុងភូមិបាក់កាំ   ឃុំឈានមុខ  ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ដ្បិតមានទេសភាពទាក់ទាញ ប៉ុន្តែមិនសូវមានទេសចរច្រើននោះទេ ដែលស្គាល់ទឹកជ្រោះចាក់អង្រែក្រោមនេះ។ 


រូបភាពពី ទំព័រហ្វេសប៊ុក ដើរលេងស្រុកយើង

លោក សយ មករា ជាទេសចរមួយរូបដែលបានទៅដល់ទឹកជ្រោះចាក់អង្រែក្រោម បានលើកឡើងថា ទឹកជ្រោះនេះ មានភាពទាក់ទាញខ្លាំង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត។ ទឹកជ្រោះមានកម្ពស់ប្រមាណជាង ២០ម៉ែត្រ ជម្រៅប្រមាណជាង ៧ម៉ែត្រ អាចឱ្យទេសចរងូតទឹកកម្សាន្តបាន។ បន្ថែមពីនេះភ្ញៀវទេសចរក៏អាចបោះតង់ និងផ្ដិតយករូបភាពដ៏ស្រស់ត្រកាលទាំងនោះផងដែរ។

ទេសចរចង់ទៅកម្សាន្តនៅ ទឹកជ្រោះចាក់អង្រែក្រោម ត្រូវធ្វើដំណើរ ចេញពីខេត្តព្រះវិហារទៅសហគមន៍បាក់កាំប្រហែល  ១៥គីឡូម៉ែត្រ  ហួសវត្តបាក់កាំបន្តិចមានស្លាកសហគមន៍បាក់កាំ និងទឹកជ្រោះចាក់អង្រែក្រោម  ខាងស្តាំដៃ លោកអ្នកបត់ចូលប្រហែល៣ គីឡូម៉ែត្រ នោះអ្នកនឹងទៅដល់ជើងភ្នំ។ 


 រូបភាពពី ទំព័រហ្វេសប៊ុក ដើរលេងស្រុកយើង

លោកអ្នក ត្រូវបន្តដំណើរដោយថ្មើរជើង ឡើងភ្នំកម្ពស់ប្រមាណ ៤០០ម៉ែត្រ  ទើបទៅដល់ខ្នងភ្នំ ហើយអ្នកត្រូវបន្តដំណើរប្រមាណ  ៦គីឡូម៉ែត្រ បន្ទាប់មកត្រូវចុះទៅកាន់ចង្កេះភ្នំកម្ពស់ ៧០០ម៉ែត្រ  ទើបដល់ទីតាំងទឹកធ្លាក់ចាក់អង្រែក្រោម។ 
ទេសចរ អាចទាក់ទងទៅសហគមន៍បាក់កាំ ឬសហគមន៍តាំងយូ ជាមុន ដើម្បីជួលសេវាកម្មនាំភ្ញៀវ រៀបចំតង់ស្នាក់នៅ និងម្ហូបអាហារ៕
 

ព័ត៌មានទាក់ទង