អាជ្ញាធរ​អប្សរា បន្ត​ថែរក្សា​ដើមឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បីឱ្យ​អង្គរ​មាន​ភាព​បៃតង

20/09/2021 1:00 pm សៀមរាប

​ដោយ​៖ ញឹក ស្រីល័ក្ខ 

​ភ្នំពេញ​៖ ដើមឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថែទាំ​ជាប្រចាំ តាមរយៈ​ការព្យាបាល កាត់​ក្រី និង​កាត់​ដកហូត​ដើមឈើ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទេសចរ និង​ប្រាសាទ​។ ក្រៅពី​ទាក់ទាញ​ទេសចរ និង​ជួយ​ដល់​បរិស្ថាន ដើមឈើ ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ និង​ធ្វើឱ្យ​អង្គរ​មាន​ភាព​បៃតង​។



​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ដើមឈើ​ច្រើន​ប្រភេទ និង​ច្រើន​ដើម ដុះ​ស្អេកស្កះ​ផ្ដល់​ជា​សម្រស់​ទាក់ទាញ​ទេសចរ និង​ជា​ផ្នែក​មួយ​ជួយ​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ​។ ក្រៅពី​ផ្ដល់​ម្លប់ និង​ទស្សនីយភាព​ដល់​ទេសចរ រួមទាំង​កិច្ចការ​អភិរក្ស​ប្រាសាទ ដើមឈើ​ក៏​ផ្ដល់​ហានិភ័យ នៅពេល​មាន​ដើម​ធំ ចាស់ ងាប់ និង​ពុកផុយ​។ ដើម្បី​សង្គ្រោះ​ប្រាសាទ និង​សុវត្ថិភាព​ភ្ញៀវ អាជ្ញាធរ​ជាតិ​អប្សរា តែង​ចុះ​ពិនិត្យ ព្យាបាល កាត់​ក្រី និង​កាត់​ដកហូត​ដើមឈើ ដែល​អាច​បង្ក​គ្រោះថ្នាក់​ផងដែរ​។​


រូបភាពពី​អាជ្ញាធរជាតិ​អប្សរា

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ដើមឈើ​ខ្លះ​មាន​សភាព​ស្អាត​នៅ​ខាងក្រៅ និង​ពុំមាន​ការខូចខាត ប៉ុន្តែ​ខាងក្នុង​មាន​ប្រហោង​ពុកផុយ ដែល​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។ អាជ្ញាធរ​ជាតិ​អប្សរា តែង​ព្យាយាម​ទុក​ដើមឈើ​ដែលមាន​បញ្ហា​ឱ្យអស់​លទ្ធ មុន​សម្រេច​កាត់​ដកហូត​ចេញ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​មនុស្ស និង​ប្រាសាទ​។ 
«​ក្រៅពី​កិច្ចការ​ចម្បង​ក្នុងការ​អភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការថែរក្សា និង​លើក​តម្លៃ​ទេសភាព​វប្បធម៌ ការងារ​ថែរក្សា​ព្រៃឈើ​និង​បង្កើន​គម្រប​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ ក៏​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុកជា​ការងារ​អាទិ​ភាព​ដែរ​។ មូលហេតុ​សំខាន់​នោះ គឺ​ដើមឈើ​បាន​ជួយ​មួយផ្នែក​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ 


លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

​តាមរយៈ​ការចូលរួម​ថែរក្សា និង​អភិរក្ស​ដើមឈើ ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ នាពេល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើតឱ្យមាន​ស្ថានីយ​បណ្ដុះ​កូនឈើ​រហូតដល់​១០​ទីតាំង ដែល​ស្ថានីយ​ទាំងនោះ អាច​បណ្តុះ​កូនឈើ​បាន​ជាង  ២០​ម៉ឺន​ដើម​ក្នុង​មួយឆ្នាំៗ​។  តាំងពី​ឆ្នាំ​២០០៤​មក  អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាំ​ដើមឈើ​ជាង ២​លាន​ដើម​ក្នុង​តំបន់​អង្គរ បន្ថែម​លើ​ដើមឈើ​ដែលមាន​ស្រាប់​។ 

​ជាមួយគ្នានេះ ក្នុង​មួយឆ្នាំៗ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាំ​កូនឈើ​លើ​ផ្ទៃដី​ទំនេរ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ជាង ២​ម៉ឺន​ដើម និង​ចែកចាយ​កូនឈើ​ដោយ​ឥតគិតថ្លៃ​ដល់​សាធារណជន​គ្រប់ទិសទី​ជាង ១០​ម៉ឺន​ដើម​ផងដែរ​។ លោក យិ​ត ចាន់​ដារ​ដ្ឋ អះអាងថា ការដាំ និង​ផ្ដល់​កូនឈើ​ទាំងនេះ ក្នុងទិសដៅ​ដើម្បីឱ្យ​អង្គរ​មាន​ភាព​បៃតង និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​៕ 


រូបភាពពីអាជ្ញាធរជាតិ​អប្សរា


រូបភាពពីអាជ្ញាធរជាតិ​អប្សរា


រូបភាពពីអាជ្ញាធរជាតិ​អប្សរា

ព័ត៌មានទាក់ទង