កម្ពុជា​​មាន​កន្លែង​ធ្វើ​ចត្តាឡីស័ក​លំដាប់​ផ្កាយ​៥?

16/09/2021 5:00 pm ភ្នំពេញ

ដោយ៖ នាយ យ៉ាន

ភ្នំពេញ៖ សណ្ឋាគារលំដាប់​ផ្កាយ៥ Raffles LE ROYAL នៅ​រាជធានី​ភ្នំ​ពេញ​ ​បានបើកទទួល​ធ្វើ​ចត្តាឡីស័ក​មួយ។ ជាមួយកញ្ចប់​ថវិកា ២៤២៦ដុល្លារ​អាម៉េរិក សណ្ឋាគារ​នេះ​ផ្ដល់​សេវាកម្មសន្ដិសុខ វេជ្ជសាស្ត្រ និងស្នាក់នៅ​ក្នុង​បន្ទប់​ទូលាយ​ស្អាត ​ដែល​មានបាល់កុង និង​ភោជនីយាហារមួយ​ថ្ងៃ​បីពេល ជាមួយតែ​កាហ្វេ​ទឹកសុទ្ធមួយ​ចម្អែត និងមាន​បន្ទប់ ដែល​ធំ និង​ថ្លៃផងដែរ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

ដើម្បី​ចូល​មក​ទឹក​ដី​ប្រទេស​កម្ពុជា តាំង​ពី​ចុង​ខែវិច្ឆិកា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​តម្រូវ​ឱ្យអ្នកដំណើរពីក្រៅប្រទេស ឬជនបរទេស ធ្វើ​តេស្តមេរោគ​កូរ៉ូណា។ ប្រសិនបើ​លទ្ធផល​វិជ្ជមាន​ មាន​នីតិវិធី​យក​ទៅ​ព្យាបាល។ តែបើ​លទ្ធផលអ​វិជ្ជមាន ត្រូវ​​ធ្វើ​ចត្តាឡីស័ក រយៈពេល​១៤ថ្ងៃ។ មុន​នឹង​ចេញ​ពី​មណ្ឌល ឬ​សណ្ឋាគារត្រូវ​យក​សំណាក​ម្ដង​ទៀត។ បើសិនជា​តេស្តមាន​លទ្ធផល​​​វិជ្ជមាន មន្ត្រី​ក្រសួងសុខាភិបាល​​ជូនទៅព្យាបាល។ សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ធ្វើចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ និងសំរាប់​បរទេសគ្រប់រូប (លើក​លែងតែ​ទិដ្ឋាការ A និង B) ត្រូវបង់ប្រាក់ ២០០០ដុល្លារ​សហរដ្ឋអាម៉េរិក ដែល​គិត​ទាំង​សេវា​ដឹកជិញ្ជូនទៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាកពីរដង។ ពលរដ្ឋបរទេស​ក៏​ត្រូវ​ចំណាយ​​​ជិត ១០០​ដុល្លារ​បន្ថែម​ទៀត សំរាប់ធានារ៉ាប់រង​ដែល​ថ្លៃ​សេវា​ព្យាបាលក្នុង​ករណី​ដែល​កើត​ជំងឹកូវីដ-១៩។

LE ROYAL ត្រូវបាន​បើក​ទ្វារ​ដំបូងនៅឆ្នាំ​១៩២៩ គឺជា​សណ្ឋាគារ​ចាស់​ជាង​គេ​ទាំងអស់នៅ ភ្នំពេញ។​ សណ្ឋាគារនេះ ត្រូវបាន​សាងសង់​វា​ពី​ឆ្នាំ​១៩២៣ ដល់​ឆ្នាំ​១៩២៤ ដោយ​មាន​ស្ថាបត្យករ​សញ្ជាតិបារាំង​ពីររូបគឺលោក DESBOIS Jean និងលោក HÉBRARD Ernest។ សណ្ឋាគារ​នេះ​ធ្លាប់​ទទួល​ភ្ញៀវ​ល្បីល្បាញ​មួយ​ចំនួន​ដូចជាលោក CHAPLIN Charlie (នាយ​ សាឡូ) លោកស្រី​ KENNEDY-ONASSIS Jacqueline (ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក) និង MALRAUX André (ចោររូប​ចម្លាក់​សម័យអង្គរ អ្នក​និព័ន្ធ និងរដ្ឋមន្ត្រី) ជាដើម។ បច្ចុប្បន្ន​គឺ​ជា​កម្មសិទ្ធ​របស់ក្រុមហ៊ុន Raffles នៃ​ក្រុម​សម្ព័ន្ធបារាំង Accor៕

ព័ត៌មានទាក់ទង