ក្រៅពី​ភ្នំពេញ កំពត កែប និង​តាកែវ នៅតែ​ជា​ទិសដៅ​ទេសចរណ៍​សំខាន់​ក្នុង​បរិបទ​កូ​វីដ​-១៩

14/09/2021 2:35 pm ភ្នំពេញ

​ដោយ​៖ ជឿន ស្រី​ណ​យ​

​ភ្នំពេញ​៖ ចុង​សប្តាហ៍​ទី​២​ខែកញ្ញា មាន​ទេសចរ​ប្រមាណ ៦​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​១​ពាន់​នាក់ បាន​ដើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ក្រៅពី​រាជធានី​ភ្នំពេញ មាន​ខេត្ត​ចំនួន​៣ ដែល​នៅក្បែរ​រាជធានី​ភ្នំពេញ មាន​ភ្ញៀវទេសចរ​ច្រើន​ទៅ​កម្សាន្ត ក្នុងនោះ​មាន​ខេត្តកំពត កែប និង​ខេត្តតាកែវ​។ ចំណែក​ខេត្តកណ្ដាល បាត់ដំបង និង​កំពង់ស្ពឺ មិនមាន​ទិន្នន័យ​ភ្ញៀវទេសចរ ព្រោះ​មន្ទីរ​ទេសចរណ៍​ខេត្ត​នីមួយៗ មិនទាន់​អនុញ្ញាតឱ្យ​បើក​រមណីយដ្ឋាន​ទទួលភ្ញៀវ​។​



​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ចុង​សប្តាហ៍​ទី​២ ខែកញ្ញា​នេះ មានការ​កើនឡើង​ជាង​២៤​ភាគរយ បើ​ធៀប​នឹង​ចុង​សប្តាហ៍​ទី​១​នៃ​ខែកញ្ញា​។ ដ្បិត​មានការ​កើនឡើង ប៉ុន្តែ​លោក ថោង ខុន ថា​ចរន្ត​ភ្ញៀវទេសចរ មិនទាន់មាន​ច្រើន​ខ្លាំង​នោះទេ ដោយសារ​តំបន់​ខ្លះ​នៅ​បន្ត​រឹតត្បិត​ការធ្វើដំណើរ​។ 

​បើតាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍ ថ្ងៃទី​១២-១៣ កញ្ញា​កន្លងទៅ រាជធានី​ភ្នំពេញ មាន​ទេសចរ​ចំនួន ១៨ ៨៤៦​នាក់​។ ចំណែក​ខេត្ត​ចំនួន​៥ ដែលមាន​ទេសចរ ទៅ​កម្សាន្ត​ច្រើន​ក្នុងនោះ​ខេត្តកំពត ១៧ ៧២១​នាក់​, កែប ៧ ៥៧០​នាក់​, តាកែវ ៣,៧៣៦ នាក់​, ព្រះសីហនុ ៣ ៣៨៤​នាក់ និង​ខេត្តពោធិ៍សាត់ មាន​ទេសចរ​ចំនួន ៣ ២៥៨​នាក់​។ 

​ដោយឡែក​ខេត្ត​ចំនួន​៥​ផ្សេងទៀត​មាន​ភ្ញៀវទេសចរ​តែ​ជាង ១០០​នាក់​ប៉ុណ្ណោះ​បាន​ដើរ​កម្សាន្ត ក្នុងនោះ​ខេត្តសៀមរាប​មាន​ទេសចរ​ចំនួន ១៩៤​នាក់​, ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​មាន ១៨៥​នាក់​, ព្រះវិហារ ១៧១​នាក់​, រតនគិរី ១៤៧​នាក់ និង​ក្រចេះ​១២៤​នាក់ ។ ដោយឡែក​ខេត្តកណ្ដាល កំពង់ស្ពឺ និង​បាត់ដំបង ដែលជា​ខេត្ត​សក្តានុពល​ទេសចរណ៍ បែ​ជា​មិនមាន​ទិន្នន័យ​ភ្ញៀវទេសចរ​ទេ​ក្នុង​ចុង​សប្តាហ៍​ទី​២ ខែកញ្ញា​កន្លងទៅនេះ​។ 
​គួរបញ្ជាក់​ផងដែរ​ថា ក្រសួងទេសចរណ៍​បានឱ្យ មន្ទីរ​ទេសចរណ៍​តាម​ខេត្ត​នីមួយៗ​ពិនិត្យមើល​ការរៀបចំ​រមណីយដ្ឋាន ឱ្យ​ស្របតាម​ស្តង់ដា​សុវត្ថិភាព SOP​។ រមណីយដ្ឋាន​ដែល​គោរព និង​អនុវត្ត​ស្តង់ដា​សុវត្ថិភាព SOP ទើប​អាច​ដំណើរការ​រមណីយដ្ឋាន​ឡើងវិញ​បាន​៕

ព័ត៌មានទាក់ទង