លោក នេត្រ ភក្ត្រា៖ ចំនួនសត្វត្មាតនៅកម្ពុជាបន្តធ្លាក់ចុះរាល់ឆ្នាំ

10/06/2021 4:00 pm ភ្នំពេញ

ក្នុងបេសកកម្មចុះជំរឿនសត្វត្មាតឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ លោក នេត្រ ភ័ក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វត្មាត នៅកម្ពុជាបន្តធ្លាក់ចុះរៀងរាល់ឆ្នាំ។ ការណ៍នេះ បណ្ដាលមកពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ខ្វះចំណី និងការដាក់អន្ទាក់។



សត្វត្មាត ជាប្រភេទសត្វកម្រ និងកំពុងមានហានិភ័យក្នុងការបាត់បង់។ កាលពីថ្ងៃទី៣១ ឧសភា អ្នកជំនាញបានរកឃើញសត្វត្មាតចំនួន ៦១ក្បាល ក្នុងនោះត្មាតផេះ ៤០ក្បាល ត្មាតភ្លើង ២ក្បាល និងត្មាតត្នោត១៩ ក្បាល ក្នុងដែនជម្រកសត្វព្រៃឆែប។ យ៉ាងណាមិញនៅថ្ងៃទី៩មិថុនានេះ លោក នេត្រ ភក្ត្រា លើកឡើងថា សត្វត្មាត នៅកម្ពុជាបន្តធ្លាក់ចុះ ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ពន្យល់មូលហេតុនៃការបាត់បង់សត្វត្មាត យ៉ាងដូច្នេះថា៖ « ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ដោយសារតែថ្នាំពុល»។ 

ដើម្បីការពារសត្វត្មាតនៅកម្ពុជា លោក នេត្រ ភក្រ្តា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការបំពុល ការបរបាញ់ និងការជួញដូរសត្វត្មាត។ ការថែរក្សាសត្វត្មាត គឺជាការអភិរក្សធនធានធម្មជាតិដើម្បីជំរុញទេសចរ ក្នុងការដើរកម្សាន្តនៅតំបន់ធម្មជាតិ ដែលអាចផ្ដល់មុខរបរដល់ប្រជាជនក្នុងតំបន់។

សូមជម្រាបផងដែរថា ក្នុងប្រទេសកម្ពុជាមានសត្វត្មាត ៣ប្រភេទគឺ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សត្វត្មាតទាំងអស់នេះកំពុងរស់នៅក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ កាលពីឆ្នាំ២០២០ សត្វត្មាតក្នុងប្រទេសកម្ពុជាមានចំនួន ១២៩ក្បាល៕

 

ព័ត៌មានទាក់ទង