តោះ! គយគន់ហ្វូងមេអំបៅ ងូតទឹកជ្រោះ ភ្លក់ម្ហូបតំបន់ គេងក្នុងតង់...នៅសហគមន៍អូរជាំ ក្នុងខេត្តបាត់ដំបង

17/01/2021 9:00 am បាត់ដំបង

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយ ដែលស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ចម្ងាយប្រមាណ៩៩គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ ហើយទេសចរអាចងូតទឹកលេងកម្សាន្ត ពិសាអាហារប្លែកៗប្រចាំតំបន់ ទស្សនាហ្វូងមេអំបៅ បោះតង់គេង ជាដើម។



នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺពោរពេញទៅដោយធម្មជាតិ ដើមឈើធំៗចម្រុះប្រភេទដែលផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ។ ទឹកធ្លាក់ពីលើភ្នំ ដែលមានប្រភពពីបឹងដ៏ធំមួយ ទំហំប្រមាណជាង២ហិកតា អ្នកនៅតំបន់នោះហៅថា បឹងទន្លេផែន ដែលហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ធ្វើឲ្យទឹកត្រជាក់ថ្លាឆ្វង់តែម្តង។ នេះបើតាមមន្ទីទេសចរណ៍ខេត្តបាត់ដំបង។

លើសពីនេះទៅទៀត ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានល្អដល់ការរស់នៅរបស់មច្ឆា បក្សាបក្សីប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗ អមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បង្កើនអារម្មណ៍ស្រស់ស្រាយដល់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះផងដែរ។

ភ្ញៀវទេសទៅលេងកម្សាន្ត អាចដើរទស្សនាទឹកជ្រោះដែលមានច្រើនដំណាក់ ងូតទឹកជ្រោះកម្សាន្ត ពិសាអាហារប្លែកៗក្នុងតំបន់ ដែលចម្អិនសហគមន៍ផ្ទាល់ បោះតង់ស្នាក់នៅនិងទស្សនាហ្វូងមេអំបៅ កម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុម  ការសិក្សាស្រាវជ្រាវ ស្វែងយល់ពីសហគមន៍ និងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយនឹងធម្មជាតិនៅក្នុងស្រុកសំឡូតទៀតផង។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ក៏មានការផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍ផងដែរ៕

ព័ត៌មានទាក់ទង