តំបន់ដីសើមបឹងព្រែកល្ពៅក្នុងខេត្តតាកែវ ជាជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹក

28/12/2020 5:00 pm តាកែវ

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងប្រមាណជា ៧០ប្រភេទ កំពុងរស់នៅ។ នៅឆ្នាំនេះ សម្បុកសត្វស្លាបទឹករាប់ពាន់ ត្រូវបានរកឃើញ ក្នុងតំបន់ដីសើមបឹងព្រែកល្ពៅ។  នេះបើតាមកម្មវិធី BirdLife International Cambodia Programme ។ សម្រាប់ លោក លឹម វ៉ាត់ ដែលជានាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ វត្តមានសត្វស្លាបដ៏ច្រើនប្រភេទនេះ គឺបញ្ជាក់ឲ្យឃើញថា តំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវ ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជ។



សម្បុកសត្វស្លាបទឹកជាច្រើនប្រភេទ ត្រូវបានរកឃើញក្នងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ នេះបើតាមទំព័រហ្វេសប៊ុក BirdLife International Cambodia Programme។ តាមប្រភពដដែល សត្វស្លាបដែលគេរកឃើញនោះ មានសម្បុកសត្វស្មោញដែលជាប្រភេទសត្វស្លាបងាយរងគ្រោះចំនួន១០សម្បុក, ក្អែកទឹកចំនួន ៣០សម្បុក, ខ្វែកចំនួន ៦០សម្បុក, ក្រសាធ្នង់ចំនួន ២សម្បុក, ក្រសាប្រផេះចំនួន ១៩សម្បុក, កុកគ្រោងតូចចំនួន ១០សម្បុក និងកុកគ្រោងមធ្យមចំនួន ១៥សម្បុក។ កាលពីខែតុលាកន្លងទៅ គេក៏រកឃើញសម្បុកសត្វចង្កៀលខ្យងជាង ២១០០សម្បុកដែរ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។  

សម្រាប់កម្មវិធី BirdLife International Cambodia Programme សម្បុកសត្វស្លាបទឹករាប់ពាន់ ក្នុងតំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវ គឺជាទីតាំងទ្រទ្រង់ជីវៈចម្រុះដ៏មានសក្ដានុពល សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនាអនាគត។

លោក លឹម វ៉ាត់ ជានាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រាប់សារព័ត៌មាន Thmey Thmey 25 ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងប្រមាណជា ៧០ប្រភេទ កំពុងរស់នៅ។ 

មិនតែប៉ុណ្ណោះតំបន់នេះ ក៏ជាតំបន់វាលស្មៅយ៉ាងទាក់ទាញផងដែរ។ អ្វីដែលពិសេស នៅតំបន់ការពារមួយនេះ គឺវត្តមានរបស់សត្វក្រៀល ដែលជាសត្វស្លាបជិតផុតពូជ។ កៀលមានវត្តមាន នៅរៀងរាល់រដូវសម្រក ក្នុងខែធ្នូ និងបម្លាស់ទីចាក់ចេញទៅវិញ នៅរៀងរាល់ខែកុម្ភៈ។ នេះបើតាម លោក លឹម វ៉ាត់ ដោយលោកបានបន្តដូច្នេះថា៖« តំបន់ការពារមួយនេះ ហាក់ដូចជាអំណោយផលដល់សត្វស្លាបច្រើន ក្នុងឆ្នាំនេះ។ រយៈពេលជាង១៥ឆ្នាំហើយ ដែលអង្កការដៃគូ មិនដែលបានជួបប្រទេះសត្វស្លាបមកបន្តពូជ ក៏ដូចជាធ្វើសម្បុកក្នុងតំបន់នេះពីមុនមកទេ។ នេះបញ្ជាក់ថា តំបន់ការពារសត្វស្លាបមួយនេះ បានផ្ដល់នូវចំណីគ្រប់គ្រាន់ និងទីជម្រកសមរម្យដែលអាចបន្តពូជ ព្រមទាំងសុវត្តិភាព ពីការប្រមាញ់ពីមនុស្សជាដើម»។

សូមរំឭកថា ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដី៨,៣០៥ ហិកតា លាត សន្ធឹងលើផ្ទៃស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅតុលា ឆ្នាំ២០០៧ ដើម្បីគ្រប់គ្រង និងអភិរក្សដែនបម្រុងសត្វក្រៀល និងសត្វស្លាបផ្សេងៗទៀត៕

(ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក BirdLife International Cambodia Programme)


 

ព័ត៌មានទាក់ទង