Thmey Thmey 25
ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅបណ្តាខេត្តជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ ភាគពាយ័ព្យ និងខ្ពង់រាបភាគឦសាន
17/10/2020 1:37 pm ភ្នំពេញ
បណ្តាខេត្តភាគពាយ័ព្យ បណ្តាខេត្តនៅជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ  នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត ពីថ្ងៃទី១៧-២១តុលានេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបន្តបញ្ជាក់ទៀតថា ខេត្តមាត់សមុទ្រ ក៏អាចមានភ្លៀងធ្លាក់ច្រើនដែរ ហើយនៅលើផ្ទៃសមុទ្រ គឺមានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងអំពាវនាវ ឲ្យប្រជាជពលរដ្ឋនៅតំបន់ខាងលើ បង្កើនការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់អាចកើតមានឡើង។

ភ្លៀងនឹងនៅតែបន្តធ្លាក់ច្រើន ពីថ្ងៃទី១៧តុលានេះ រហូតដល់ថ្ងៃទី២១ តុលា ដោយសារតែប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយនៅកម្ពុជា កាន់តែបង្កើនឥទ្ធិពលជាលំដាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅយប់ថ្ងៃទី១៦តុលា។ 
 
សេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ដែរថា វិសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងធ្លាប់ជូនដំណឹងថា នឹងក្លាយជាព្យុះទី១៧«សូដែល»នោះ ពេលនេះវានៅត្រឹមកម្រិតវិសម្ពាធទាបដដែលទេ ហើយវានឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៧តុលានេះ។
 
ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប និងវិសម្ពាធនេះ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេស ចាប់ពីថ្ងៃទី១៧-២១តុលានេះ នៅបណ្តាខេត្តភាគពាយ័ព្យ បណ្តាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ  នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
 
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាជពលរដ្ឋនៅតំបន់ខាងលើ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com