
ផ្សោតអ៊ីរ៉ាវ៉ាឌី ឬហៅថាក្បាលត្រឡោក១ក្បាល ត្រូវបានគេប្រទះឃើញងាប់ ដោយមិនដឹងមូលហេតុ នៅសហគមន៍នេសាទព្រែកត្នោត ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ឧសភា។
អ្នកស្រី យ៉ែម សុភា អនុប្រធានទី១ និងជាគណៈកម្មការសហគមន៍នេសាទព្រែកត្នោត បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៩ ឧសភាថា ផ្សោតឈ្មោល១ក្បាលនេះ មានប្រវែង២ម៉ែត្រ បានងាប់ប្រហែល៣សប្ដាហ៍មកហើយ តែទើបត្រូវបានគេប្រទះឃើញ នៅថ្ងៃទី៨ ឧសភា។ ស្ថិតក្នុងរូបភាពស្អុយរលួយ គេមិនទាន់អាចសន្និដ្ឋានថា វាងាប់ដោយសារអ្វីនោះទេ។
អ្នកស្រីប្រាប់ដូច្នេះថា៖ «ផ្សោតដែលងាប់នៅសហគមន៍ព្រែកត្នោត យើងអត់ដឹងថាមូលហេតុអ្វីបានវាងាប់នោះទេ ប៉ុន្តែនៅពេលពួកខ្ញុំចុះទៅមើល សង្កេតឃើញថា វាងាប់ប្រហែល ៣សប្ដាហ៍មកហើយ»។
បើតាមគណៈកម្មការសហគមន៍នេសាទព្រែកត្នោតរូបនេះ កត្តាគំរាមកំហែងដល់ជីវិតផ្សោតក្បាលត្រឡោក និងជីវៈចម្រុះកម្រៗក្នុងដែនសមុទ្រកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា អូសមង និងឆក់ជាដើម។ តាមព័ត៌មានដែល អ្នកស្រី សុភា ទទួលបានពីការល្បាត បទល្មើសទាំងនេះ ភាគច្រើនប្រព្រឹត្តិដោយក្រុមទូកនេសាទខុសច្បាប់ មកពីប្រទេសវៀតណាម។
អ្នកស្រី បន្ថែមដូច្នេះថា៖«សត្វផ្សោតដែលរងគ្រោះទាំងអស់ហ្នឹង ខ្ញុំជឿថា មកពីអ្នកនេសាទខាងក្រៅ ដូចជា អូសមង ឆក់ ជាដើម។ ឥឡូវ សហគមន៍ផ្សេងបានរាយការណ៍មកថា មានទូកវៀតណាមចូលច្រើនទៀត អូស ឆក់ ច្រើនទៀត។ ដូច្នេះ យើងបារម្ភថា វាប៉ះពាល់ដល់ការអភិរក្សរបស់យើងដែរ»។
ក្នុងនាមជាគណៈកម្មការសហគមន៍នេសាទព្រែកត្នោត អ្នកស្រី សុភា បង្ហាញការសោកស្ដោយយ៉ាងខ្លាំង ចំពោះការបាត់បង់ប្រភេទផ្សោតកម្រនេះ។ ជាមួយគ្នា អ្នកស្រីបានអំពាវនាវ ឱ្យអ្នកនេសាទទាំងអស់ ចូលរួមក្នុងកិច្ចការងារអភិរក្សទាំងអស់គ្នា។
សហគមន៍ព្រែកត្នោត គឺកន្លែងអភរិក្សធនធាន និងជីវៈចម្រុះសមុទ្រយ៉ាងច្រើន ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ អណ្តើកសមុទ្រជាដើម។ ក្រៅពីនេះ សហគមន៍ ក៏សម្បួរធនធានសមុទ្រដូចជា ក្តាម ត្រី បង្កង បង្គារ ផងដែរ។
តំបន់សមុទ្រក្នុងភូមិសាស្រ្តខេត្តកំពត មានផ្សោតឃ្លាចពណ៌ផ្កាឈូក ប្រមាណ៤០ ទៅ៤៦ក្បាល។ ចំណែកប្រភេទផ្សោតក្បាលត្រឡោក មានប្រមាណ៣០ ទៅ៤០ក្បាល។ នេះបើតាមទិន្ន័យរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។
ផ្សោតក្បាលត្រឡោក និងផ្សោតពណ៌ផ្កាឈូក គឺជាប្រភេទសត្វដែលត្រូវបានរកឃើញនៅក្នុងសមុទ្រ និងទន្លេនៅកម្ពុជា។ ប្រភេទសត្វទាំងពីរនេះ មកពីគ្រួសារតែមួយនៃថនិកសត្វសមុទ្រ (Cetaceans) ប៉ុន្តែអាកប្បកិរិយា គឺមានភាពខុសគ្នាខ្លាំងណាស់។ តាមការអង្កេត ផ្សោតក្បាលត្រឡោក មានភាពអៀនខ្មាស ហើយស្ទើរតែមិនឃើញលោតផុតពីផ្ទៃទឹក។ រីឯផ្សោតពណ៌ផ្កាឈូកវិញ មានភាពសកម្មជាង។ ផ្សោតពណ៌ផ្កាឈូក ជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

