គ្រោះរាំងស្ងួត ទាញទម្លាក់ទិន្នផលទុរេនកំពត ខណៈម្ចាស់​ចម្ការត្រៀម​ខ្លួន​ខាត

08/05/2024 10:56 am ភ្នំពេញ

គ្រោះរាំងស្ងួត ដែលបណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលទុរេនខេត្តកំពត ថយចុះជាងពាក់កណ្ដាល។ ក្នុងបរិបទនេះ កសិករបានត្អូញត្អែរពីផលប៉ះពាល់ និងការខាតបង់យ៉ាងក្រាសក្រែលរបស់ពួកគេ។



លោក យ៉ាង ណារិទ្ធិ ម្ចាស់ចម្ការទុរេនមួយកន្លែង នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការប្រមូលផលផ្លែទុរេនរបស់លោកក្នុងឆ្នាំនេះ បានធ្លាក់ចុះជាង៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ការថយចុះនេះ បណ្ដាលមកពីការកើនឡើងកម្ដៅ និងភាពរាំងស្ងួត នាប៉ុន្មានខែមកនេះ ដែលធ្វើឱ្យទុរេនមិនសូវចេញផ្កា និងមិនកាន់ក្ដឹប។ រហូតដល់ពេលប្រមូលផល ផ្លែទុរេនខ្លះបានប្រេះសំបកទាំងមិនទាន់ទុំ ខណៈដើមមួយចំនួនដែលគ្មានទឹកស្រោចគ្រប់គ្រាន់ ក៏ត្រូវជ្រុះស្លឹក ស្វិតស្រពោន ឬងាប់តែម្ដង។  
 
ដាំដុះលើផ្ទៃដី៤ហិកតា លោក ណារិទ្ធិ មានដើមទុរេនចំនួន២៥០ដើម។ តាមការប៉ាន់ប្រមាណ ឆ្នាំនេះ លោក អាចប្រមូលផលបានយ៉ាងច្រើន៤ទៅ៥តោនប៉ុណ្ណោះ ធៀបនឹងឆ្នាំមុនបានរហូតដល់១២តោន។ លោក ប្រាប់ដូច្នេះថា៖«សម្រាប់ទិន្នផលទុរេនឆ្នាំនេះ ថយចុះជាង៦០ភាគរយ ដោយសារតែអាកាសធាតុក្ដៅខ្លាំង និងគ្មានភ្លៀងធ្លាក់។ ឆ្នាំនេះ ទុរេនអត់សូវចេញផ្កាច្រើនទេ រហូតដល់កើតជាក្ដឹប ក៏វាកាន់តិច។ ឥឡូវ ឃើញមានផ្លែទុរេនខ្លះប្រេះលើដើមតែម្ដង ដោយសារយើងអត់មានទឹកស្រោចគ្រប់គ្រាន់ ហើយខ្លះងាប់ទាំងដើមទៅទៀត»។ 


 
ក្រៅតែពីទិន្នផលធ្លាក់ចុះ លោក យ៉ាង ណារិទ្ធិ ក៏មើលឃើញថា ផ្លែទុរេនមានសភាពតូចជាងឆ្នាំមុន ហើយរសជាតិ និងគុណភាពសាច់ក៏ធ្លាក់ចុះបន្តិចដែរ។ មូលហេតុ ដោយសារអាកាសធាតុក្ដៅស្ងួត ធ្វើឱ្យទុរេនទុំមុនអាយុ ដែលនាំឱ្យកម្រិតជាតិម្សៅ និងភាពផ្អែមរបស់វាត្រូវបានកាត់បន្ថយ។ ជាទូទៅ ទុរេនអាចប្រមូលផលនៅចន្លោះពេល៩០ទៅ១៣៥ថ្ងៃ តាមប្រភេទ ឬពូជនីមួយៗ ដោយរាប់ចាប់តាំងពីថ្ងៃផ្កា រហូតដល់ទុំ។ 
លោក និយាយ​ដូច្នេះថា៖«ដោយសារកម្ដៅថ្ងៃខ្លាំង ហើយយើងខ្វះទឹកស្រោចស្រព ទើបធ្វើឱ្យផ្លែទុរេនទុំមុនអាយុ ដូច្នេះ កម្រិតជាតិម្សៅ និងស្កររបស់វាអត់បានគ្រប់១០០ភាគរយ ដូចដែលអាកាសធាតុអំណោយផលនោះទេ»។ 
 
គ្រោះរាំងស្ងួតលើកនេះ បានធ្វើឱ្យ លោក ណារិទ្ធិ ចំណាយលើការថែទាំដើមទុរេន ច្រើនជាងឆ្នាំមុនទ្វេដង ដូចជា ការដាក់ជីថ្នាំ កម្លាំងពលកម្ម និងការស្រោចស្រពទឹកជាដើម។ ផ្ទុយទៅវិញ នៅពេលទទួលបានទិន្នផលតិច លោកបានត្អូញត្អែរ ពីការខាតបង់យ៉ាងក្រាសក្រែង ដ្បិតបើ មិនបានទាន់វាសវែងក៏ដោយ។ 
 
លោក ប្រាប់ដូច្នេះថា៖«សម្រាប់ការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ គឺពិបាក ធ្វើឱ្យកសិករយើងជួបការលំបាកគ្រប់គ្នា។ ទាំងខ្ញុំ ទាំងគេ ចំណាយក៏ច្រើន ហើយទទួលបានផលតិច ដូច្នេះ ធ្វើឱ្យយើងមានបន្ទុកកាន់តែធ្ងន់មែនទែន រហូតធ្វើឱ្យកសិករមួយចំនួន​គាត់សឹងតែបាក់ទឹកចិត្ត ឈប់ធ្វើរបរហ្នឹងទៀត»។ 
 
អ្នកស្រី អ៊ូ សម្ផស្ស ម្ចាស់ចម្ការទុរេនមួយកន្លែងទៀត នៅក្នុងស្រុកទឹកឈូ ខេត្តកំពតដដែល បានឱ្យដឹងដែរថា ឆ្នាំនេះទិន្នផលផ្លែទុរេនក្នុងចម្ការអ្នកស្រី បានធ្លាក់ចុះជាង៧០ភាគរយ ដោយសារការកើនឡើងកម្ដៅ។ 
 
អ្នកស្រី អ៊ូ សម្ផស្ស មានទុរេន២០០ដើម។ ក្នុងចំណោមដើមទាំងអស់ មានមួយចំនួនកំពុងផ្ដល់ផ្លែផ្កា ឯមួយចំនួនទៀតកំពុងក្រៀមស្វិត និងងាប់ជាង២០ដើម ដោយសារខ្វះទឹកស្រោចស្រព។ ដូច្នេះ​ តាមការប៉ាន់ប្រមាណ ឆ្នាំនេះអ្នកស្រី អាចប្រមូលផ្លែទុរេន​បានយ៉ាងច្រើន២០០ផ្លែ ឬស្មើ៤០០គីឡូក្រាមប៉ុណ្ណោះ ពីដើមដែលសេសសល់។ 
 
«កាលពីដើមឆ្នាំ អាកាសធាតុមិនសូវត្រជាក់ ហើយអត់សន្សើម ធ្វើឱ្យទុរេនមិនសូវមានផ្កា។ រហូតដល់ជិតប្រមូលផលនេះ កម្ដៅបានហក់ឡើងរហូតដល់ជាង៤០អង្សា បណ្ដាលឱ្យផ្លែទុរេនចាប់ផ្ដើមប្រេះ និងទុំមុនអាយុ ដែលធ្វើឱ្យទុរេនឆ្នាំនេះធ្លាក់គុណភាព និងរសជាតិបន្តិចបន្តួច។ និយាយទៅអ្នកដាំទុរេននៅខេត្តកំពត ប៉ះពាល់ដោយសារបញ្ហាកម្ដៅនេះសឹងតែគ្រប់គ្នា គ្រាន់តែអ្នកខ្លះជួបតិច អ្នកខ្លះច្រើនតែប៉ុណ្ណឹង។ ឆ្នាំនេះ គ្រប់គ្នាខាតច្រើនណាស់ ហើយទាំងខ្ញុំក៏ច្រើនដែរ»។ អ្នកស្រី អ៊ូ សម្ផស្ស ពន្យល់បែបនេះ។ 
 
ចំណែក លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានបញ្ជាក់ថា ការប្រមូលផលទុរេនរបស់ប្រជាកសិករខេត្តកំពតឆ្នាំនេះ មិនទទួលបានផ្លែផ្កាច្រើននោះទេ ដោយសារអាកាសធាតុក្ដៅ ហើយគ្មានភ្លៀងធ្លាក់។ បញ្ហានេះ ក៏ធ្វើឱ្យគុណភាពនៃសាច់ និងរសជាតិទុរេន ថយចុះផងដែរ។
 
លោក បន្ថែមដូច្នេះថា៖«ឆ្នាំនេះអាកាសធាតុក្ដៅខ្លាំង ហើយអត់មានភ្លៀងធ្លាក់ទៀត ដូច្នេះ កសិករយើងខ្វះទឹកស្រោចស្រព ដែលធ្វើឱ្យទុរេនអត់សូវធំ ហើយរសជាតិក៏អត់សូវឆ្ងាញ់ដែរ។  វាថយចុះទាំងគុណភាព និងទិន្នផល សម្រាប់ឆ្នាំនេះ»៕ 

ព័ត៌មានទាក់ទង