
ភ្នំពេញ៖ ថ្នាលបណ្ដុះកូនឈើខ្នាតធំ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងលេចចេញជារូបរាងនាពេលឆាប់ៗ នៅខេត្តត្បូងឃ្មុំ។ នេះបើតាមការ បញ្ជាក់របស់ក្រសួងបរិស្ថាននៅថ្ងៃទី៥ ឧសភា។
ថ្នាលបណ្តុះកូនឈើនេះ ផ្ដួចផ្ដើមដោយ លោក អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ។ ថ្នាលខ្នាតធំដំបូងបំផុតនៅ កម្ពុជានេះ
មានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែល បានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។
«ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជាតាមរយៈ ការរួមចំណែកដាំពីប្រជាពលរដ្ឋកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង៦០ភាគរយនៅឆ្នាំ២០៥០»។ក្រសួងបរិស្ថាន បន្ថែមដូច្នេះ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានតំបន់ការពារធម្មជាតិ ចំនួន៧៣កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីជាង៧លានហិកតា ឬស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

