អ្នកស្រី រ៉ែន គឹមយ៉េង រកចំណូលបាន៧០ម៉ឺនរៀលក្នុងមួយខែ ពីការដាំបន្លែក្នុងផ្ទះសំណាញ់

15/04/2024 2:34 pm កំពង់ធំ

អ្នកស្រី រ៉ែន គឹមយ៉េង បានងាកមកដាំដំណាំក្នុងផ្ទះសំណាញ់វិញ ក្រោយពីដាំដំណាំលើដីធម្មតាមិនសូវបានផលច្រើន។ កសិករនៅខេត្តកំពង់ធំរូបនេះ បានលើកសរសើរថា ការដាំបន្លែក្នុងផ្ទះសំណាញ់មានភាពងាយស្រួល មិនពិបាកថែទាំ ថែមទាំងទទួលបានផលច្រើនទៀតផង។



អ្នកស្រី រ៉ែន គឹមយ៉េង ជាកសិករនៅភូមិនាងល្អ បានដាំបន្លែក្នុងផ្ទះសំណាញ់រយៈពេល៤ខែ លើផ្ទៃដីប្រមាណ១៥០ម៉ែត្រ។ ក្នុងផ្ទះសំណាញ់របស់អ្នកស្រី គឹមយ៉េង មានបន្លែជាច្រើនរួមមាន ត្រកួន ខាត់ណា ស្ពៃក្រញញ់ ជីវ៉ាន់ស៊ុយ និងសាឡដជាដើម។ អ្នកស្រី រ៉ែន គឹមយ៉េង បានទទួលផ្ទះសំណាញ់ពីអង្គការ Hellen Keller ក្រោមគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ»។



កសិករវ័យជាង៤០ឆ្នាំរូបនេះ បានឱ្យដឹងថា ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ បានកាត់បន្ថយផលប៉ះពាល់ពីសត្វល្អិត មាន់-ទា ជួយបង្កើនទិន្នផល និងប្រាក់ចំណូលទៀងទាត់។ អ្នកស្រី គឹមយ៉េង បានរៀបរាប់ដូច្នេះ៖«ពេលមានផ្ទះសំណាញ់ ខ្ញុំដាំបន្លែបានល្អជាងមុន។ វាគ្របជិត អត់មានមាន់ទាចូលបានទេ ។ យើងដាំបានទាំងរដូវប្រាំង និងវស្សា បានផលល្អដូចគ្នា»។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី គឹមយ៉េង បានរៀបរាប់ថា អ្នកស្រីធ្លាប់ដាំបន្លែលើដីធម្មតារយៈពេលជាង១០ឆ្នាំ តែបានផលតិចជាងដាំក្នុងផ្ទះសំណាញ់ ដោយសារបន្លែមិនសូវល្អ និងខ្វះបច្ចេកទេសដាំដុះ ។ «លើកមុនខ្ញុំដាំបន្លែលើដីជាមួយដើមស្វាយ ១-២ ហិកតា តែពិបាកដាំបន្លែអត់ល្អ លក់មិនបានប៉ុន្មានទេ»។ នេះជាការអះអាងរបស់អ្នកស្រី គឹមយ៉េង។ ថ្វីដ្បិតការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានផលច្រើន តែការដាំដុះត្រូវប្រើទឹកច្រើនជាងដាំបន្លែធម្មតា។ តែយ៉ាងណា អ្នកស្រីគឹមយ៉េង មានទឹកអណ្ដូងជីកខ្លួនឯង ទើបមិនចំណាយច្រើនលើការប្រើទឹកស្រោចដំណាំ។

កសិកររូបនេះមិនអាចប្រៀបធៀបទិន្នផលរវាងការដាំបន្លែធម្មតា និងការដាំក្នុងផ្ទះសំណាញ់បានទេ ប៉ុន្តែរយៈពេល៤ខែមកនេះ អ្នកស្រី គឹមយ៉េង អាចរកចំណូលបាន៦០-៧០ម៉ឺនរៀលក្នុងមួយខែ ខណៈពេលដាំបន្លែធម្មតាអ្នកស្រីលក់មិនសូវបានចំណូលច្រើនបែបនេះឡើយ ដោយសារតែបន្លែមិនសូវល្អ៕

ព័ត៌មានទាក់ទង