កម្ពុជាទទួលបានចំណូលប្រមាណ ៨៦៣លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤។
យោងតាមទិន្ន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ឧសភា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន១៧០លានដុល្លារ។ គោលដៅដែលបាននាំចេញមាន ៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ។
ចិន និងតំបន់រដ្ឋបាលស្វយ័ត គឺជាទីផ្សារធំទី២ ដែលត្រូវបាននាំចេញក្នុងទំហំ៦៧ ៤៥៧ តោន ឬស្មើ៤២,២៨លានដុល្លារ។ ៧ប្រទេសសមាជិកអាស៊ាន មានចំនួន៥៣ ៧៦៦ តោន ឬស្មើ២៧,៧៤លានដុល្លារ ព្រមទាំង២៤ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាមានចំនួន២១ ៤៦៩ តោន ឬស្មើ១៨.៥៧លានដុល្លារ។ អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់៧៣ភាគរយ។ ក្រៅពីនោះ ក៏មានអង្ករសធម្មតា, អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ
ក្នុងរយៈពេលដដែលនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ២ ៤១៩ ៣១៧ តោន ដែលគិតជាទឹកប្រាក់ ៦៩៣លានដុល្លារ ក្នុងនោះ ៧២ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com