ក្រសួងទេសចរណ៍ រៀបចំ​ការប្រឡង​ថត​វីដេអូ​«​កំណប់​សហគមន៍ ជំរំ​ទេសចរណ៍​» ក្រោម​ប្រធានបទ «​ខ្ញុំ និង​ធម្មជាតិ​»

13/10/2020 11:00 am ភ្នំពេញ

​ក្រសួងទេសចរណ៍ បានចេញ​សេចក្តីប្រកាស ស្តីពី​ការរៀបចំ​ចលនា​ប្រឡងប្រណាំង​ការថត​វីដេអូ​អំពី​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ «​កំណប់​សហគមន៍ ជំរំ​ទេសចរណ៍​» រដូវ​កាល​ទី​៣ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ និង​ធម្មជាតិ​»​។ បើតាម​ក្រសួងទេសចរណ៍ ជ័យលាភី​លេខ ១ ទទួល​ថវិកា ៦​លាន​រៀល​, លេខ​២ ចំនួន ៤​លាន​រៀល និង​លេខ​៣ ចំនួន ២​លាន​រៀល​។



​កម្ម​វី​ធី​ប្រកួតប្រជែង​ថត​វីដេអូ​នេះ រៀបចំឡើង​ដើម្បី​ជំរុញ​ការចូលរួម​របស់​សាធារណៈជន ជាពិសេស​យុវជន​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​កម្ពុជា ទោះបី​កម្ពុជា​ស្ថិតក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ​។ បើតាម​ក្រសួងទេសចរណ៍ ការប្រកួតប្រជែង​នេះ នឹង​បណ្តុះ​គំនិត​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ឆ្លុះ​បញ្ចាំ​ពី​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​សហគមន៍ តាមរយៈ​ការបញ្ចូល​សកម្មភាព​ទេសចរណ៍​។​

​ការប្រកួត​នេះ ត្រូវបាន​បែង​ចែង​ជា ២ ដំណាក់កាល ដោយ​ក្រុម​នីមួយៗ​តម្រូវ​ឲ្យ​មាន​សមាជិក​យ៉ាងច្រើន​៥ ហើយ​បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប និង​បទពិសោធន៍​ការផលិត​វីដេអូ​កន្លងមក​ទៅកាន់​ក្រសួង​។ ជាមួយគ្នានេះ ក្រសួង នឹង​ជ្រើសរើស​ចំនួន ២១​ក្រុម ដើម្បី​យកមក​ប្រកួតប្រជែង​ក្នុង​វគ្គ​ទី​១​។ ចំណែក វគ្គ​ទី​២ គឺមាន​ចំនួន ៩​ក្រុម ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ផែន​ការថត​ដើម្បី​បង្ហាញ​គណៈកម្មការ​ក្នុងការ​វាយតម្លៃ បន្ទាប់​ក្រុម​ទាំង​៩ ដែល​ត្រូវបាន​ជ្រើសរើស​និង​ត្រូវ​ចុះ​ទៅតាម​គោលដៅ​ដែល​បានកំណត់​។​

​វីដេអូ​ដែល​ល្អ​ជាងគេ ចំនួន ៣ នឹងត្រូវ​ជ្រើសរើស​ជា​ម្ចាស់​ជ័យលាភី ដោយ​លេខ ១ ទទួល​ថវិកា ៦​លាន​រៀល​, លេខ​២ ចំនួន ៤​លាន​រៀល និង​លេខ​៣ ចំនួន ២​លាន​រៀល​។ សូមបញ្ជាក់ថា បេក្ខជន​អាច​ចុះឈ្មោះ​ចូល​ប្រកួត​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ និង​តាមរយៈ​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​ក្រុមការងារ​ដើរ​ព្រៃ ហើយ​បេក្ខជន​ត្រូវគោរព​តាម​លក្ខណ​ដែល​ក្រសួង​បានកំណត់​៕

ព័ត៌មានទាក់ទង