លោក សាយ ទី ចង់​ក្លាយជា​អ្នក​រួមចំណែក​ជំរុញ​ទេសចរណ៍​នៅ​ស្រុកកំណើត​ខ្លួន​

17/09/2020 9:00 am ភ្នំពេញ

លោក សាយ ទី គឺជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គ្រប់គ្រង​ទេសចរណ៍​។ មាន​ស្រុកកំណើត​នៅ​ឃុំ​កោះ​ស្តេច ដែល​ជាទី​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​ស្រុក​គិរីសាគរ ខេត្តកោះកុង យុវជន សាយ ទី បានបញ្ជាក់​ប្រាប់ ThmeyThmey25 រូបគេ​ជ្រើសរើស​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ ព្រោះ​គេ​មើលឃើញថា ទេសចរណ៍​ក្នុង​ស្រុកកំណើត​របស់ខ្លួន​នៅ​មិនទាន់​អភិវឌ្ឍន៍​ឲ្យ​អស់​សក្តានុពល​នៅឡើយ ដូច្នេះ​រូបគេ​ចង់​ប្រើប្រាស់​ចំណេះ​ជំនាញ​ដែល​ទទួលបាន​ពី​ការសិក្សា ទៅ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នៅ​ស្រុកកំណើត​របស់ខ្លួន​បន្ថែ​ម​ទៀត​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា បទ​សម្ភាស រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន ThmeyThmey25 និង​លោក សាយ ទី និស្សិត​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ ដូចតទៅ​៖




​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​យុវជន សាយ ទី មាន​ស្រុកកំណើត​នៅ​ឃុំ​កោះ​ស្តេច ទី​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ក្នុង​ខេត្តកោះកុង ជ្រើសរើស​ជំនាញ​គ្រប់គ្រង​ទេសចរណ៍​។ កង្វះ​ធនធានមនុស្ស​ដែល​អាច​ចូលរួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ស្រុកកំណើត​របស់ខ្លួន គឺជា​ហេតុផល​ចម្បង​ដែល នាំ​ឲ្យ យុវជន សាយ ទី រៀន​គ្រប់គ្រង​ទេសចរណ៍​។

​យុវជន​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖«​ខ្ញុំ​ជ្រើសរើស​រៀន​ជំនាញ​ទេសចរណ៍ ព្រោះ​ខ្ញុំ​ចង់​ក្រេប​នូវ​ចំណេះដឹង ក៏ដូចជា​ការគ្រប់គ្រង​ទេសចរណ៍ ដើម្បី​អភិវឌ្ឍន៍​នៅក្នុង​ភូមិ​ឃុំ​របស់ខ្ញុំ​។ ខ្ញុំ​កើត​ក្នុងភូមិ​កោះ​ស្ដេច​ផ្ទាល់ ដូច្នេះ​ខ្ញុំ​ដឹងថា យើង​ត្រូវការ​អភិវឌ្ឍន៍​អ្វីខ្លះ​? កោះ​ស្ដេច​សម្បូរ​ដោយ​ធនធានធម្មជាតិ ដូចជា​ផ្កាថ្ម​ក្រោម​បាតសមុទ្រ ហើយ​មាន​កោះ​ជាច្រើន​នៅ​ជុំវិញ​នោះ ប៉ុន្តែ​កោះ​ស្ដេច ខ្វះ​ធនធានមនុស្ស​ដែលមាន​ការយល់ដឹង ពី​ការគ្រប់គ្រង​ទេសចរណ៍ ទើប​ខ្ញុំ​រៀន​ជំនាញ​នេះ​»​។​

​ដ្បិត​កំពុង​សិក្សា​នៅឡើយ ប៉ុន្តែ​យុវជន​រូប​កំពុងតែ​ចូលរួមចំណែក​បណ្តើរៗ​ក្នុងការ​ជំរុញ​វិស័យ​ទេសចរ​កោះ​ស្តេច ឲ្យ​ទេសចរ​បាន​ស្គាល់ តាមរយៈ​ការផ្សព្វផ្សាយ​ទិដ្ឋភាព​កោះ​ស្តេច ដោយ​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញសារព័ត៌មាន​នានា​។ យុវជន​រូបនេះ ក៏​សង្ឃឹម​ដែរ​ថា រូបគេ​នឹងចូលរួម​ចំណែក​បានកា​ន់​តែ​ច្រើន​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ស្រុកកំណើត​របស់ខ្លួន​៕


ព័ត៌មានទាក់ទង