ដើម​ឈើ៥ដើម ត្រង់​ដូច​សសរ ឈរបង្អួត​សម្រស់​នៅ​កណ្ដាល​ព្រៃ​លើ​ភ្នំ​ត្បែង

13/07/2020 4:30 pm ភ្នំពេញ

ខេត្ត​ព្រះ​វិហារ៖ ដើម​ឈើ​ចំនួន ៥​ដើម ​ដុះ​ត្រង់​ដូច​ជា​សសរ​ បាន​ឈរ​បង្អួត​សម្រស់​យ៉ាង​ស្រស់​ស្អាត​នៅ​កណ្ដាល​ព្រៃ​លើ​ភ្នំ​ត្បែង​ ខេត្ត​ព្រះ​វិហារ។ ដើម​ឈើ​ដែល​មាន​រុក្ខជាតិ​បប៉្រក​ដុះ​នៅ​ពាក់​កណ្ដាល​នៃ​ដើម​នេះ បាន​ទាក់​​ចិត្ត​ឲ្យ​ភ្ញៀវទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឈប់​ថត​រូប​កម្សាន្ត​ និង​កម្សាន្តអារម្មណ៍​សប្បាយ​រីករា​យ​ក្រោយ​ឃើញ​ដើម​ឈើ​ដ៏​ស្រស់​ត្រកាល​នេះ។ ដើម​ឈើ​ដុះ​ត្រង់​ដូចសសរ​នេះ ស្ថិត​នៅលើ​ផ្លូវដែល​ភ្ញៀវទេសចរ​​ឆ្លង​កាត់​ទៅ​តំបន់​តាំង​យូ លើ​ភ្នំ​ត្បែង​​។

សូម​អញ្ជើ​ញ​ទស្សនា​វីដេអូ​ដើម​ឈើ​ ៥ដើម​ នា​ភ្នំ​ត្បែង​ ដូច​តទៅ៖
 

ក្នុងដំណើរ​កម្សាន្ត​​ជា​មួយ​ Cambodia Amazing Trip Planner កាល​ពី​ថ្ងៃទី ១០-១២ កក្កដានេះ នា​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង​ ក្រុម​ការ​ងារ​ ThmeyThmey25 រាជធានី-ខេត្ត​ បាន​ផ្ដិត​ទិដ្ឋភាព និង​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពលនេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ត្បែង​» ពោរពេញ​ទៅដោយ​ធម្មជាតិ​ស្រស់បំព្រង ​មាន​ទឹកជ្រោះ​ដ៌​ត្រជាក់ ដែល​ភ្ញៀវទេសចរ​មិន​គួរ​មើល​រំលង។ លើ​ស​ពី​នេះ ភ្នំត្បែង ក៏​ជា​ទីសក្ការដ៏ស័ក្ដិសិទ្ធ​របស់​​អ្នក​មាន​ជំនឿ​ផងដែរ។

សូម​បញ្ជាក់ថា ភ្នំ​ត្បែង ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ដែល​ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​បង្កើត កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ តាមរយៈ​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​។ ភ្នំ​ត្បែង ​​មាន​ភូមិសាស្រ្ត​​ជាប់​ស្រុក​ចំនួន​បួន គឺ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ​ នៃ​ខេត្ត​ព្រះ​វិហារ​៕


ព័ត៌មានទាក់ទង