ជួរ​ភ្នំក្រវាញ ប្រែក្លាយ​ពី​តំបន់​ដែល​រង​ការបំផ្លាញ​មកជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​

13/07/2020 10:00 am ភ្នំពេញ

​កោះកុង​៖ ក្រោយពី​រង​ការ​បំ​ផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដូចជា​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ​ពី​សកម្មភាព​ប្រជាជន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ តំបន់​ជួរ​ភ្នំក្រវាញ បានប្រែក្លាយ​មកជា​តំបន់​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន​។ តាមរយៈ​ការជំរុញ ក៏ដូចជា​ទប់ស្កាត់​ពី​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ តំបន់​នេះ​មាន​សន្ទុះ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ស្ទើរតែ​ទាំងស្រុង​បាន​ចូលរួម​អភិរក្ស និង​បោះបង់ចោល​ការបំផ្លាញ​ធម្មជាតិ ហើយ​ងាក​មក​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​វិញ​។​



​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​៩ និង​១០ ខែកក្កដា ឆ្នាំ​២០២០ ​​ទៅកាន់​តំបន់​ជួរ​ភ្នំក្រវាញ លោក នេត្រ ភ​ក្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ​បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ឲ្យ​រីកចម្រើន​ឡើងវិញ​តាមរយៈ​ការ​ជំរុញ​ឲ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់​ពួកគាត់​។

​តំបន់​ជួរ​ភ្នំក្រវាញ​មាន​ទំហំ ១,៤​លាន​ហិក​តា ​កន្លងមក ​ប្រជាជន​រស់នៅ​តំបន់ជួរភ្នំក្រវាញ ស្ទើរតែ​ទាំងអស់​ប្រកបរបរបាញ់​សត្វ និង​កាប់​ព្រៃឈើ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់។ ប៉ុន្តែចាប់ពី​ឆ្នាំ​២០០៤ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ សហកា​រ​ជាមួយក្រសួង​បរិ​សា្ថ​ន បានទប់ស្កាត់​សកម្មភាព​ទាំងនោះ ដោយបាន​បង្វែរ​ផ្នត់គំនិត​ពលរដ្ឋ​ឲ្យ​ងាក​មក​ស្រឡាញ់​ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ដែល​​ជាចលករសំខាន់ក្នុងវិស័យ​ទេសចរណ៍។​

សូមបញ្ជាក់ថា រយៈពេល​១៨​ខែ​ចុងក្រោយ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស​ បានធ្វើ​ការ​ល្បាត​​ចំនួន​៦៥៤៥​លើក ក្នុង​ចម្ងាយ ២៤៥០០០​គីឡូម៉ែត្រ​។ មន្ត្រីឧទ្យានុរក្ស បានដោះ​អន្ទាក់​ចំនួន ៣២ ៣២២​​ រឹបអូស​រណា​យន្ដ​បាន ១ ៩៥៤​គ្រឿង​ រឹបអូស​ឈើ​ខុសច្បាប់​បាន​ចំនួន ២ ១៧៨ ម៉ែត្រគូប ឃាត់​មធ្យោបាយ​ដឹកជញ្ជូន​បាន ១០១៩ គ្រឿង និងបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ៨៧នាក់ ព្រមទាំង​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​រដ្ ឋ​បាន​ចំនួន ១៧២​ករណី​​។ ឧបករណ៍ខុសច្បាប់ ​ដែល​រឹប​រូស​មក​ទាំងអស់នោះ​ ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ល្បាត​ស្រែអំបិល និង​ស្នាក់ការ​ល្បាត​ស្ទឹង​ព្រាត នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​៕ 
 

ព័ត៌មានទាក់ទង