ទៅ​លេង​ឧទ្យាន​ជាតិ​វីរៈជ័យ​ ២យប់៣ថ្ងៃ តើ​គួរត្រៀម​អ្វី​ខ្លះ? លោក ភិរម្យ​ ចែក​រំលែកបទពិសោធន៍

06/07/2020 3:00 pm រតនគីរី

ជាចំណែកមួយក្នុងការចូលរួមផ្សព្វផ្សាយ តំបន់ទេសចរណ៍ធម្មជាតិ និងជាអ្នកដែលចូលចិត្តធ្វើដំណើផ្សងព្រេងទៅកាន់តំបន់ធម្មជាតិនានាភាគច្រើនមិនសូវមានអ្នកទេសចរទៅដល់នោះ លោក ជួន ភិរម្យ តែងតែបង្ហាញរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នូវទិដ្ឋភាពដ៏ស្រស់ស្អាតពីរមណីយដ្ឋាន​ទេសចរណ៍ដែលលោកបានទៅដល់ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។


កាលពីពាក់កណ្ដាលខែមិថុនា លោក ជួន ភិរម្យ បានធ្វើដំណើរទៅដល់ឧទ្យានជាតិវីរៈជ័យ ជារមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិចម្រុះនៅភាគឦសានប្រទេសកម្ពុជាដែល​លាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង។ លោកបានចែករំលែកបទពិសោធន៍មួយចំនួនពេលដើរភ្នំ ថាតើត្រូវយកសម្ភារអ្វីខ្លះ? ហើយសម្ភារទាំងនេះចំនួនប៉ុន្មានគីឡូក្រាម? លោកបានប្រាប់ ThmeyThmey25 ថាបើសិនយើងត្រូវដើរភ្នំ ២យប់ ៣ថ្ងៃ ជាទូទៅសម្ភារចាំបាច់ត្រូវមានដូចជា៖

សម្លៀកបំពាក់៖

 ខោអាវដើរភ្នំមួយឈុតសម្រាប់ស្លៀកពេលដើរ, អាវយឺតដៃខ្លី ឬវែងចំនួនមួយ ខោជើងខ្លី ឬជើងវែងចំនួនមួយ,ក្រមា ឬកន្សែង, ស្រោមជើង, អាវភ្លៀង, ស្បែកជើង, ស្បែកជើងដើរភ្នំ, ស្បែកជើងផ្ទាត់មួយគូសម្រាប់ប្រើប្រាស់ពេលងួតទឹក។

 

សម្ភារសម្រាប់គេង៖

តង់មួយ,ករណីអត់មានតង់ ត្រូវយកអង្រឹងជាមួយកៅស៊ូតង់សម្រាប់ធ្វើដំបូង Sleeping bag មួយ, Mattress មួយ, ខ្នើយគេងមួយ។

ឧបករណ៍​បំភ្លឺ៖

ពិលពាក់ក្បាលចំនួនមួយ, ថ្មពិលពីរកូន, អំពូលតូចល្មមចំនួនមួយ។ ម្ហូបអាហារ៖ សាច់ងៀត ត្រីងៀតចំនួន, ត្រីខ២កំប៉ុង, មីពីរកំប៉ុង, នំបុ័ងចំនួន ៥ ទៅ១០បន្ទះ ។

អាហារថាមពល៖

សូកូឡា, ភេសជ្ជៈជាប្រភេទទឹកដែលមានជាតិរ៉ែ, ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។

ប្រដាប់ដាក់សម្ភារ និងសម្ភារផ្សេងៗ៖

កាបូស្ពាយឬសាកាដូសម្រាប់ដើរភ្នំ,Trekking pole ចំនួនមួយឬពីរ, សាប៊ូដុះខ្លូន,សាប៊ូកក់សក់, ច្រាស និងថ្នាំដុះធ្មេញ, Dental floss, ក្រដាសអនាម័យ, ថ្នាំការពារមូស ទៀក និងសត្វល្អិតៗ ប្រភេទ Spray, កែវទឹក, តែនិងកាហ្វេ,First aid kit, កៅអី, ប្រដាប់ចម្រោះទឹក, ដបទឹកចំនួនពីរ (ពេលដើរភ្នំចំនួន ៤ ម៉ោងទៅ ៦ ម៉ោង ត្រូវផឹកយ៉ាងតិចបំផុត ៣L ទៅ ៤L) , Spray ជួយសម្រូលសាច់ដុំ, ចានបាយ និងស្លាបព្រា, ម៉ាស៊ីនថតរូប, ថវិកាសម្រាប់ចំណាយ, ជាសរុបសម្ភារទាំងអស់ទម្ងន់ជាមធ្បមត្រូវស្ពាយ ១០គីឡូក្រាម ទៅ ១២គីឡូក្រាម​។

លោកបន្ថែមថាប្រសិនជាចង់ទៅតំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ យើងត្រូវទាក់ទងមន្ទីរបរិស្ថានខេត្ត រតនគិរី ដើម្បីចុះឈ្មោះ និងបង់ថ្លៃសេវាចូលឧទ្យានជាតិ និងទាក់ទងសហគមន៍ដើម្បីជួលម៉ូតូ។ អ្នកទេសចរអាចទំនាក់ទំនងតាមលេខ ៖ ០៩៧ ៧៣០ ០៩៧៩ រដ្ឋបាលមន្ទីរបរិស្ថានខេត្តរតនគីរី ០៩៧ ៦១២ ០៥៩៧ អនុភូមិផ្យ៉ាង ០៩៧ ៣៣៣ ៤៧ ៧៥ មន្រ្តីឧទ្យានុរក្ស៕

ព័ត៌មានទាក់ទង