​ភ្នំ​ទុង និង​ភ្នំ​គុហារ​ហ្លួង​នៅ​ខេត្តកំពត នឹងត្រូវ​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ជាតិ​

30/06/2020 9:00 am កំពត

ភ្នំពេញ​៖ ក្រសួងបរិស្ថាន គ្រោង​ដាក់​តំបន់​ពីរ​នៅក្នុង​ខេត្តកំពត ដើម្បី​បង្កើតជា​តំបន់​បេតិកភណ្ឌ​ជាតិ គឺ​ភ្នំ​ទុង និង​ភ្នំ​គុហារ​ហ្លួង​។ បន្ទាប់ពី​ខេត្តកំពត ក្រសួង​ក៏បាន​ពិភាក្សា និង​កំណត់​យក​ទីតាំង​ខេត្ត ដែល​ត្រូវ​បន្ត​ចុះ​កំណត់​ស្ថានីយ៍​បុរាណ​ផងដែរ​។​



​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០២០ បាន​ពិនិត្យ និង​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​លើ​សេចក្ដីព្រាង​អនុក្រឹត្យ ដើម្បី​កំណត់​ស្ថានីយ៍ នៅតាម​តំបន់ភ្នំ នៅក្នុង​និង​ក្រៅ​តំបន់ការពារធម្មជាតិ​។​

​កិច្ចប្រជុំ​នោះបាន​ផ្ដោតទៅលើ សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី ការបង្កើត​តំបន់​បេតិកភណ្ឌ​ចំនួន​ពីរ​នៅ​ខេត្តកំពត​គឺ ភ្នំ​ទុង និង​ភ្នំ​គុហារ​ហ្លួង​ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកំពត​។ លើសពីនេះ នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន​ផ្ដោត​សំខាន់ និង​បាន​ពិភាក្សា និង​កំណត់​យក​ទីតាំង​ខេត្ត​ដែល​ត្រូវ​បន្ត​ចុះ​កំណត់​ស្ថានីយ៍​បុរាណ បន្ទាប់ពី​ខេត្តកំពត​។​

​កាលពី​ថ្ងៃទី​២០ ខែមិថុនា គណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រសួងបរិស្ថាន​ដឹកនាំ និង​សម្របសម្រួល​ការសិក្សា​កំណត់​ព្រំប្រទល់ កសាង​ផែនទី និង​រៀបចំ​ចងក្រង​សេចក្ដីព្រៀង​អនុក្រឹត្យ​ស្ដីពី​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ដែល​រួមបញ្ចូល ស្ថានីយ៍​បុរាណ បុរាណ​ស្ថាន និង​ទី​សក្ការៈបូជា​ទាំង​១៧៣ កន្លែង និង​ទីតាំង​ដ៏ទៃទៀត​ដែល​ស្ថិតនៅ​តំបន់ភ្នំ នៅក្នុង​និង​ក្រៅ​តំបន់​ការពារ​ធ​ម្ន​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឈានទៅដល់​ការចុះបញ្ជី​ដី​សាធារណៈ​របស់​រដ្ឋ​៕


ព័ត៌មានទាក់ទង