សៀមរាប៖ ផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងចម្លាក់សត្វអណ្ដើតដែលអាជ្ញាធរជាតិអប្សរា តាមរយៈក្រុមកំណាយស្រាវជ្រាវ បានប្រទះឃើញនៅបាតស្រះខាងកើតប្រាសាទបាយ័ន។ ភ្លាមៗ ចម្លាក់បុរាណនេះ ត្រូវបានយកចេញទៅតម្កល់ទុកនៅសារមន្ទីរ សម្រាប់ការអភិរក្ស និងការងារស្រាវជ្រាវនាពេលអនាគត។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ក្រុមការងារកំណាយស្រាវជ្រាវនៅស្រះ ខាងកើតប្រាសាទបាយ័ន បានប្រទះឃើញចម្លាក់សត្វអណ្តើកមួយដែលគេបញ្ចុះនៅបាតស្រះ។ លោកបន្ថែមថា នេះជារឿងអស្ចារ្យមួយ ស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងរៀបចំស្ដារនិងជួសជុល លើកតម្លៃឡើងវិញនៃស្រះប្រាសាទបាយ័នេះ។ កន្លងមក ស្រះខាងកើតនេះបានគោករីងទឹក ស្ទើរបាត់បង់រូបរាងទាំងស្រុង ដោយសារការទុកចោល និងពុំមានប្រព័ន្ធបញ្ចូលទឹក។ នៅក្នុងឆ្នាំ២០២៣ គម្រោងស្ដារ និងលើកតម្លៃឡើងវិញនៃស្រះនេះបានចាប់ផ្តើម ដោយមានការធ្វើកំណាយស្រាវជ្រាវគ្រឹះ និងបាតស្រះជាដើម។
ស្រះខាងកើតប្រាសាទបាយ័ន កំពុងធ្វើកំណាយជួសជុលឡើងវិញ នាថ្ងៃទី២៥ មេសា ឆ្នាំ២០២៤។
លោក ឡុង កុសល បានបន្ថែមថា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានភាពរស់រវើកដូចសម័យបុរាណឡើងវិញ អាជ្ញាធរជាតិអប្សរា មានផែនការស្ដារស្រះខាងកើតទាំងពីរជ្រុងឡើងវិញ ឱ្យសមនឹងតម្លៃដែលបុព្វបុរសសម័យដើមលោកបានប្រឹងកសាង។ លោក កុសល លើកឡើងដូច្នេះថា៖«
យើងឃើញថា ប្រាសាទបាយ័នមានស្រះខាងកើតពីរ អាជ្ញាធរជាតិអប្សរាក៏មានផែនការលើកតម្លៃឡើងវិញ អ្វីដែលកសាងនៅសតវត្សទី១២ ក្រោមព្រះហស្ដរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងត្រូវបង្ហាញជាថ្មីនៅសតវត្សទី២១នេះ»។
បុរាណវិទូលោក សោម កក្កដា ដែលធ្វើការនៅការដ្ឋានកំណាយស្រះបាយ័នទិសឦសាន បានឱ្យដឹងថា ក្រុមការងាររបស់លោកបានប្រទះឃើញចម្លាក់អណ្ដើតនេះនៅថ្ងៃទី១៩ មេសា ក្នុងជម្រៅដីមិនជ្រៅប៉ុន្មានទេ ប្រហែល១០ស.ម។ លោកបន្តថា៖ «ពេលយើងធ្វើកំណាយ យើងដឹងថាវានៅទីតាំងនោះហើយ តែយើងមិនទាន់សន្និដ្ឋានថាមានអ្វីខ្លះនៅក្នុងនោះទេ»។
អគ្គនាយលអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ (អាវស) ចុះពិនិត្យចម្លាក់សត្វអណ្តើក។ រូបភាព៖ សោម កក្កដា
តាមការរៀបរាប់របស់លោក កក្កដា អណ្ដើកនៅស្រះបាយ័ននេះ មានទម្រង់ខុសគ្នាពីអណ្ដើកដែលគេប្រទះឃើញនៅ កណ្ដាលស្រះស្រង់ កាលពីឆ្នាំ២០២០។ អណ្ដើកនេះមានភ្នែកតូច បែរមុខទៅខាងត្បូង និងងាកក្បាលទៅរកប្រាសាទ។
នៅថ្ងៃទី២២ មេសា អណ្តើកនៅស្រះបាយ័ននេះ ត្រូវបានលើកយកទៅរក្សាទុកសម្រាប់ការអភិរក្ស នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ ការណ៍នេះក្រៅពីដើម្បីសុវត្ថិភាព ក៏មានការគិតគូរពីការជួសជុល ថែរក្សាចម្លាក់អណ្តើកនេះសម្រាប់ការស្រាវជ្រាវទៅថ្ងៃអនាគតផងដែរ។ អណ្តើកនេះមានទំហំបណ្ដោយ ៥៧ស.ម ទទឹង៤៧ស.ម និងកម្រាស់២១ស.ទ។
បាតស្រះដែលគេបញ្ចុះចម្លាក់សត្វអណ្តើក
បុរាណវត្ថុរាប់មិនអស់ បាននិងកំពុងកប់នៅក្រោមដី ដែលយើងមិនបានដឹងទាំងអស់។ ចំណុចនេះ លោក ឡុង កុសល ទទូចសុំឱ្យប្រជាពលរដ្ឋយល់ពីកិច្ចការអភិរក្សនានានៅតំបន់រមណីយដ្ឋានអង្គរ និងចូលរួមសហការជាមួយចាំបាច់។ លោកលើកឡើងដូច្នេះថា៖« អ្វីៗដែលស្ថិតនៅក្រោមដីដែលយើងគិតថាបានបាត់បង់ គឺនៅទីនោះ គ្រាន់តែយើងត្រូវការពេលវេលាក្នុងការសិក្សា ស្រាវជ្រាវ បញ្ជាក់បង្ហាញថា ទីនោះពិតជាមានបន្សល់ទុក ស្នាដៃបុព្វបុរសយើងច្រើនអនេក។ តួយ៉ាងដូចជាទីទួលបុរាណ កន្លែងស្លាកស្នាមជាច្រើនដែលអប្សរាតែងអភិរក្ស ដើម្បីជាគុណប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀត ព្រោះយើងមិនអាចមើលនឹងភ្នែកផ្ទាល់ទេ ទាមទារការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់»៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com