តើចាម្ប៍ និងខ្មែរ ធ្លាប់មានប្រវត្តិសាស្រ្តជាមិត្តភក្តិនឹងគ្នាអ្វីខ្លះពីអតីតកាល?

01/01/2024 9:43 am ភ្នំពេញ

សៀមរាប៖ ក្រៅពីទទួលបានការយកចិត្តទុកដាក់ និងលើកតម្លៃពីព្រះមហាក្សត្រ និងប្រជាជនខ្មែរតាំងសង្គមមុន រហូតដល់បច្ចុប្បន្នក្នុងនោះគេស្គាល់ជនជាតិចាម្ប៍ច្រើនដោយសារចម្លាក់នៅប្រាសាទបាយ័ន ដែលបង្ហាញពីការច្បាំងគ្នារវាងទ័ពចាម្ប៍ និងទ័ពខ្មែរ និងប្រវត្តិសាស្រ្តទាក់ទងផ្សេងៗ។ ក្រៅពីចម្លាក់ដែលបង្ហាញថាជាសត្រូវនឹងគ្នា ក្នុងនោះចាម្ប៍-ខ្មែរ ក៏មានប្រវត្តិសាស្ត្រធ្លាប់ជាមិត្តពឹងពាក់គ្នាច្រើននាសម័យអតីតកាលផងដែរ។




អ៊ីសា រ៉ហានី៖ កន្លងមកគេធ្លាប់បានដឹងច្រើនពីប្រវត្តិនៃចម្បាំងរវាងទ័ពចាម្ប៍ និងខ្មែរ ពិសេសតាមរយៈចម្លាក់នៅប្រាសាទបាយ័នតែម្ដង។ លោក យូ ខេមរៈ តើក្រៅពីជាសត្រូវនឹងគ្នា ខ្មែរ-ចាម្ប៍ ធ្លាប់មានពេលជាមិត្តនឹងគ្នាដែរឬទេ?
 
យូ ខេមរៈ៖ បាទ ចាម្ប៍ជាមួយនិងខ្មែរ មានសត្រូវផង មានមិត្តផង។ កុំថាឡើយជាតិសាសន៍ដទៃផ្សេងពីគ្នា សូម្បីរវាងខ្មែរនិងខ្មែរក៏តែងឈ្លោះគ្នា ជាមិត្តនឹងគ្នា ជាសត្រូវនឹងគ្នា នេះជាធម្មជាតិនៃមនុស្ស។ 
 
ដោយឡែករឿងចាម្ប៍ និងខ្មែរក្នុងប្រវត្តិសាស្រ្ត ហើយជាពិសេសមានភស្ដុតាងចម្លាក់ ដែលបញ្ជាក់ពីតថភាពសង្គមកាលពីសតវត្សទី១២ ឃើញថាចាម្ប៍គឺជាសត្រូវប្រពៃណី ដែលតែងចូលយីយា ឈ្លានពានកម្ពុជា។ ហើយសង្រ្គាមចាម្ប៍នេះមានតាំងពីសតវត្សទី១០ ក្រោមរាជ្យព្រះបាទរាជេន្រ្ទវម៌្មមកម្ល៉េះ។ ហើយតាមការសន្និដ្ឋាន សមិតិកម្មផ្ទាល់ខ្លួនខ្ញុំគឺថា ទំនាស់រវាងចាម្ប៍ និងខ្មែរ មិនខុសពីទំនាស់រវាងប្រទេសជិតខាងនៅលើទ្វីបផ្សេងទៀត គឺកើតចេញពីការប្រកួតប្រជែងអំណាច ហើយអំណាចកាលណោះវាទាក់ទងទៅនឹងសាសនា។ ហើយចាម្ប័ដែលយើងហៅសព្វថ្ងៃហ្នឹង ចង់សំដៅទៅលើអ្នកជំនាន់ក្រោយ នៃអតីតប្រទេសចាម្ប៉ា ដែលមានទីតាំងនៅភាគកណ្ដាលនៃប្រទេសវៀតណាមបច្ចុប្បន្ន នៅតំបន់ដាណាង តំបន់ហេ។ ចាម្ប៍នៅកម្ពុជាបច្ចុប្បន្ន បើទោះជាបានផ្លាស់ប្ដូរសាសនាទៅជាមូស្លីម (សាសនាអ៊ីសា្លម) ក៏ដោយ ប៉ុន្តែភាសាខ្មែរហៅថាចាម្ប៍ដែលក្លាយជាជនជាតិភាគតិច ធ្លាប់ជាប្រជាជនគោរពព្រហ្មញ្ញសាសនា កាលពីសតវត្សទី១រហូតដល់សតវត្សទី១២ ពីព្រោះមានភស្ដុតាង និងចំណារប្រវត្តិសាស្រ្តថាចាម្ប៍ និងខ្មែរ ធ្លាប់ឈ្លោះគ្នាជាញឹកញាប់ ម្ដងខ្មែរឈ្នះ ម្ដងចាម្ប៍ឈ្នះ។ 
 
ជាក់ស្ដែង ចម្បាំងរាំងជល់រវាងចាម្ប៍ និងខ្មែរដែលមានជារុំារៃដែលយើងអាចនិយាយថា ជាប្រពៃណីនោះ បានបញ្ជាក់ថា កាលពីឆ្នាំ១១៧៧ ចាម្ប៍បានចូលមកវាយដល់ក្រុងអង្គរ ដែលកាលណោះមានប្រាសាទអង្គរវត្ត មិនទាន់មានប្រាសាទបាយ័ន និងអង្គរធំទេ។ ក្រោមកិច្ចការពារ និងដឹកនាំដោយមេទ័ពដ៏ខ្លាំងម្នាក់ ជយវធន៌ ព្រះអង្គបានកែនទ័ពព័ទ្ធទីក្រុង រង់ចាំឱកាសរយៈពេល៤ឆ្នាំទើបមានលទ្ធភាពដេញចាម្ប៍ឱ្យត្រឡប់ទៅវិញ និងរំដោះអង្គរបាន។ ជ័យជំនះរបស់ខ្មែរ និងចាម្ប៍ និងបរាជ័យរបស់ទ័ពខ្មែរចំពោះទ័ពចាម្ប៍ ត្រូវបានដូនតាយើងឆ្លាក់នៅផ្ទាំងប្រាសាទបាយ័ន។ ជាក់ស្ដែងចម្បាំង (ផ្លូវគោក) ខ្មែរ-ចាម្ប៍ មានផ្ទាំងប៉ែកខាងកើតឈៀងខាងជើង និងចម្បាំងផ្លូវទឹកខ្មែរ-ចាម្ប៍ បានឆ្លាក់នៅជញ្ជាំងខាងត្បូងប៉ែកខាងកើត។ នេះជាភស្ដុតាង។ ចម្បាំងនេះ អាចនិយាយបានថា ចាម្ប៍គឺជាសត្រូវរបស់ខ្មែរ។
 
ប៉ុន្តែទន្ទឹមនេះ ក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ គឺថាមុននឹងកើតចម្បាំង ដែលចាម្ប៍មកឈ្លានពាន ដុតកម្ទេចទីក្រុង ឬសំណង់ធ្វើអំពីឈើនៅយសោធរនេះ ជយវធន៌ដែលជាព្រះអង្គម្ចាស់ (ក្រោយមកជាព្រះបាទជ័យវរ្ម័នទី៧) ត្រូវបានមន្រ្តីក្រោមរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ស្ដេចស្ថាបនិកអង្គរវត្ត បានដាក់ព្រះរាជបញ្ជាឱ្យព្រះអង្គ ទៅរស់នៅប្រចាំការនៅក្នុងរដ្ឋវិជ័យ ដែលជារដ្ឋមួយនៅក្នុងទឹកដីចាម្ប៍។ សូមជម្រាបថា ជំនាន់នោះចាម្ប៍មិនទាន់បង្រួបបង្រួមជាប្រទេសចម្ប៉ាតែមួយទេ។ ចាម្ប៍កាលណោះ នៅសតវត្សទី១២ មិនទាន់ជាចម្ប៉ាដែលមានឯកភាពជាតិទេ។ នៅផ្ទៃក្នុងរបស់ប្រទេសចម្ប៉ាមានច្បាំងគ្នារវាងចាម្ប៍ និងចាម្ប៍ ពីរដ្ឋវិជ័យ រដ្ឋមណ្ឌលប៉ារាំងជាដើម។ 
 
ដោយសារមានទំនាស់ផ្ទៃក្នុងនៅប្រទេសចម្ប៉ា ទើបអំណាចកណ្ដាលនៅចម្ប៉ាខ្សោយជាងអំណាចខ្មែរ ហើយជយវធន៌នេះ ដែលជាអនាគតព្រះបាទជ័យវរ្ម័នទី៧ បានទៅប្រចាំការប្រៀបដូចជាស្ដេចត្រាញ់ នៅទីក្រុងវិជ័យនោះ តាំងពីជំនាន់ព្រះបាទសូរ្យវរ្ម័នទី២ តាំងពីព្រះអង្គគ្រងរាជ្យនៅអង្គរម្ល៉េះ។ ពេលព្រះអង្គមានព្រះជន្មនៅទីក្រុងវិជ័យនោះ ទំនាក់ទំនងល្អរវាងចាម្ប៍ ដែលមានទីក្រុងវិជ័យ និងកម្ពុជា គឹជាទំនាក់ទំនងល្អ គឺជាមិត្ត គឺជាគ្រួសារ ហើយខ្ញុំសង្ស័យថា ជយវធន៌នោះអាចមានភរិយាជាជនជាតិចាម្ប៍ផង រហូតដល់មានបុត្រមួយអង្គដែលឈ្មោះថា វិទ្យានន្ទ។ វិទ្យានន្ទ គឺជាជនជាតិចាម្ប៍ ដែលក្រោយពីព្រះអង្គឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៅកម្ពុជានៅឆ្នាំ ១១៨១ វិទ្យានន្ទ ត្រូវបានព្រះអង្គយកមកចិញ្ចឹម បីបាច់ លើកតម្កើងជាឧបរាជ។ ហើយឃើញមានចម្លាក់នៅបាយ័ន ដែលតែងឆ្លាក់វិទ្យានន្ទ ជាមេទ័ពសំខាន់ដឹកនាំទ័ពទៅច្បាំង ប្រឆាំងទាំងចាម្ប៍របស់គ្នាគាត់ ប្រឆាំងទាំងខ្មែរដែលបះបោរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ 
 
ចម្លាក់ដែលអាចសន្និដ្ឋានថា ជាវិទ្យានន្ទ មានឆ្លាក់នៅប្រាសាទបាយ័ន ប៉ែកខាងជើង។ ហើយក៏មានវិទ្យានន្ទបើកដំរី ទៅបង្រ្កាបខ្មែរនៅម្ដុំម៉ៃយ៉ង អាចជាទឹកដីបាត់ដំបងសព្វថ្ងៃ ភិមាយ នៅសតវត្សទី១៣ ដែលមានការប៉ះបោរ ហើយព្រះអង្គបានប្រើវិទ្យានន្ទទៅបង្រ្កាប។ វិទ្យានន្ទ មានតួនាទៅសំខាន់ ជាឧបរាជ ជាមេទ័ពដ៏ជិតស្និទ្ធ ដែលអាចជាដៃស្ដាំរបស់ព្រះបាទជ័យវរ្ម័នទី៧។ អ៊ីចឹង ដំណើរប្រវត្តិសាស្រ្តដែលមានចម្លាក់ជាភស្ដុតាងនេះ បញ្ជាក់ថាចាម្ប៍គឺជាមិត្ត និងគ្រួសារតែមួយរបស់ព្រះបាទជ័យវរ្ម័នទី៧៕
 

ព័ត៌មានទាក់ទង