
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ «ភ្លយ» ជាឧបករណ៍ភ្លេងរបស់ជនជាតិដើមភាគតិច «ជង» ស្ថិតនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង។ ឧបករណ៍ភ្លេងនេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវខ្មែរថា ជាឧបករណ៍កម្រ និងស្ទើរតែបាត់វត្តមាន។ ឧបករណ៍ភ្លេង «ភ្លយ» ជាឧបករណ៍ភ្លេងផ្លុំ ដើម្បីបង្កើតជាសំឡេង ហើយវាត្រូវបានគេធ្វើឡើងពី ផ្លែឃ្លោកសាយដៀវ, បំពង់ឫស្សី, បិទដោយជ័រម្រោម លាយក្រមួនឃ្មុំ និង ចងដោយវល្លិផ្ដៅ។
លោក ជិន នឿន ប្រធានផ្នែកសេវាកម្មទទួលភ្ញៀវ នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា ឧបករណ៍«ភ្លយ»នេះ ត្រូវបានអ្នកភូមិយកផ្លុំក្នុងពិធី ឡើងព្រៃដំរី, សែនអ្នកតា និងសែនក្រុងពាលីជាដើម។ បើតាមសម្ដីលោក ជិន នឿន បច្ចុប្បន្ននៅភូមិជំនាប់ ឃុំជំនាប់ ក្នុងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង គឺមានតែពលរដ្ឋ២នាក់ប៉ុណ្ណោះ ដែលចេះធ្វើឧបករណ៍ប្រភេទនេះ។
លោកអះអាងបន្ថែមដូច្នេះ៖ «សព្វថ្ងៃមានតែ២នាក់ទេ ដែលចេះធ្វើ គឺតាមានអាយុខ្ទង់ចន្លោះ៦០ ឬ៧០ គាត់ធ្វើលែងចង់កើតហើយ គឺនៅសល់កូនសិស្សគាត់មួយអាយុខ្ទង់ជា៣០ជាង។ ឯអ្នកចេះលេងឧបករណ៍ប្រភេទនេះមានតែ៣ ឬ៤នាក់ទេ»។ លោកបន្ថែមថា សម្រាប់លោកជាអ្នកបន្តវេន ពិតជាបារម្ភពីការបាត់បង់នៃឧបករណ៍ភ្លេងប្រភេទនេះ ខណៈអ្នកដែលមានជំនាញផលិត និងចេះផ្លុំមានតិចតួច៕
លោក ជិន នឿន ប្រធានផ្នែកសេវាកម្មទទួលភ្ញៀវ នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង កំពុងកាន់ឧបករណ៍ភ្លេង «ភ្លយ» នាវេទិកាជាតិ អេកូទេសចរណ៍ លើកទី៣ រាជធានីភ្នំពេញ។
«ភ្លយ» ឧបករណ៍ភ្លេងផ្លុំ របស់ជនជាតិដើមភាគតិច«ជង»។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

