ជំនន់ទឹកភ្លៀងនៅសៀមរាប មិនប៉ះពាល់ដល់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ 

28/09/2022 3:00 pm សៀមរាប

ដោយ៖ ជឿន ស្រីណយ

អាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។ គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងមិនទាន់បង្កហានិភ័យដល់ប្រាសាទឡើយ។

 

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃធ្វើឱ្យផ្នែកមួយចំនួននៃខេត្តសៀមរាបជន់លិច។ ជាមួយគ្នានេះ ភ្លៀងក៏បានធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរ កើនឡើងហួសកម្រិត ដែលត្រូវការរំដោះចេញមួយចំនួន។ អាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរ ទៅតាមច្រកទ្វារទឹកសំខាន់ៗ ដើម្បីបង្កាការជនលិច។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានThmeyThmey25 ថា គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងមិនបានបង្កផលប៉ះពាល់ដល់គ្រឹះប្រាសាទ ឬផ្នែកណាមួយឡើយ។ ប៉ុន្តែដើមឈើមួយចំនួននៅរមណីយដ្ឋានអង្គរបានបាក់ដោយសារភ្លៀង និងខ្យល់។ 

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារូបនេះបញ្ជាក់ខ្លីដូច្នេះ៖« មិនមានផលប៉ះពាល់អីទេ គ្រាន់តែដីជ្រាយ ហើយដើមឈើខ្លះបាក់។ តែក្រុមការងារបានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរហើយ»។

លើសពីនេះ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្ត ទៅកាន់ស្ទឹងនានាក្នុងខេត្តសៀមរាប។ យ៉ាងណាមិញអ្នកជំនាញមិនបានរំដោះទឹកចេញទាំងស្រុងឡើយ ដោយទឹកមួយចំនួនត្រូវបានរក្សាទុកដើម្បីរក្សាតុល្យភាពនៃការប្រើប្រាស់ទឹកក្នុងរមណីយដ្ឋានអង្គរ៕

 

ព័ត៌មានទាក់ទង