កម្ពុជា ចង់ឱ្យពលរដ្ឋថៃរស់នៅជាប់ព្រំដែន មកលេងសៀមរាបតាមរយៈបណ្ណព្រំដែន
ដោយ៖ ហេង ស្រីលីន
ភ្នំពេញ៖ កម្ពុជា ចង់ឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែនមកលេងខេត្តសៀមរាប គ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន ដោយមិនចាំបាច់មានលិខិតឆ្លងដែន។ ការណ៍នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការទស្សនាដោយផ្ទាល់ពីភ្ញៀវទេសចរនៃពលរដ្ឋថៃ តាមខេត្តជាប់ព្រំដែន។
សំណើនេះ បានធ្វើឡើងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។ បន្ទាប់ពីគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. លើកឡើងថា សំណើនេះ នឹងដាក់ស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាប។ ពលរដ្ឋទាំងនោះ អាចប្រើប្រាស់ត្រឹមបណ្ណព្រំដែន (Border Pass)ដោយមិនចាំបាច់មានលិខិតឆ្លងដែន។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា៖ «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។
បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាពលរដ្ឋដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះសម្រាប់ឆ្លងដែនបាន។
ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា មានដូចជា ខេត្តឧត្បុលរាជធានី ជាប់ជាមួយខេត្តព្រះវិហារ។ ចំណែក ខេត្តស៊ីសាកេត ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ រីឯ ខេត្តសុរិន្ទ្រ ជាប់ជាមួយខេត្តឧត្តរមានជ័យ, ខេត្តបុរីរម្យ ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ខេត្តស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ចំពោះ ខេត្តចន្ទបុរី ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន និងខេត្តត្រាត ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com