ប្រាសាទមេបុណ្យខាងកើត សង់អំពីឥដ្ឋលាយថ្មភក់ និងថ្មបាយក្រៀមក្នុងបារាយណ៍ដ៏ធំ នៅសតវត្សរ៍ទី១០

19/08/2022 2:00 pm សៀមរាប

ដោយ៖ ឡុង តូន 

សៀមរាប៖ ក្នុងចំណោមប្រាសាទបុរាណដែលស្ថិតក្នុងតំបន់អង្គរ ប្រាសាទមេបុណ្យខាងកើត ក៏ជាបុរាណស្ថានមួយដែលផ្ដល់ភាពទាក់ទាញដល់ទេសចរមិនតិចដែរ។ ស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់ធំ និងជាសំណង់ដែលសង់លើផ្ទៃដីប្រមាណមួយហិកតាបួនជ្រុង មេបុណ្យខាងកើត ជាអតីតអារាមហិណ្ឌូសាសនា ដែលព្រះរាជាខ្មែរព្រះនាមរាជេន្ទ្រវម្ម៌ទេវ-ទី២ (រាជេន្ទ្រវរ្ម័ន-ទី២) បានកសាងដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។



យោងតាមឯកសាររបស់អ្នកស្រាវជ្រាវ បានបញ្ជាក់ថា អទិទេពដែលសំខាន់ជាងគេនៃប្រាសាទនេះមានទម្រង់ជាលិង្គព្រះឥសូរ ព្រះនាម “ស្រីរាជេន្ទ្រសូរ” (ឝ្រីរាជេន្ទ្រស្វរ)។ ប្រាសាទនេះ កសាងក្នុងបារាយណ៍យសោធរតដាក(បារាយណ៍ខាងកើត)។ 



គួររម្លឹកផងដែរថា បារាយណ៍យសោធរតដាក ជាស្នាព្រះហស្ថរបស់ព្រះបាទយសោវម្ម៌ទេវនាចុងសតវត្សរ៍ទី៩។ បារាយណ៍នេះ មានបណ្ដោយប្រមាណ ៧គីឡូម៉ែត្រ និងទទឹងជិត ២គីឡូម៉ែត្រ។ បើប្រៀបធៀបរវាងខឿនរបស់ប្រាសាទ ជាមួយជម្រៅទីស្រែនានាក្នុងបរិវេណបារាយណ៍ អ្នកស្រាវជ្រាវមួយចំនួន បានប៉ាន់ស្មានថា ដើមឡើយ ទឹកក្នុងបារាយណ៍នេះមានជម្រៅប្រមាណពី ២ ទៅ ៣,៥ម៉ែត្រ។ ហេតុដូចនេះ នៅសម័យនោះ ដើម្បីមកធ្វើបុណ្យនៅប្រាសាទនេះ គេប្រហែលជាធ្វើដំណើរដោយទូក។

ហេតុអ្វីបានជាមានការកសាងប្រាសាទនៅក្នុងបារាយណ៍? នៅសម័យអង្គរ(សតវត្សរ៍ទី៩-១៥) គោលគំនិតរបស់ហិណ្ឌូសាសនិកខ្មែរតែងឈរលើមូលដ្ឋានទំនាក់ទំនងរវាង «ទឹកនិងភ្នំ» ដែលតំណាងឲ្យមហាសមុទ្រនិងភ្នំកៃលាស។ ការណ៍នេះ មិនត្រឹមតែអាចមើលឃើញជាទូទៅនូវសំណង់ប្រាសាទដែលមានគូទឹកព័ទ្ធជុំវិញប៉ុណ្ណោះឡើយ ប៉ុន្តែក៏មានការកសាងប្រាសាទនៅក្នុងលំហទឹក ជាពិសេសក្នុងបារាយណ៍ តែងប្រព្រឹត្តទៅជាហូរហែរ។ ការសាងសង់បែបនេះដោយចាត់ទុកបារាយណ៍ ដែលមានស្រាប់ ប្រៀបបានជាមហាសមុទ្រ។ មានន័យថា ពុំចាំបាច់ជីកកសិណព័ទ្ធជុំវិញទៀតឡើយ។

ប្រាសាទមេបុណ្យខាងកើត ក៏ជាសំណង់ដែលសង់អំពីឥដ្ឋលាយថ្មភក់ និងថ្មបាយក្រៀម។ ស្ថាបត្យកម្មនៅទីនេះក៏មានភាពប្រទាក់ក្រឡាគ្នាគួរឲ្យកត់សម្គាល់ណាស់ដែរ។ ក្រៅពីតួប៉មសំខាន់ៗទាំង៥ដែលសង់ក្នុងទម្រង់កាត់ខ្វែង ក៏មានអគាររណបដែលមានទម្រង់ទ្រវែងៗសង់ព័ទ្ធស្ទើរជុំវិញ រួមទាំងតួប៉មរណបដែលសង់អំពីថ្មបាយក្រៀមនិងអំពីឥដ្ឋជាច្រើនផ្សេងទៀត។ 

តាមតឹកតាងនៃឯកសារស្រាវជ្រាវមួយចំនួនក៏មានបញ្ជាក់ផងដែរថា សំណង់អំពីឥដ្ឋនៅប្រាសាទមេបុណ្យខាងកើតនេះក៏មានប្រើប្រាស់បាយអដើម្បីបូកពាសលើផ្ទៃជញ្ជាំងដូចសំណង់មួយចំនួននៅទីដទៃ។ 

បើនិយាយពីគុណភាពថ្មដែលប្រើជាសសរ ទ្វារបញ្ឆោត និងស៊ុមទ្វារវិញ អ្នកស្រាវជ្រាវជាច្រើនតែងលាន់មាត់ថា ក្រុមជាងដែលសាងសង់ប្រាសាទនេះ ពិតជាមានជំនាញក្នុងការជ្រើសរើសគុណភាពថ្មយ៉ាងពិតប្រាកដ។ ដ្បិតឆ្លងកាត់ពេលវេលាជាច្រើនសតវត្សរ៍ក្ដី ប៉ុន្តែពណ៌ថ្មដែលប្រើជាគ្រឿងបង្គុំដូចពោលខាងលើ ពុំសូវមានប្រតិកម្មជាមួយអាកាសធាតុ ដែលមើលទៅនៅមានសភាពភ្លឺល្អ ហាក់បីដូចទើបយកចេញពីការដ្ឋានថ្មីៗ។ 

ចម្លាក់នៅប្រាសាទនេះទៀតសោត ដ្បិតមើលទៅរាងធំៗបន្តិច ប៉ុន្តែមានលក្ខណៈជ្រៅ ផុសខ្លាំង និងរស់រវើកមិនចាញ់ចម្លាក់ដែលល្បីល្បាញនៅប្រាសាទបន្ទាយស្រីឡើយ។ បើទេសចរចំណាយច្រើនបន្តិចដើម្បីសង្កេតក្បាច់ចម្លាក់នៅតាមទ្វារបញ្ឆោតក្ដី ឬគ្រប់ផ្ដែរនៃតួប៉មនីមួយៗក្ដី មិនថាតូចឬធំ គឺសុទ្ធសឹងតែមានការឆ្លាក់តុបតែងខុសប្លែកគ្នាទាំងអស់៕ 

 

ព័ត៌មានទាក់ទង