តើអ្នកធ្លាប់ទស្សនា ប្រាសាទតានៃ នៅខាងជើងនៃប្រាសាទតាព្រហ្ម ឬនៅ?

13/09/2022 12:00 pm ភ្នំពេញ

ដោយ៖ ឡុង តន
ទេសចរជាតិដែលបានអញ្ជើញមកទស្សនាប្រាសាទបុរាណក្នុងក្រុមប្រាសាទវង់តូចនៃតំបន់អង្គរ ភាគច្រើនតែងតែរំលងប្រាសាទតានៃ។​ ចំណែកទេសចរអន្តរជាតិ ដោយសារកញ្ចប់សេវាកម្មមានកំណត់ ពួកគេមួយចំនួនធំក៏មិនងាយមានឱកាសបានទស្សនាប្រាសាទនេះដែរ។ កន្លងមកដោយសារពុំសូវមានទេសចរមកទស្សនាកុះករ ប្រាសាទតានៃបានក្លាយជាបុរាណស្ថានមួយយ៉ាងសំខាន់សម្រាប់ទេសចរ ឬអ្នកសិក្សាស្វែងយល់អំពីសំណង់បុរាណដែលត្រូវការភាពស្ងប់ស្ងាត់។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចទៅ៖ 

 

តួប្រាសាទដែលឈរលម្អជាមួយនឹងគំនរថ្មបាក់បែកលាយឡំនឹងឫសឈើធំៗខ្លះ ព្រមទាំងមានដើមឈើដុះអមច្រូងច្រាងនៅបរិវេណខាងក្រៅប្រាសាទផងនោះ បានលើកសម្រស់បុរាណស្ថាននេះឲ្យកាន់តែទាក់ទាញក្រៃលែង។ ដោយសារប្រាសាទតានៃក៏ជាប្រាសាទមួយក្នុងចំណោមសំណង់ដែលកសាងក្នុងរាជរបស់ព្រះបាទជយវម៌្មទេវ-ទី៧ (ព្រះរាជាខ្មែរសោយរាជនៅចន្លោះចុងសតវត្សទី១២និងដើមទី១៣) ជំនាញខាងបុរាណវិទ្យាក៏បានកំណត់ស្នាដៃសិល្បៈ និងស្ថាបត្យកម្មនេះចូលក្នុងរចនាបថបាយ័ន្ត។ កម្រិតបច្ចេកទេសមួយដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺផ្ទៃជញ្ជាំងនៃប្រាសាទនេះក៏មានការប្រើប្រាស់បាយអដើម្បីបៀកពាសពីលើថ្ម។

បើប្រៀបធៀបសំណង់នៅទីដទៃដែលកសាងនៅក្នុងរាជរបស់ព្រះរាជាអង្គនេះ ដូចជា ប្រាសាទព្រះខ័ន តាព្រហ្ម បន្ទាយក្ដីជាដើម ក៏ឃើញថាបច្ចេកទេសក្នុងការប្រើប្រាស់បាយអមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺកម្រាស់ប្រមាណពី១ទៅ៣មីលីម៉ែត្រ ហើយក៏មានការប្រើប្រាស់ពណ៌សម្រាប់លម្អដូចគ្នាដែរ។ ដ្បិតប្រាសាទជាច្រើនក្នុងរាជព្រះបាទជយវម៌្មទេវ-ទី៧ ជាទេវស្ថានឧទ្ទិសដល់ពុទ្ធសាសនាមហាយាន តែបើយោងតាមលក្ខណៈបដិមាសាស្ត្រនៃចម្លាក់មួយចំនួនដែលឆ្លាក់លម្អនៅតាមហោជាងនិងផ្ទៃជញ្ជាំងនៃប្រាសាទនេះ ក៏មានការបង្ហាញអំពីសម្រង់ពុទ្ធប្រវត្តិនិងទសជាតកខ្លះដូចផ្ទាំងគំនូរដែលលម្អនៅតាមវត្តពុទ្ធសាសនាថេរវាទដែរ។ ចម្លាក់ទាំងនេះមានជាអាទិ៍ ការយាងចេញសាងព្រះផ្នួសរបស់ព្រះបាទសិទ្ធត្ថ សីលានិសង្សជាតក និងព្រះវេស្សន្តរជាតកជាដើម។

ដោយសារតំបន់អង្គរជាបេតិកភណ្ឌពិភពលោក ដូចនេះកិច្ចការអភិរក្សជាលក្ខណៈអន្តរជាតិបានប្រព្រឹត្តិទៅយ៉ាងសកម្ម ដែលក្នុងនេះប្រទេសជប៉ុនក៏បានចូលរួម តាមរយៈវិទ្យាស្ថានស្រាវជ្រាវជាតិនៃទីក្រុងតូក្យូដើម្បីសម្បត្តិវប្បធម៌ ជាមួយអាជ្ញាធរដែលគ្រប់គ្រងតំបន់អង្គរ ក្នុងការប្រតិបត្តិគម្រោងមួយដែលមានឈ្មោះថា «គម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រាសាទតានៃ»។

ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយដែលនៅចម្ងាយប្រមាណ៥០០មពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង