អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការស្ដារពើកនៅកសិន្ធុខាងលិចក្រុងអង្គរធំ ក្នុងខែកញ្ញាខាងមុខ

10/06/2021 1:00 pm សៀមរាប

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការស្ដារពើកនៅកសិន្ធុខាងលិច នៃក្រុងអង្គរធំ ក្នុងខែកញ្ញាខាងមុខ ប្រសិនគ្មានបញ្ហារអាក់រអួល។ បច្ចុប្បន្ន គម្រោងនេះ ស្ដារបានជាង ១៥០០០ម៉ែត្រក្រឡា។ ការស្ដារពើកនេះ នឹងជួយលើកសោភ័ណភាពរបស់កសិន្ធុខាងលិច និងរក្សាចំណុះទឹកឱ្យកាន់តែច្រើន។



កាលពីចុងខែមេសាកន្លងទៅ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមស្ដារពើក កំប្លោក ស្លែ ដែលកកក្នុងកសិន្ធុខាងលិចនៃក្រុងអង្គរធំ។ បើតាមហ្វេសប៊ុកផេកអាជ្ញាធរជាតិអប្សរា មុនពេលស្ដារពើកនេះ ស្ថានភាពទឹកក្នុងកសិន្ធុ មានស្មៅដុះច្រើន មើលមិនឃើញផ្ទៃទឹក ដែលធ្វើឱ្យបាត់បង់សោភ័ណភាព។ 

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា រយៈពេលជាង២ខែ ក្នុងការស្ដារពើកនេះ ក្រុមការងារស្ដារបានជាង ១៥០០០ម៉ែត្រក្រឡា  និងបញ្ចប់ការស្ដារទាំងស្រុងក្នុងរយៈពេល៣ខែខាងមុខ។ មន្រ្តីបច្ចេកទេសរូបនេះ បន្តថា ការចំណាយពេលច្រើនលើការស្ដារពើកនេះ ដោយសារពើកទាំងនោះមានសភាពក្រាស់ មានសត្វអាសិរពិស និងសត្វឈ្លើង ដែលជាបញ្ហាប្រឈមសម្រាប់ក្រុមការងារស្ដារពើកចេញពីទឹក។


រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា


ជុំវិញដំណើរការស្ដារពើកនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត តាមទូរសព្ទថា៖ «ទីតាំងដែលត្រូវស្ដារពើកចេញកសិន្ធុខាងលិចនោះមានទំហំធំ  ហើយវាមានលក្ខណៈលំបាកច្រើន ដូច្នេះទើបត្រូវការចំណាយពេលយូរ»។ 

ការស្ដារពើកនេះ ដើម្បីលើកសោភ័ណភាពរបស់កសិន្ធុខាងលិច និងរក្សាចំណុះទឹកឱ្យកាន់តែច្រើន។ ជាមួយគ្នានេះ ការស្ដារពើក ក៏ជួយទប់លំនឹងរបស់កសិន្ធុ ដើម្បីប្រែក្លាយទៅជាកន្លែងស្រស់ស្អាត អាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ 


រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

លោក ឡុង កុសល បញ្ជាក់ថា ការស្ដារពើកទាំងនោះ មិនធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនៅក្នុងទឹកឡើយ ព្រោះក្រុមការងារស្ដារយកតែស្មៅពើកចេញពីទឹក ដើម្បីជួយសម្រួលចរន្តទឹកក្នុងកសិន្ធុប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ ការស្ដារនេះ ក៏ជាផ្នែកមួយជួយលើកកម្ពស់ដល់ជីវៈចម្រុះផងដែរ៕ 


 

ព័ត៌មានទាក់ទង